បទវិភាគ

វិភាគ៖ការស្លាប់របស់ប្រធានាធិបតីអ៊ីរ៉ង់ Raisi មិនមានផលប៉ះពាល់អ្វីច្រើនទេ ប៉ុន្តែវិបត្តិបន្តបន្ទាប់អាចនឹងកើតឡើង

ប្រែសម្រួល៖ស-សម្បត្តិ
អ្នកជំនាញបាននិយាយថា ការស្លាប់របស់ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃអាទិត្យ ១៩ ឧសភា ទំនងជាមិនជះឥទ្ធិពលខ្លាំងដល់ស្ថិរភាពនយោបាយរបស់ប្រទេសនេះនោះទេ ក៏ប៉ុន្តែអាចនឹងបង្កឲ្យធ្លាក់ទៅក្នុងវិបត្តិនយោបាយជាបន្តបន្ទាប់។

យោងតាមការវិភាគរបស់ លោក Nader Hashemi សាស្រ្តាចារ្យរងនៃសាកលវិទ្យាល័យ Georgetown នៃមជ្ឈិមបូព៌ា និងនយោបាយអ៊ីស្លាដែលបានលើកឡើងថា “ លោក Ayatollah Ali Khamenei មេដឹកនាំសាសនាដ៏កំពូល ដែលគេសន្មត់ថា Ayatollah Ali Khamenei គឺជាឥស្សរជននយោបាយដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់គឺមិនមែនប្រធានាធិបតីនោះទេ” ។

លោក Hashemi បានប្រាប់ CNA របស់ Asia First កាលពីថ្ងៃអង្គារថា “ ប្រធានាធិបតីRaisi ត្រូវបានគេចាត់ទុកថាជាអាយ៉ងរបស់មេដឹកនាំកំពូល Ayatollah Ali Khamenei ហើយការបោះឆ្នោតរបស់គាត់នៅឆ្នាំ ២០២១ គឺជាការរៀបចំដោយរបបនេះ” ។

លោក Hashemi បាននិយាយថា ” Ayatollah Ali Khamenei ទើបជាមេដឹកនាំកំពូលដែលជាអ្នកកំណត់នូវគោលនយោបាយក្នុងស្រុក និងគោលនយោបាយការបរទេសរបស់អ៊ីរ៉ង់។ដូច្នេះការស្លាប់របស់ប្រធានាធិបអ៊ីរ៉ង់Ebrahim Raisi មិនមានឥទ្ធិពលលើការដឹកនាំប្រទេសនិងមិនមានការផ្លាស់ផ្តូរគោលនយោបាយអ្វីដែលរបបនេះកំពុងតែអនុវត្តនោះទេ ” ។

លោកបានបន្ថែមថា ទោះបីជាកាលពីអតីតកាល អ៊ីរ៉ង់មានប្រធានាធិបតីឯករាជ្យ និងមានចិត្តសប្បុរស ដែលអាចអះអាងឆន្ទៈរបស់ពួកគេនៅក្នុងដែនកំណត់នៃរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ក៏ដោយ ក៏អំណាចរបស់ប្រធានាធិបតីមានការថយចុះគួរឲ្យកត់សម្គាល់។

សាស្ត្រាចារ្យរង Maziyar Ghiabi នាយកមជ្ឈមណ្ឌលសិក្សា Persian និង Iranian នៅសាកលវិទ្យាល័យ Exeter បាននិយាយស្រដៀងគ្នាថាប្រធានាធិបតី Raisi គឺជា “សំបកឈើ” ។
លោក Ghiabi បន្ថែមថា ខណៈពេលដែលមានការស្លាប់របស់គាត់កើតឡើងគឺនៅចំពេលដែលមានភាពតានតឹងដ៏មិនគួរឲ្យជឿនៅទូទាំងតំបន់ និងពិភពលោក ការស្លាប់របស់គាត់អាចនឹងមានទម្ងន់តិចតួចណាស់។

គាត់បានប្រាប់អ្នកយកព័ត៌មាន CNA របស់ World Tonight កាលពីថ្ងៃអង្គារថា “អ៊ីរ៉ង់មានប្រព័ន្ធគ្រប់គ្រងវិបត្តិរួមសម្រាប់គ្រប់គ្រងផ្ទៃក្នុងដ៏តឹងរឹងបំផុតមួយ” ។

