អន្តរជាតិ

ប្រទេសកុម្មុយនិស្តកូរ៉េខាងជើងបញ្ជាក់ពីការបាញ់មីស៊ីលដើម្បីពង្រឹងកម្លាំងនុយក្លេអ៊ែរ

ប្រែសម្រួល៖រតនា
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានរដ្ឋាភិបាល KCNA បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងនៅថ្ងៃសៅរ៍ (១៨ ឧសភា) បានបញ្ជាក់ថា ខ្លួនបានបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងយុទ្ធសាស្ត្រមួយ ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋាភិបាល KCNA បានរាយការណ៍ថា មេដឹកនាំគីម ជុងអ៊ុន បានប្តេជ្ញាជំរុញកម្លាំងនុយក្លេអ៊ែររបស់ប្រទេស។

របាយការណ៍របស់ KCNA បាននិយាយថា លោក Kim បានត្រួតពិនិត្យការបាញ់សាកល្បងកាលពីថ្ងៃសុក្រទៅកាន់សមុទ្រខាងកើត ដែលត្រូវបានគេស្គាល់ថាជាសមុទ្រជប៉ុន ក្នុងបេសកកម្មដើម្បីវាយតម្លៃ “ភាពត្រឹមត្រូវ និងភាពជឿជាក់” នៃប្រព័ន្ធរុករកស្វយ័តថ្មីមួយ។ លោក គីម បានបង្ហាញ “ការពេញចិត្តយ៉ាងខ្លាំង” ចំពោះការសាកល្បងនេះ។

រដ្ឋាភិបាលកូរ៉េខាងត្បូងបានរាយការណ៍ពីការបាញ់បង្ហោះកាលពីថ្ងៃសុក្រ ដោយនិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ដែលសង្ស័យថាជាមីស៊ីល។
ទីក្រុងសេអ៊ូលបានពណ៌នាពីព្រឹត្តិការណ៍នេះថាជា “វត្ថុហោះជាច្រើនដែលសន្មតថាជាមីស៊ីលផ្លោងរយៈចម្ងាយខ្លី” ពីតំបន់ Wonsan ភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង ចូលទៅក្នុងដែនទឹកនៃឆ្នេរសមុទ្ររបស់ខ្លួន។

អគ្គសេនាធិការចម្រុះនៅទីក្រុងសេអ៊ូលបាននិយាយថា កាំជ្រួចបានធ្វើដំណើរក្នុងចម្ងាយប្រហែល 300 គីឡូម៉ែត្រ ដោយបន្ថែមថាយោធាបាន “ពង្រឹងការប្រុងប្រយ័ត្ន និងការឃ្លាំមើលក្នុងការរៀបចំសម្រាប់ការបាញ់បន្ថែម” និងកំពុងចែករំលែកព័ត៌មានជាមួយសម្ព័ន្ធមិត្តទីក្រុងវ៉ាស៊ីនតោន និងតូក្យូ៕
Source: AFP/gs