អន្តរជាតិ

លោក Julian Assange ស្ថាបនិក WikiLeaksត្រូវបានតុលាការអង់គ្លេសសម្រេចឲ្យប្ដឹងឧទ្ធរណ៍លើការធ្វើបត្យាប័នទៅកាន់អាមេរិក

ប្រែសម្រួល៖ ស្រីស្រស់

ឡុងដ៍៖ លោក Julian Assange ដែលជាស្ថាបនិក WikiLeaks ត្រូវបានតុលាកាអង់គ្លេសសម្រេចឲ្យប្តឹងឧទ្ធរណ៍ពេញលេញជុំវិញការធ្វើបត្យាប័នរបស់គាត់ទៅកាន់អាមេរិក បន្ទាប់ពីបានជជែកតវ៉ានៅក្នុងតុលាការជាន់ខ្ពស់នៃទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទថា ប្រសិនបើគាត់ត្រូវបានធ្វើបត្យាប័នទៅកាន់អាមេរិកគាត់ប្រហែលជាមិនអាចប្រើប្រាស់សិទ្ធិផ្ទាល់ខ្លួនក្នុងការបំភ្លឺអង្គហេតុដោយសេរីរបស់គាត់បាននៅក្នុងសវនាការជំរះក្តីក្រោមអំណាចតុលាការនៅទីនោះ។

ដោយសំអាងលើហេតុផលនេះចៅក្រមពីររូបរបស់តុលាការកំពូលនៃទីក្រុងឡុងបានសម្រេចថា ពួកគេទុកពេលឲ្យគាត់ប្តឹងឧទ្ធរណ៍ឲ្យបានពេញលេញដើម្បីស្តាប់អំណះអំណាងរបស់គាត់ថាគាត់អាចត្រូវបានរើសអើងដោយផ្អែកលើមូលដ្ឋាននៃសញ្ជាតិដើម (Assange) ជាជនជាតិអូស្ត្រាលីដែលត្រូវបានចាត់ទុកថាជាជនបរទេសមិនមែនអាមេរិកនោះទេ។

គេសង្កេតឃើញមានបាតុករគាំទ្រលោក Julian Assange រាប់រយនាក់បានចេញមកប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការនៅមុនពេលដែលសេចក្តីសម្រេចដ៏សំខាន់នេះកើតឡើងបន្ទាប់ពីមានការតស៊ូតាមផ្លូវច្បាប់អស់រយៈពេល ១៣ ឆ្នាំដែលពួកគេបានស្នើសុំឲ្យចៅក្រមទាំងពីរនាក់សួរពួកគេថាតើពេញចិត្តនឹងការធ្វើបត្យាប័នទៅកាន់អាមេរិកដោយមានការធានារបស់សហរដ្ឋអាមេរិកដែលថាលោក Assange អាយុ ៥២ ឆ្នាំអាចពឹងផ្អែកលើច្បាប់វិសោធនកម្មទីមួយបានដែរឬទេ។

ដំណឹង​នេះ​ត្រូវ​បាន​ផ្តល់ដោយចៅក្រមក្នុងជំនួបជាមួយនិងបាតុករនៅ​ខាង​ក្រៅ​តុលាការ​ធ្វើឲ្យ​ផ្ទុះ​ការ​អបអរ​សារទរជាមួយនឹងការ​ច្រៀងរាំ។ ក៏ប៉ុន្តែផ្ទុយទៅវិញនោះក្រុមមេធាវីរបស់លោក Julian Assange បានលើកថា ប្រសិនបើគាត់ត្រូវបានធ្វើបត្យាប័នទៅកាន់អាមេរិកនោះគាត់អាចមានសេរីភាពត្រឹមតែនៅលើយន្តហោះឆ្លងកាត់មហាសមុទ្រអាត្លង់ទិកក្នុងរយៈពេល ២៤ ម៉ោងតែប៉ុណ្ណោះ។

លោក Edward Fitzgerald ដែលជាមេធាវីរបស់គាត់បានប្រាប់ចៅក្រមថា ពួកគេមិនគួរទទួលយកការធានាដែលផ្តល់ដោយរដ្ឋអាជ្ញាសហរដ្ឋអាមេរិកថាលោក Julian Assange ដើមកំណើតអូស្ត្រាលីអាចស្វែងរកការពឹងផ្អែកលើសិទ្ធិ និងការការពារដែលត្រូវបានផ្តល់ឲ្យក្រោមវិសោធនកម្មលើកទីមួយ ដោយសារតុលាការអាមេរិកនឹងមិនជាប់ពាក់ព័ន្ធជាមួយរឿងធ្វើបត្យាប័ននេះទេ។

លោក​បាន​លើកឡើងនៅចំពោះមុខ​ចៅក្រម​ថា​៖ “​យើង​ចាត់ទុក​ថា​​ជា​ការ​ធានាដែល​ខ្វះការទទទួលខុសត្រូវដ៏ពេញលេញមួយ”។

មេធាវីFitzgerald បានលើកយកការធានាដាច់ដោយឡែកមួយថាលោក Julian Assange នឹងមិនប្រឈមនឹងការកាត់ទោសប្រហារជីវិតដោយសំអាងហេតុផលថាសហរដ្ឋអាមេរិកបានផ្តល់នូវ “ការសន្យាដែលមិនមានការទទទួលខុសត្រូវលើការធានាដែលមិនច្បាស់លាស់ថាខ្លួននឹងមិនចោទប្រកាន់ពីបទឧក្រិដ្ឋណាមួយនោះ” ។

សហរដ្ឋ​អាមេរិក​បាន​អះអាង​ថា ការ​ធានា​លើ​វិសោធនកម្ម​ទីមួយ​របស់​ខ្លួន​គឺ​គ្រប់គ្រាន់​ហើយ។ លោក James Lewis តំណាងឲ្យអាជ្ញាធរសហរដ្ឋអាមេរិកបានថ្លែងថា អាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថាលោក Julian Assange នឹងមិនមានការរើសអើងដោយសារតែសញ្ជាតិរបស់គាត់នៅក្នុងការកាត់ក្តី ឬសវនាការណាមួយរបស់សហរដ្ឋអាមេរិក។

ក្រុមអ្នកច្បាប់របស់ Julian Asaange បានប្រកាន់ជំហរយ៉ាងស្វាហាប់ដើម្បីតស៊ូតាមផ្លូវច្បាប់រហូតដល់ទីបញ្ចប់បន្ទាប់ពីការសម្រេចចិត្តរបស់ចៅក្រមតុលាការជាន់ខ្ពស់នៃទីក្រុងឡុងអនុញ្ញាតឲ្យ​ប្តឹង​ឧទ្ធរណ៍ដើម្បីរារាំងការធ្វើបត្យាប័នទៅកាន់អាមេរិក៕

ប្រភព៖ Reuters/ec