ព័ត៌មានជាតិ

កងកម្លាំងទាំង៣នៅខេត្តបន្ទាយមានជ័យបញ្ចេញសំឡេងរួមគ្នា”គាំទ្រគម្រោងព្រែកជីកហ្វូណន តេជោ”

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖កងកម្លាំងទាំង៣នៅខេត្តបន្ទាយមានជ័យបញ្ចេញសំឡេងរួមគ្នាគាំទ្រគម្រោងព្រែកជីកហ្វ៊ូណន តេជោ។

នៅចុងបញ្ចប់នៃពិធីបិទវគ្គហ្វឹកហ្វឺន ប្រចាំឆមាសទី១ ឆ្នាំ២០២៤ នៃកងកម្លាំងទាំង៣ប្រភេទគឺកងរាជអាវុធហត្ថខេត្ត កងទ័ពនៃកងពលតូចថ្មើរជើងលេខ៥១ និងកងនគរបាលនៃស្នងការដ្ឋានខេត្ត បន្ទាប់ពីបានបញ្ចប់វគ្គហ្វឹកហ្វឺនដែលមានរយៈពេល៤៥ថ្ងៃ ដែលរៀបចំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២១ខែឧសភាឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគទី៥បានដឹកនាំនាយ នាយរងទាហាន អាវុធហត្ថ នគរបាលនិងសិក្ខាកាមនៃវគ្គដើម្បីបញ្ចេញសកម្មភាពឆន្ទៈ កាយវិការ និងសំឡេង។

ក្នុងនោះលោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានថ្លែងតាមឧឃោសនស័ព្ទ ថា : “យើងខ្ញុំទាំងអស់គ្នា គាំទ្រគម្រោងព្រែកជីកហ្វ៊ូណន តេជោ” ហើយកងកម្លាំងនិងសិក្ខាកាមបានស្រែកបន្ទរដូច្នេះថា “គាំទ្រ គាំទ្រ គាំទ្រ ” ដោយភ្ជាប់នូវការលើកកណ្តាប់ដៃស្តាំស្រុះៗគ្នាចំនួន៣ដង កងរំពង ។

សូមបញ្ជាក់ថា : គម្រោងព្រែកសម្រាប់នាវាដឹកជញ្ជូនទំនិញប្រវែង១៨០គម នេះ ដែលចេញពីទន្លេមេគង្គនិងទន្លេបាសាក់ភូមិសាស្ត្រខេត្តកណ្តាល កាត់ខេត្តតាកែវ កំពតទៅសមុទ្រនាខេត្តកែបនេះ ជាគំនិតផ្តួចផ្តើម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបន្តស្នាដៃនិងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចបាននាពេលអនាគត.”៕