ប្រែសម្រួល៖ស្រីស្រស់
យោងតាមរូបភាពវីដេអូដែលលេចធ្លាយត្រូវបានគេមើលឃើញសកម្មភាព Sean “Diddy” Combs រុញ មិត្តស្រីរបស់គាត់ Cassie Ventura ទាត់ និងអូសនាងកាលពីឆ្នាំ ២០១៦ ដែលត្រូវបានគេយកមកផ្សព្វផ្សាយជាសាធារណ:កាលពីថ្ងៃសុក្រ។
វីដេអូដែលទទួលបានដោយទីភ្នាក់ងារ CNN កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០១៦ បានបង្ហាញពីតារារ៉េប និងជាផលិតកររូបនេះកំពុងរត់ពីក្រោយតារាចម្រៀង Ventura ចុះពីលើផ្លូវនៅសណ្ឋាគារ InterContinental ក្នុងទីក្រុង Century រដ្ឋ Los Angeles ។
គាត់ចាប់យកកាបូបនាង និងវ៉ាលិសពីជាន់នៅជិតជណ្តើរយន្តហើយងាកមកទាត់នាង Ventura
ម្តងទៀតធ្វើឲ្យនាងបានដួលទៅលើកំរាលព្រំ។
លោក Combs ក្នុងអាយុ ៥៤ ឆ្នាំបន្ទាប់មកចាប់អាវយឺតមិត្តស្រីរបស់គាត់ហើយទាញនាងអូសនៅមុនពេលដើរចេញទៅ។
យោងតាមខ្សែវីដេអូបានបង្ហាញឲ្យឃើញនាង Ventura ក្រោកឡើងយឺតៗហាក់បីដូចជាលើកទូរសព្ទខល ក្រោយមកលោក Combs បានត្រឡប់មកវិញ ហើយក៏រុញនាងម្តងទៀត។ នៅប៉ុន្មានវិនាទីក្រោយមក គាត់បានអង្គុយលើកៅអីមួយរួចក៏ចោលវត្ថុពីតុម្ខាងទៅលើនាង Ventura ។
គាត់ដើរមកបង្ករឿងជាមួយនឹងនាង Ventura ម្តងទៀតតែមិនបានសម្រេចនោះទេដោយសារតែនាងបានរត់ចេញតាមជណ្តើរយន្ត។
មេធាវីរបស់ Ventura លោក Douglas H. Wigdor បាននិយាយជាការឆ្លើយតបទៅនឹងវីដេអូនេះថា “វីដេអូដ៏គួរឲ្យស្អប់ខ្ពើមនេះ បានបញ្ជាក់បន្ថែមទៀតអំពីអាកប្បកិរិយាដ៏រំខាន និងស្អប់ខ្ពើមបំផុតចំពោះអាកប្បកិរិយារបស់ Mr. Combs”។ បណ្តឹងប្រឆាំងនឹងអាកប្បកិរិយាដ៏គួរឲ្យស្អប់ខ្ពើមរបស់លោក Combsត្រូវបានដាក់ជូនតុលាការរួចរាល់ហើយ ។
លោក Wigdor បានបន្ថែមថា “លោកស្រី Ventura នឹងបំភ្លឺរឿងនេះនៅក្នុងតុលាការ”។
នាង Ventura ដែលបានផ្តាច់ទំនាក់ទំនងជាមួយ Combs ចាប់ពីឆ្នាំ ២០០៧ និង ២០១៨ និងបានប្តឹងស្ថាបនិក Bad Boy Records ក្នុងខែវិច្ឆិកា ២០២៣ ដោយចោទប្រកាន់ថាគាត់បានប្រព្រឹត្តអំពើហិង្សាលើរាងកាយនិងរំលោភបំពានផ្លូវភេទជាច្រើនឆ្នាំ។
CNN បានកត់សម្គាល់ថានៅក្នុងឯកសារនេះនាង Ventura បានចោទប្រកាន់ថា Combs បានបង់ប្រាក់ឲ្យ InterContinental ចំនួន៥០,០០០ សម្រាប់លប់វីដេអូសុវត្ថិភាពក្នុងការប្រព្រឹត្តអំពើហិង្សាលើរាងកាយនៅក្នុងខែមីនាឆ្នាំ ២០១៦ ។
ពាក្យបណ្តឹងរបស់ Ventura បានចោទប្រកាន់ថា Combs “ស្រវឹងសា្រខ្លាំងហើយបានដាល់នាងចំមុខធ្វើឲ្យនាងងងឹតមុខឈឹង” ។
