អន្តរជាតិ

រុស្សីព្រមានថាភាពតានតឹងអាចបង្កឲ្យផ្ទុះសង្គ្រាមលោកលើកទី ៣ ហើយប្រកាសដោយចំហថាខ្លួននឹងសងសឹកប្រសិនបើមានការគំរាមកំហែងនុយក្លេអ៊ែរណាមួយកើតឡើង

ប្រែសម្រួល៖ ស-សម្បត្តិ
អ្នកការទូតកំពូលមួយរូបបានសន្និដ្ឋាននៅព្រឹកថ្ងៃទី១៨ ឧសភាថា ទំនាក់ទំនងការទូតរបស់រុស្ស៊ីជាមួយលោកខាងលិចគឺស្ថិតក្នុងជ្រុងមួយដែលកំពុងតែគ្រប់គ្រងវិបត្តិដោយព្យាយាមទប់ទល់ស្ថានការណ៏មិនបង្កឲ្យមានជម្លោះជាទ្រង់ទ្រាយធំ។

លោក Sergei Ryabkov អនុរដ្ឋមន្ត្រីការបរទេសរុស្សី បានព្រមាននៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS ថាការធានាសន្តិសុខជាតិរបស់រុស្សីដែលយើងរុស្ស៊ីបានខិតខំស្វែងរកការពិភាក្សាជាមួយលោកខាងលិចកាលពីឆ្នាំ ២០២១ នោះគឺលែងពាក់ព័ន្ធគ្នាទៀតហើយដោយលោកបានអះអាងថាទីក្រុងម៉ូស្គូលែងទុកចិត្តសម្ព័ន្ធមិត្តយោធាណាតូទៀតហើយ។
លោកបានសង្កត់ធ្ងន់ថា “ណាតូបន្តឈានទៅមុខលើភូមិសាស្រ្តនយោបាយដ៏ឆ្កួតលីលាដើម្បីបង្កើតព្រំដែនថ្មី។ ពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើឲ្យមានតុល្យភាពនៅលើមុំនៃជម្លោះប្រដាប់អាវុធដោយផ្ទាល់ជាមួយនឹងយើង” ។

យើងសូមធ្វើការព្រមានថាពួកគេកំពុងលេងភ្លើងជាពិសេស អាមេរិក កំពុងបង្កើតសង្រ្គាមប្រូកស៊ីជាមួយសហព័ន្ធរុស្ស៊ីជាយូរមកហើយ។

ពួកគេនៅតែមិនអាចយល់បានថា ពួកគេកំពុងឈានចូលដល់ដំណាក់កាលមួយដែលធ្វើឲ្យវាពិបាកក្នុងការគ្រប់គ្រងស្ថានការណ៏ដែលកំពុងកើតឡើង។

លោកបានសន្និដ្ឋានថា “យន្តការការទូតក្នុងទិសដៅនេះកំពុងតែដំណើរការហើយ ខ្ញុំចង់និយាយថា នៅក្នុងទម្រង់គ្រប់គ្រងវិបត្តិ។

ការធ្វើអត្ថាធិប្បាយរបស់លោក Ryabkov ក្នុងថ្ងៃនេះកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីប្រធានសភាជាន់ទាបរបស់រុស្ស៊ីកាលពីម្សិលមិញបានព្រមានថាអ៊ុយក្រែនកំពុង “ទាញសហរដ្ឋអាមេរិក និងអឺរ៉ុប” ចូលទៅក្នុងសង្រ្គាមសកលលោកដ៏ធំមួយ លោកក៏បានជំរុញឲ្យមេដឹកនាំលោកខាងលិចធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវដើម្បីជៀសវាងគ្រោះមហន្តរាយ។

ទន្ទឹមនឹងនេះ ក៏មានការវាយលុករបស់កងទ័ពរុស្ស៊ីហើយក៏កំពុងតែបន្តវាយដណ្តើមកាន់កាប់ទឹកដីនៅភាគខាងកើតអ៊ុយក្រែន ដោយបង្ខំឲ្យមនុស្សរាប់ពាន់នាក់នៅទីក្រុង Kharkiv ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ បន្ទាប់ពីទីក្រុងម៉ូស្គូបានបើកការវាយលុកលើទីតាំងមួយផ្សេងទៀតនៅក្នុងតំបន់នោះ។

