ប្រែសម្រួល៖រតនា
កាលពីថ្ងៃចន្ទរដ្ឋបាលលោក Biden ត្រូវបានសាធរណជនរិះគន់យ៉ាងខ្លាំងនៅក្នុងការសម្តែងនូវក្តីអាណិតអាសូរដល់ប្រជាជនអ៊ីរ៉ង់ ចំពោះការស្លាប់ប្រធានាធិបតី និងរដ្ឋមន្ត្រីការបរទេសដោយសារគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រកាលពីចុងសប្តាហ៍។
ក្រសួងការបរទេសអាមេរិកបានបង្ហោះសេចក្តីថ្លែងការណ៍មួយតាមអ៊ីមែលកាលពីថ្ងៃចន្ទថា “សហរដ្ឋអាមេរិកសម្តែងការសោកស្តាយនិងអាណិតអាសូរចំពោះការស្លាប់ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi រដ្ឋមន្ត្រីការបរទេស Amir-Abdollahian និងសមាជិកដទៃទៀតនៃគណៈប្រតិភូរបស់ពួកគេក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅភាគពាយព្យនៃប្រទេសអ៊ីរ៉ង់” ។
សារនោះបានបន្ថែមថា “នៅពេលដែលអ៊ីរ៉ង់ជ្រើសរើសប្រធានាធិបតីថ្មី យើងសូមបញ្ជាក់ឡើងវិញពីគោលជំហរគាំទ្ររបស់យើងចំពោះប្រជាជនអ៊ីរ៉ង់ និងការតស៊ូរបស់ពួកគេដើម្បីសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន” ។
សារគាំទ្រនេះមានមនុស្សជាច្រើនច្រានចោលដែលអ្នកទាំងនោះកំពុងតាមដានការប្រែប្រួលនូវទំនាក់ទំនងអាមេរិក-អ៊ីរ៉ង់ រួមទាំងអ្នកធ្វើអត្ថាធិប្បាយ Katie Pavlich ដែលបាននិយាយថាសេចក្តីថ្លែងការណ៍នេះ “គ្មានន័យ” ។
អតីតទីប្រឹក្សាសន្តិសុខជាតិ លោក Richard Goldberg ដែលបច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់នៅមូលនិធិការពារលទ្ធិប្រជាធិបតេយ្យ បានប្រាប់អ្នកយកព័ត៌មាន The Post មុនពេលចេញសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថា “មិនគួរមានពាក្យសោកស្តាយនិងអាណិតអាសូរពីសមាជិកណាមួយនៃរដ្ឋបាល Biden សម្រាប់ការស្លាប់របស់ប្រធានាធិបតីអ៊ីរ៉ង់ Raisi” ឃាតកសម្លាប់មនុស្ស។
“ប្រសិនបើជាឃាតកសម្លាប់មនុស្សនៅសហរដ្ឋអាមេរិកបានស្លាប់ គ្មាននរណាម្នាក់អាណិតអាសូរឡើយពួកគេអាណិតជនរងគ្រោះនោះគឺជាអ្វីដែលយើងគួរធ្វើឥឡូវនេះ“។
ស្របពេលដែលសាររបស់ក្រសួងការបរទេសបានចេញ ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Robert Wood បានឈរក្នុងសភាពស្ងៀមស្ងាត់មួយភ្លែតសម្រាប់ការស្លាប់របស់លោក Raisi នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
អ្នកធ្វើអត្ថាធិប្បាយអ៊ីស្រាអែលមានការខឹងសម្បារចំពោះសកម្មភាពរបស់ Wood ដោយអ្នកវិភាគ Eitan Fischberger ដោយហៅវាថា “ធ្វើឲ្យអាម៉ាស់ខ្លាំង” និងអ្នកឆ្លើយឆ្លងព័ត៌មាន Ynet លោក Emily Schrader បានចោទថា “អង្គការសហប្រជាជាតិកំពុងអបអរសាទរ Goebbels សម័យទំនើប” ។
ប្រហែលប្រាំមួយម៉ោងមុននេះ អង្គការណាតូបានប្រឈមនឹងប្រតិកម្មយ៉ាងខ្លាំងក្លានៅលើប្រព័ន្ធអ៊ីនធឺណិត បន្ទាប់ពីបានបង្ហោះសារអាណិតអាសូរស្រដៀងៗគ្នានេះ។
អ្នកនាំពាក្យអង្គការណាតូ លោក Farah Dakhlallah បានបង្ហោះសារលើទំព័រ X ថា “ចូលរួមរំលែកទុក្ខរបស់យើងចំពោះប្រជាជនអ៊ីរ៉ង់ចំពោះការស្លាប់របស់ប្រធានាធិបតី Raisi រដ្ឋមន្ត្រីការបរទេស Amir-Abdollahian និងអ្នកផ្សេងទៀតដែលបានបាត់បង់ជីវិតក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ” ។