នៅពេលដែល Combs ដេកលក់ Ventura បានព្យាយាមចាកចេញពីបន្ទប់សណ្ឋាគារ ប៉ុន្តែគាត់បានភ្ញាក់ឡើង ហើយដើរតាមនាងចូលទៅក្នុងសាលធំនៃសណ្ឋាគារដោយបានស្រែកដាក់នាងខ្លាំងៗ” ។
ពាក្យបណ្តឹងបានចោទប្រកាន់ថា “គាត់បានចាប់នាង ហើយបន្ទាប់មកបានយកថូកញ្ចក់នៅតាមសាលធំគប់មកលើនាង បណ្តាលឲ្យកញ្ចក់បែកជុំវិញពួកគេ ខណៈដែលនាងរត់ទៅជណ្តើរយន្តដើម្បីគេចខ្លួន”។
“ដោយដឹងថាការចាកចេញរបស់នាងនឹងធ្វើឲ្យ Mr. Combs កាន់តែខឹងនឹងនាងនោះនាង Ventura បានត្រឡប់ទៅសណ្ឋាគារវិញក្នុងគោលបំណងសុំទោស Mr. Combs ។
“នៅពេលនាងត្រឡប់មកវិញ បុគ្គលិកសន្តិសុខសណ្ឋាគារបានជំរុញឲ្យនាងត្រឡប់ទៅផ្ទះរបស់នាងវិញ ដោយសារតែពួកគេបានឃើញវីដេអូសន្តិសុខដែលបង្ហាញពីលោក Combs វាយនាង Ventura”។
ពាក្យបណ្តឹងក៏បានអះអាងផងដែរថា Combs បានប្រើប្រាស់ទ្រព្យសម្បត្តិ និងឥទ្ធិពលរបស់គាត់ដើម្បីគ្រប់គ្រង Ventura តាំងពីនាងមានអាយុ ១៩ ឆ្នាំ ហើយគាត់មានអាយុ ៣៧ ឆ្នាំ។
Ventura ត្រូវបានចុះហត្ថលេខាក្រោមឈ្មោះរបស់ Combs ហើយទំនាក់ទំនងអាជីវកម្មរបស់ពួកគេមានរយៈពេលរហូតដល់ឆ្នាំ ២០១៩ ។
មេធាវីរបស់លោក Combs បានអះអាងថាកូនក្តីរបស់គាត់គ្មានកំហុសដូចដែលបាន “ចោទប្រកាន់ពីបទប្រមាថមើលងាយ និងប្រព្រឹត្តហិង្សាទាំងនេះទេ”។
ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីខែវិច្ឆិកាមក លោក Combs បានរងនូវបណ្តឹងចំនួនប្រាំផ្សេងទៀត ដែលចោទប្រកាន់គាត់ពីបទរំលោភបំពានផ្លូវភេទ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត។
កាលពីខែមេសា អាជ្ញាធរបានឆ្មក់ចូលផ្ទះរបស់គាត់នៅរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋផ្លរីដា ដែលជាផ្នែកមួយនៃការស៊ើបអង្កេតដោយក្រុមសន្តិសុខ ដែលទាក់ទងនឹងការជួញដូរមនុស្ស។
ម្តាយរបស់កូនប្រុសម្នាក់របស់ Combs គឺ Justin អាយុ ៣០ ឆ្នាំបានចែករំលែកវីដេអូនៃការវាយឆ្មក់និងបានរិះគន់អាជ្ញាធរចំពោះការប្រើប្រាស់ “កម្លាំង” នៅពេលដែលពួកគេបានអូស Justin និងបងប្អូនប្រុសម្នាក់របស់គាត់ចេញពីផ្ទះ Holmby Hills ។
កាលពីដើមខែនេះ Combs បានដាក់ពាក្យបណ្តឹងស្នើសុំឲ្យទម្លាក់បណ្តឹងចោទប្រកាន់លើការប្រព្រឹត្តិផ្លូវភេទប្រឆាំងនឹងគាត់ដោយហេតុផលថាមិនបានរួមបញ្ចូលព័ត៌មានលម្អិតសំខាន់ៗអំពីការរំលោភដែលត្រូវបានចោទប្រកាន់ដោយរូបនាងនោះទេ។
កាលពីថ្ងៃចន្ទ លោក Combs បានចែករំលែកសារមួយក្នុងបណ្ដាញសង្គមថា “ពេលវេលានិងប្រាប់អំពីការពិត”៕