លោក Vyacheslav Volodin ប្រធានសភា Duma ដែលជាមិត្តដ៏ជិតស្និទ្ធរបស់លោកពូទីន និងជាសមាជិកក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបាននិយាយថា “របប Kyiv កំពុងអូសសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបឲ្យចូលទៅក្នុងសង្រ្គាមដ៏ធំមួយ” ។

លោកបាននិយាយថា សមាជិកសភាអ៊ុយក្រែនកំពុងព្យាយាមបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឲ្យអនុញ្ញាតឲ្យទីក្រុង Kyiv ប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី។
Volodin បាននិយាយថា “ផ្លូវនេះនាំទៅរកមហន្តរាយនិងមាហាសោកនាដកម្មដែលអាចប៉ះពាល់ដល់មនុស្សជាតិទាំងអស់” ។ ‘អ្នកនយោបាយលោកខាងលិចត្រូវដឹងពីទំនួលខុសត្រូវរបស់ពួកគេ និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីចៀសវាងការនាំស្ថានការណ៍ឲ្យក្លាយទៅជាគ្រោះមហន្តរាយជាសកល។

សង្រ្គាមរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅអ៊ុយក្រែន បានបង្កឲ្យមានការបែកបាក់យ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២។

នៅទីក្រុង Kyiv កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន “មិនបានលើកទឹកចិត្តឲ្យអ៊ុយក្រែនបើកការវាយប្រហារនៅខាងក្រៅទឹកដីរបស់ខ្លួនទេ ប៉ុន្តែអ៊ុយក្រែនត្រូវតែធ្វើការសម្រេចចិត្តដោយខ្លួនឯងក្នុងការធ្វើសង្រ្គាម”។

Blinken បានបញ្ជាក់ថា “យើងច្បាស់លាស់អំពីគោលនយោបាយផ្ទាល់ខ្លួនរបស់យើង ប៉ុន្តែជាថ្មីម្តងទៀត ទាំងនេះគឺជាការសម្រេចចិត្តដែលអ៊ុយក្រែនត្រូវធ្វើ អ៊ុយក្រែននឹងធ្វើដោយខ្លួនឯង” នេះបើយោងតាមសុន្ទរកថារបស់គាត់ដែលផ្តល់ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។
អ៊ុយក្រែននិយាយថា ខ្លួនមានសិទ្ធិវាយប្រហារលើគោលដៅរុស្ស៊ី ខណៈដែលខ្លួនកំពុងរងការវាយប្រហារដោយកាំជ្រួចរុស្ស៊ីប្រចាំថ្ងៃ។

ប៉ុន្តែសហរដ្ឋអាមេរិកបានប្រយ័ត្នប្រយែងចំពោះអាវុធរបស់ខ្លួនដែលត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារដោយផ្ទាល់ទៅលើប្រទេសរុស្ស៊ី ដែលជាមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោកដែលអាចបង្កឲ្យមានហានិភ័យកាន់តែទូលំទូលាយ។

លោក ពូទីន និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានថា ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងសម្ព័ន្ធមិត្តយោធាណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក អាចបង្កឲ្យមានសង្គ្រាមលោកលើកទីបី។

រុស្ស៊ីបានព្រមានចំៗថា ការប្រើប្រាស់អាវុធរបស់អាមេរិក និងលោកខាងលិចប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសរុស្ស៊ី អាចបង្កឲ្យមានការប្រឈមមុខដាក់គ្នាក្នុងកម្រិតថ្មីមួយទៀត ហើយលោក ពូទីន បានបញ្ជាឲ្យធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ ដែលមួយផ្នែកជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់លោកខាងលិច។

កងកម្លាំងឈានមុខមកពីអង្គភាព B នៃកងវរសេនាតូចទី ៣ ក្នុងកងវរសេនាធំឆត្រយោង ដើរជុំវិញជ្រុងលេណដ្ឋាននៅក្នុងអំឡុងពេលសមយុទ្ធបាញ់ផ្ទាល់នូវអាវុធចម្រុះរួមបញ្ចូលគ្នាហៅថា (CALFEX) នៃលំហាត់ឆ្លើយតបហៅថា Swift នៅថ្ងៃទី ៤ ខែឧសភាឆ្នាំ ២០២៤ ។