ការសម្តែងនូវសេចក្តីអាណិតអាសូរនិងការចូលរួមរំលែកទុក្ខទាំងនេះទទួលបានការឆ្លើយតបជាអវិជ្ជមានជាភាសាអង់គ្លេស និងអារ៉ាប់ជាង ៣.៥០០ ពីអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានទាមទារឲ្យបណ្តេញអ្នកនាំពាក្យអង្គការណាតូ លោក Farah Dakhallah ។
អតីតអ្នកយកព័ត៌មាន CNN Pentagon យូរឆ្នាំ Barbara Starr បានឆ្លើយតបទៅនឹងសារសម្តែងនូវសេចក្តីអាណិតអាសូរនិងការចូលរួមរំលែកទុក្ខរបស់លោកអគ្គលេខាធិការអង្គការណាតូដោយចំអកថា “សូមចូលរួមរំលែកទុក្ខផ្លូវការពី @NATO ចំពោះការស្លាប់របស់ Raisi ជាពិសេស ពិតជាសម្ព័ន្ធភាពពេញលេញសម្រាប់លោកអគ្គលេខាធិការអង្គការណាតូ @JensStoltenburg ។
ដោយឡែកលើសពីនេះទៀតនោះគឺថាសូម្បីតែព្រឹទ្ធសភាអាមេរិក Barry Black នៅពេលបើកសម័យប្រជុំកាលពីថ្ងៃចន្ទ ក៏បានសម្តែងនូវការអង្វរកពីព្រះ “សម្រាប់ប្រជាជនអ៊ីរ៉ង់ដែលកាន់ទុក្ខចំពោះការស្លាប់របស់ប្រធានាធិបតីរបស់ពួកគេ”។
មួយសន្ទុះក្រោយមក មេដឹកនាំសំឡេងភាគតិចព្រឹទ្ធសភា លោក Mitch McConnell (R-Ky.) ក៏បានធ្វើការរិះគន់ចំៗតែម្តង។
គាត់បានលើកឡើងថា “ខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ប្រជាជនអ៊ីរ៉ង់ចំពោះការរងទុក្ខដ៏យូររបស់ពួកគេក្រោមការគ្រប់គ្រងដ៏ឃោរឃៅនៃរបបសាធារណរដ្ឋអ៊ីស្លាមហើយខ្ញុំសង្ស័យថា ជនជាតិអ៊ីរ៉ង់ជាច្រើននាក់ចង់ឲ្យលោកខាងលិចឈប់ជេរបុរសផ្តាច់ការដែលគេស្គាល់ថាជា “អ្នកកាប់សាច់មនុស្សរបស់ទីក្រុងតេអេរ៉ង់” គាត់សំដៅទៅលើការប្រហារជីវិតអ្នកទោសនយោបាយ។
ដូចដែល McConnell បានលើកឡើងគឺ ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisiជាអ្នកត្រួតពិនិត្យការប្រហារជីវិតអ្នកទោសនយោបាយក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ក៏ដូចជាការបង្រ្កាបក្រុមបាតុករដ៏សាហាវនៅក្នុងឆ្នាំ ២០២២ដែលជាជនជាតិអ៊ីរ៉ង់វ័យក្មេងបានធ្វើការតវ៉ាប្រឆាំងនឹងការរំលោភលើសិទ្ធិស្ត្រីនៅក្នុងសាធារណរដ្ឋអ៊ីស្លាមមួយនេះ។
ក្នុងប៉ុន្មានម៉ោងបន្ទាប់ពីការស្លាប់របស់ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi Raisi ត្រូវបានបញ្ជាក់ សារឆ្លើយឆ្លងលើប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានផ្ទុះរាលដាលឡើងជាមួយនឹងវីដេអូរបស់ប្រជាជនអ៊ីរ៉ង់ និងសមាជិកនៃជនភៀសខ្លួនរបស់ប្រទេសនេះចេញមកអបអរសាទរ និងសម្តែងនូវការសប្បាយចិត្តចំពោះការស្លាប់របស់ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi “អ្នកកាប់សាច់មនុស្ស។
មូលហេតុនៃឧបទ្ទវហេតុធ្លាក់យន្តហោះនេះនៅមិនទាន់ត្រូវបានកំណត់ឲ្យបានច្បាស់លាស់នៅឡើយទេ បើទោះបីជារដ្ឋាភិបាលអ៊ីរ៉ង់បានបដិសេធអំពីការជាប់ពាក់ព័ន្ធដែលគេសង្ស័យថាជាការរៀបចំបង្កើតឲ្យមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះនេះ។ ចំណែកការស៊ើបអង្កេតក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះនេះក៏មិនមានប្រភពណាមួយចេញមកបញ្ជាក់ឲ្យបានច្បាស់លាស់អំពីកំហុសមេកានិកនោះទេ។
អ៊ីរ៉ង់គឺជាតួអង្គដ៏សំខាន់ពាក់ព័ន្ធនឹងសង្គ្រាមដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលជាក្រុមភេរវករប្រូកស៊ីអ៊ីរ៉ង់ដែលបានសម្លាប់មនុស្សជាង ១,២០០ នាក់ រួមទាំងជនជាតិអាមេរិក ៣៣ នាក់នៅក្នុងការវាយប្រហារដ៏ឃោរឃៅមួយកាលពីថ្ងៃទី ៧ ខែតុលា៕