លោកបានបន្ថែមថា តែវាអាចនឹងមានបញ្ហាប្រឈមនៅក្នុងចំណោមបក្សនយោបាយ ដើម្បីស្វែងរកដំណោះស្រាយសម្រាប់អ្នកស្នងតំណែង។

លោក Ghiabi បាននិយាយថា “វាពិតជាឈឺក្បាលបន្តិច ពីព្រោះពេលនេះ អ៊ីរ៉ង់ត្រូវមានការបោះឆ្នោត ដើម្បីជ្រើសរើសប្រធានាធិបតីបន្ទាប់ ហើយមានការខ្វះខាតបេក្ខជននយោបាយ ឬបេក្ខជននយោបាយដែលអាចសម្រេចកិច្ចការបាន”។

អ៊ីរ៉ង់ត្រូវបានគេរំពឹងថានឹងមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបន្ទាប់របស់ខ្លួននៅថ្ងៃទី ២៨ ខែមិថុនា។

• អ្នកណានឹងក្លាយជាប្រធានាធិបតីបន្ទាប់?

លោក Hashemi បានធ្វើការគូសបញ្ជាក់ថា ប្រសិនបើឥស្សរជនដែលកំពុងតែកាន់អំណាចនឹងមិនឆ្លៀតឱកាសក្នុងការបោះឆ្នោតកេងយកចំណេញលើបេក្ខជនដែលមានគំនិតឯករាជ្យដែលនិងក្លាយជាប្រធានាធិបតីនោះគឺជាការប្រសើរ។

ម្យ៉ាងវិញទៀតសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ស្ថិតក្នុងភាពរង្គោះរង្គើក្នុងស្រុកយ៉ាងខ្លាំងផ្នែកនយោបាយដែលអាចនឹងបង្កឲ្យមានវិបត្តិជាបន្តបន្ទាប់។ ក៏ប៉ុន្តែ Ayatollah Ali Khamenei ឥស្សរជននយោបាយដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់ដែលកំពុងកាន់អំណាចមិនចង់ទៅណាឆ្ងាយពីអំណាចហើយគាត់មិនអនុញ្ញាតឲ្យទូកដែលគាត់កំពុងតែជិះលិចនោះទេ។

លោកបានបន្ថែមថា “ខ្ញុំសង្ស័យថានឹងមានអ្វីកើតឡើង គឺពួកគេនឹងព្យាយាមស្វែងរកអ្នកស្មោះត្រង់មួយផ្សេងទៀត ដែលស្រដៀងទៅនឹង Ebrahim Raisi ដែលជាអ្នកហ៊ានលះបង់សម្រាប់មេដឹកនាំកំពូល Ayatollah Ali Khamenei រួចត្រូវបង្កើតយន្តការបោះឆ្នោតបែបប្រជាធិបតេយ្យ” ។

លោក Hashemi បានកត់សម្គាល់ថា ការបោះឆ្នោតនឹងមិនប្រកបដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌នោះទេ ប្រាកដជាមានការក្លែងបន្លំសន្លឹកឆ្នោតដើម្បីលើកបន្តុបមនុស្សអាយ៉ងរបស់ Ayatollah Ali Khamenei ។

លោកអះអាងថា ប្រធានាធិបតីបន្ទាប់ទំនងជានឹងបន្តតំណែងពីអតីតប្រធានាធិបតីRais នៅពេលដែលប្រទេសនេះព្យាយាមស្វែងរកអនាគតនៃវិបត្តិស្នងតំណែងមិនច្បាស់លាស់មួយ ដោយសារតែបញ្ហាធំសម្រាប់អនាគតរបស់អ៊ីរ៉ង់គឺថាតើមេដឹកនាំកំពូលបន្ទាប់នឹងជានរណា។

ប្រធានាធិបតីRaisi ស្ថិតក្នុងចំណោមបេក្ខជនដ៏មានសក្ដានុពលដើម្បីឡើងកាន់តំណែងលោក Khamenei ដែលមានអាយុ ៨៥ ឆ្នាំ ហើយមានជំងឺជាប់ខ្លួន។

