សន្ដិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញបង្រ្កាបក្រុមអ្នកលេងដាវ កាំបិត ៤នាក់ករណីហិង្សាដោយចេតនា

ដោយ : បន្ទាយ
បន្ទាយមានជ័យ :កម្លាំងជំនាញមូលដ្ឋាន អាវុធហត្ថសែនសុខ បង្រ្កាបក្រុមក្មេងស្ទាវ មួយក្រុមមានគ្នា១៤នាក់ ជិះម៉ូតូ៧គ្រឿង ប្រដាប់ដោយ កាំបិត ដាវ ដុំថ្ម បានធ្វើសកម្មភាពដេញកាប់ និងគប់ ទៅលើបុរសជាជនរងគ្រោះចំនួន ០៤នាក់ ជិះម៉ូតូ ០២គ្រឿង ។ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវ៩២ ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៣ និង៣០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។

បុរសជាជនរងគ្រោះទាំង០៤នាក់ បានផ្ដួលម៉ូតូចោល ហើយរត់គេចខ្លួន ទាំងព្រលឹងចុងសក់ ទើបមិនរងរបួសឬស្លាប់ ។ ចំណែកក្រុមជនសង្ស័យ ទោះមិនបានដេញទាន់វាយប្រហារលើជនរងគ្រោះ ក៏ពួកគេនៅតែជះកំហឹងទាំងកម្រោលលើមធ្យោបាយ ដោយបានព្រួតគ្នាធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញទៅលើម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យខូចខាតយ៉ាងដំណំ ហើយ ក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួន ។


មន្ត្រិអាវុធហត្ថរាជធានីភ្នំពេញអោយដឹងថ្ងៃទី១៧ខែឧសភាថា: ភ្លាមៗនោះ កម្លាំងជំនាញអាវុធហត្ថខណ្ឌសែនសុខ បានធ្វើការចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ចាប់ខ្លួនបានជាបន្តបន្ទាប់ជនសង្ស័យបានចំនួន០៤នាក់ យកមកសាកសួរតាមនីតិវិធីនៅមូលដ្ឋានខណ្ឌ។ក្នុងនោះវត្ថុតាងចាប់យករួមមាន ៖ ម៉ូតូ ០១គ្រឿង ម៉ាក Beat ពណ៌ស ពាក់ផ្លាកលេខ ស្វាយរៀង 1U-6234, កាំបិតផ្គាក់ កាំបិតប៉័ងតោ សរុបចំនួន០៤ដើម។

មន្ត្រិអាវុធហត្ថបានបន្តថា: ជនទាំង០៤នាក់ រួមមាន ៖ ១-ឈ្មោះ ខឿនន វិរៈយុទ្ធ ហៅ ស្វាភ្លើង ភេទប្រុស អាយុ ១៤ឆ្នាំ,។២-មោះ សេង ហុកជា ភេទប្រុស អាយុ១៣ឆ្នាំ,។៣-ឈ្មោះ សីហា សត្រា ភេទប្រុស អាយុ ១៥ឆ្នាំ, និង៤-ឈ្មោះ អ៊ូ ដេវីត ហៅ ជា ភេទប្រុស អាយុ១៨ឆ្នាំ។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៤នាក់ បានសារភាពថា : នៅថ្ងៃកើតហេតុខាងលើ ពួកខ្លួននិងបក្ខពួក១០នាក់ផ្សេងទៀត បានប្រើអំពើហិង្សាទៅលើជនរងគ្រោះពិតមែន។ប៉ុន្តែករណីនេះ ច្រឡំទេ។ ព្រោះថា កន្លងមកពួកខ្លួនធ្លាប់មានទំនាស់ជាមួយក្មេងស្ទាវមួយក្រុម។
ហើយច្រឡំស្មានជាក្រុមជនរងគ្រោះជាភាគីសត្រូវ។

ទោះជាយ៉ាងណា ពួកគេថា ពេលបង្កហេតុ ពួកខ្លួនក៏បានយកដាវ កាំបិតផ្គាក់ កាំបិតប៉័ងតោ ដុំថ្ម កាប់ និងគប់ទៅលើជនរងគ្រោះទាំងនេះដែរ។ បើសិនជាជនរងគ្រោះទាំងនេះ រត់គេចមិនទាន់. ក៏ពួកខ្លួនដាក់ទាល់តែដេកដីដែរ ព្រោះកុំអោយស៊យក្រុម។ហេតុនេះ ពេលពួកជនរងគ្រោះគេចខ្លួន.ពួកខ្លួនក៏ធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះជាបន្តទៀតដើម្បីជះកំហឹង។

បន្ទាប់ពីទទួលសំណុំរឿងពីខណ្ឌ នៅថ្ងៃទី១៧ខែឧសភា កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសួរចម្លើយបន្ថែម ហើយកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ។

សមត្ថកិច្ចជំនាញអាវុធហត្ថរាជធានីភ្នំពេញ បាននិងកំពុងបន្តស្រាវជ្រាវឃាត់ខ្លួនបន្តលើបក្ខពួករបស់ជនសង្ស័យដែលរត់គេចខ្លួនផងដែរ ៕