សន្ដិសុខសង្គម

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យជនជាតិថៃ ២នាក់ទៅសាលាដំបូងខេត្តពាក់ព័ន្ធគ្រឿងញៀន

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ ជនសង្ស័យជនជាតិថៃ២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី១៦ខែឧសភាឆ្នាំ ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែតបានធ្វើប្រតិបត្តិការបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅមុខអគារមាត់អូរព្រំដែន ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតនៅវេលាម៉ោងជាង១៩ថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៤ ។
ជនសង្ស័យ០២នាក់មាន ១-ឈ្មោះ ភូមីន កិនខាំ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិថៃ និង ២-ឈ្មោះ វង់សាថន ស្រីចាន់  ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ ។ទាំងពីរនាក់មានមុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ក្នុងប្រតិបតិការកម្លាំងចាប់យកសម្ភារវត្ថុតាងរួមមាន ៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ១០គ្រាប់ ទម្ងន់ ១,២៩ក្រាម, ម៉ូតូ ចំនួន ០១គ្រឿង ម៉ាកZoomer-X ពណ៌ក្រហមស ផ្លាកលេខ កំពង់ស្ពឺ1J-3050, ទូរសព្ទ ចំនួន ០២គ្រឿង រួមនឹងវត្ថុតាងមួយចំនួនទៀត។

មុនឈានដល់ការបង្រា្កប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានទទួលព័ត៌មានពីសន្តិសុខថា មានករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខអគារមាត់អូរព្រំដែន។
កម្លាំងបានទៅចំណុចខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ព្រមទាំងវត្ថុតាងគ្រឿងញៀនមួយចំនួន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី៕