អន្តរជាតិ

ខ្មាន់កាំភ្លើងបាញ់សម្លាប់និស្សិតស្រីម្នាក់នៅសាកលវិទ្យាល័យ Kennesaw State

ប្រែសម្រួល៖ស-សម្បត្តិ

ភ្នាក់ងារប៉ូលិសបាន​ឲ្យដឹង​ថា និស្សិតស្រីម្នាក់​​នៅ​សាកលវិទ្យាល័យ Kennesaw State នៅ​រដ្ឋ Georgia សហរដ្ឋអាមេរិកត្រូវ​បានខ្មាន់កាំភ្លើងលួច​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​បរិវេណ​សាលា។

អ្នកគ្រប់គ្រងសាលាបាននិយាយនៅក្នុងការជូនដំណឹងនៅលើគេហទំព័ររបស់ខ្លួនថា “អាជ្ញាធររដ្ឋ Kennesaw ប្រកាសថាសិស្សស្រីម្នាក់ត្រូវបានខ្មាន់កាំភ្លើងលួច​បាញ់សម្លាប់នៅក្នុងបរិវេណសាលា” ។ ក្រោយមក “ជនសង្ស័យម្នាក់ត្រូវបានចាប់ឃាត់ខ្លួន”។

អ្នកគ្រប់គ្រងសាលាបានបន្ថែមថា “មិនមានការគំរាមកំហែងពីសំណាក់ខ្មាន់កាំភ្លើងនៅក្នុងសហគមន៍ជុំវិញបរិវេណសាលានោះទេ។ ភ្នាក់ងារប៉ូលិសប្រចាំនៅសាកលវិទ្យាល័យ Kennesaw State កំពុងធ្វើការជាមួយការិយាល័យស៊ើបអង្កេតរដ្ឋ Georgia យើងនឹងផ្តល់ព័ត៌មានលម្អិតថ្មីៗជាបន្តទៀត។

ជនរងគ្រោះដែលជាសិស្ស​ស្រី​រងនូវការ​បាញ់ប្រហារ​នៅ​វេលាម៉ោង​៤​រសៀល។

ការិយាល័យស៊ើបអង្កេតរដ្ឋ (GBI) Georgia និងសាកលវិទ្យាល័យកំពុងធ្វើការស៊ើបអង្កេតចំណែកអត្តសញ្ញាណរបស់និស្សិតស្រីដែលជាជនរងគ្រោះរួមទាំងជនសង្ស័យដែលជាខ្មាន់កាំភ្លើងមិនត្រូវបានគេបង្ហាញជាសាធារណ:នោះទេរង់ចាំការសើបអង្កេតបន្ត។

ការបាញ់ប្រហារដ៏សាហាវនេះកើតឡើងបីខែបន្ទាប់ពីនាង Laken Riley ដែលជានិស្សិតគិលានុបដ្ឋាយិកាអាយុ ២២ ឆ្នាំនៅសាកលវិទ្យាល័យ Augusta ត្រូវបានគេលួចបាញ់សម្លាប់កាលពីថ្ងៃទី ២២ ខែកុម្ភៈ ក្នុងឆ្នាំនេះខណៈដែលនាងកំពុងរត់នៅលើផ្លូវជុំវិញបរិវេណសាកលវិទ្យាល័យ Georgia ។

Jose Antonio Ibarra ជនជាតិ Venezuelan អាយុ ២៦ ឆ្នាំដែលរស់នៅដោយខុសច្បាប់នៅសហរដ្ឋអាមេរិកត្រូវបានចោទប្រកាន់ពីបទលួចធ្វើឃាតលើរូបនាង Laken Riley ដែលប៉ូលិសបានពិពណ៌នាថាជា “ឃាតករឆក់ឱកាស” ។

កាលពីដើមខែនេះ គណៈវិនិច្ឆ័យរបស់ហ្សកហ្ស៊ីបានចោទប្រកាន់ Ibarraចំនួន ១០ ករណី រួមមានដូចជាមនុស្សឃាតដោយចេតនា ចាប់ជំរិត ២ ករណី បង្ករបួសស្នាម ២ ករណីនិងការរំលោភបំពានផ្លូវភេទដោយចេតនានិងចាប់រំលោភ ២ ករណីប្រើប្រាស់ដុំថ្មដែលមានស្ថានទម្ងន់ទោស ការរារាំងការស៊ើបអង្កេតតាមរយ:បំប្លែងការហៅទូរសព្ទទៅលេខ 911 ជាការរំលោភលើភ័ស្តុតាង”។

ចំណែកករណីខ្មាន់កាំភ្លើងដែលបានលួចបាញ់សម្លាប់និស្សិតស្រីម្នាក់​​នៅ​សាកលវិទ្យាល័យ Kennesaw State នៅ​រដ្ឋ Georgiaការិយាល័យស៊ើបអង្កេតរដ្ឋ (GBI) Georgia និងសាកលវិទ្យាល័យដែលជនសង្ស័យត្រូវបានចាប់ឃុំខ្លួនរួចហើយនោះគេនៅមិនទាន់ទទួលបានព័ត៌មានលម្អិតអំពីចំណាត់ការតាមផ្លូវច្បាប់ឲ្យបានច្បាស់លាស់នៅឡើយទេដោយគ្រាន់តែការិយាល័យស៊ើបអង្កេតរដ្ឋ Georgia បានបញ្ជាក់ថាកំពុងស្ថិតនៅក្នុងដំណើរការនៃការស៊ើបអង្កេតរួមគ្នាជាមួយភ្នាក់ងារប៉ូលិសប្រចាំនៅសាកលវិទ្យាល័យ Kennesaw State តែប៉ុណ្ណោះ៕