លោក Ghiabi បានកត់សម្គាល់ថាសភាអ៊ីរ៉ង់នឹងជ្រើសរើសមេដឹកនាំកំពូលបន្ទាប់នៅពេលដែលពេលវេលាដ៏សមស្របមួយមកដល់។ “អ៊ីរ៉ង់សម្លឹងរកមើលការចរចា ហើយយន្តការចរចានេះសម្រាប់ជាការដោះស្រាយវិបត្តជាច្រើនដែបង្កការលំបាកតែគេមិនអាចដឹងបានពីផ្ទៃក្នុងចំពោះលទ្ធផលទាំងនេះសម្រាប់ឲ្យមានការផ្លាស់ប្តូរមួយដែលកើតចេញពីការចរចា”។

• ហេតុអ្វីបានជាអ្នកខ្លះនៅលើពិភពលោកប្រារព្ធពិធីអបអរសាទរសប្បាយនឹងការស្លាប់របស់គាត់?

នៅក្នុងរបាយការណ៍បានឲ្យដឹងថាមានអ្នកខ្លះនៅលើពិភពលោកកំពុងសប្បាយនឹងមរណភាពរបស់ Raisi ។ លោក Hashemi បាននិយាយថាប្រធានាធិបតីRaisi គឺជាឥស្សរជនដ៏ល្បីម្នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ដែលមានដៃប្រឡាក់ឈាមប្រជាជនអ៊ីរ៉ង់ស្លូតត្រង់។

ប្រធានាធិបតីRaisi បានធ្វើជាមេដឹកនាំក្នុងការបង្រ្កាបស្ត្រីកាលពីឆ្នាំ ២០២២។ គាត់ក៏បានគ្រប់គ្រងប្រព័ន្ធតុលាការរបស់ប្រទេសក្នុងឆ្នាំ ២០១៩ នៅពេលដែលមានការបះបោរមួយផ្សេងទៀតហើយគាត់បានសម្លាប់មនុស្សយ៉ាងហោចណាស់អស់ជាង ៥០០ នាក់។

លោក Hasheimi បានកត់សម្គាល់ថា លោក Raisi គឺជាចៅក្រមព្យួរកដ៏ល្បីមួយរូប ក្នុងចំណោមចៅក្រមព្យួរកដ៏ល្បីក្នុងឆ្នាំ ១៩៨៨ ដែលបានបញ្ជូនអ្នកទោសនយោបាយប្រហែល ៥០០០ នាក់ ទៅកាន់ទីពិឃាត។លោក Hasheimi បានបន្ថែមថា “ប្រធានាធិបតីRaisiគឺជាមនុស្សខ្មៅងងឹតក្នុងការរំលោភសិទ្ធិមនុស្ស”។

លោក Hashemi បានបន្តថា “ភាគច្រើនគេរំពឹងទុកថាមេកងកម្លាំងខ្មៅងងឹតលោកRaisi អាចជាបេក្ខជនជំនួសតំណែងដ៏មានឥទ្ធិពលបំផុតរបស់ Ayatollah Ali Khamenei នៅពេលខាងមុខហេតុនេះហើយមានមជ្ឈដ្ឋានខ្លះសង្ស័យថាគ្រោះថ្នាក់ធ្លាក់យន្តហោះបណ្តាលឲ្យគាត់ស្លាប់អាចមានពាក់ព័ន្ធនៅក្នុងរឿងនេះផងដែរ។

“មានឥស្សរជនដែលកំពុងកាន់អំណាចក្នុងរបបអ៊ីរ៉ង់បច្ចប្បន្នដែលពួកគេមួយចំនួនប្រហែលជាមិនចង់ឲ្យប្រធានាធិបតីRaisiប្រជែងយកតំណែង Ayatollah Ali Khamenei នេះទេ”។ ទោះជាយ៉ាងណាក៏ដោយ គាត់ទទួលស្គាល់ថាមិនមានវិធីណាមួយដើម្បីរកឲ្យឃើញអំពីមូលហេតុច្បាស់លាស់សម្រាប់ឧបទ្ទវហេតុធ្លាក់យន្តហោះនេះទេគឺត្រូវបានបិទជិតឈឹងតែម្តងលុះត្រាតែមានការស៊ើបអង្កេតប្រកបដោយឯករាជ្យមួយ ដែលមិនមែនជាលទ្ធផលទទួលបានពីប្រព័ន្ធគ្រប់គ្រងនយោបាយផ្តាច់ការរបស់របបបច្ចប្បន្ននេះ៕
ប្រភព៖ CNA/ja(lt)