លោក Volodin បានអះអាងថា “រាល់ការប្រើប្រាស់អាវុធរបស់អាមេរិក និងអឺរ៉ុប ដើម្បីវាយប្រហាលើទឹកដីសហព័ន្ធរុស្ស៊ីគឺបង្ខំឲ្យយើងប្រើប្រាស់អាវុធដ៏មានឥទ្ធិពលបន្ថែមទៀតដើម្បីការពារពលរដ្ឋនិងប្រទេសរបស់យើង”។

ការថ្លែងរបស់លោកធ្វើឡើងនៅពេលដែលសហសេវិកលោក Dmitry Medvedev បានចំអកឲ្យរដ្ឋមន្ត្រីការបរទេសអង់គ្លេស David Cameron។

លោក Medvedev ដែលជាប្រធានាធិបតីរុស្ស៊ី នៅពេលលោក David Cameron ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ ២០១០ បានព្រមានរដ្ឋមន្ត្រីការបរទេសនេះថា លោកកំពុងប្រថុយនឹងសង្រ្គាមនុយក្លេអែរជុំវិញការប្តេជ្ញារបស់លោកចំពោះអ៊ុយក្រែនថា ពួកគេអាចប្រើប្រាស់មីស៊ីលរបស់អង់គ្លេស ដើម្បីវាយប្រហារលើប្រទេសរុស្ស៊ី។

គាត់បានចំអកឱ្យមិត្តភក្ដិលើការព្យាយាមរបស់លោកDavid Cameronក្នុងការប្រយុទ្ធជាមួយពូទីនដល់ទីបញ្ចប់ដ៏ជូរចត់’ ហើយដាក់ឈ្មោះគាត់ថា “មនុស្សឆ្កួត” សម្រាប់ការគិតដូច្នោះ។
លោក Cameron បាននិយាយមុននេះថា អ៊ុយក្រែនមានសេរីភាពក្នុងការសម្រេចចិត្តពីរបៀបប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយអង់គ្លេស។

លោកបាននិយាយថា “បើនិយាយពីអ្វីដែលអ៊ុយក្រែនធ្វើ តាមទស្សនៈរបស់យើង វាគឺជាការសម្រេចចិត្តរបស់ពួកគេអំពីរបៀបប្រើប្រាស់អាវុធទាំងនេះ។

មីស៊ីលរយៈចម្ងាយឆ្ងាយរបស់លោកខាងលិចនឹងត្រូវប្រើប្រាស់លើតំបន់កាន់កាប់ដោយរុស្ស៊ីលើទឹកដីអ៊ុយក្រែន ប៉ុន្តែមិនមែននៅក្នុងប្រទេសរុស្ស៊ីនោះទេ។

លោក Medvedev បានចោទប្រកាន់លោក Cameron បានប្រាប់ប្រជាជនអ៊ុយក្រែនថា “អ្នកអាចបាញ់មីស៊ីលរបស់យើងគ្រប់ទីកន្លែងដែលអ្នកចង់បាញ់ជនជាតិអង់គ្លេសមិនខ្លាចអ្វីទាំងអស់ សូម្បីតែជម្លោះនុយក្លេអ៊ែរ” ។

‘ឡូយ!មែន លោក Medvedev បានចំអកតបវិញថា អ្នកមិនគួរជាមិត្តរួមការងារទេខ្ញុំមិនមានចម្លើយសមរម្យទេ លើកលែងតែរឿងមួយនេះ។

លោកបាននិយាយថា ‘David Cameron ប្រហែលជាចង់និយាយថានឹងមានអ្វីកើតឡើង ប្រសិនបើមីស៊ីលអង់គ្លេសវាយប្រហារលើទឹកដីរុស្ស៊ី។

លោក Medvedev គឺជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរបំផុតរបស់រុស្ស៊ីសម័យទំនើប ហើយក៏ជាប្រធានាធិបតីរុស្ស៊ីចន្លោះឆ្នាំ ២០១២ និង ២០១៨ ផងដែរ។

ឥឡូវនេះគាត់គឺជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីរបស់ពូទីន ដែលឥឡូវនេះមានអតីតរដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu ជាលេខាធិការរបស់គាត់។

លោកពូទីនបានចោទប្រកាន់លោកខាងលិចកាលពីសប្តាហ៍មុនថាបានប្រថុយនឹងជម្លោះនុយក្លេអ៊ែរជាលក្ខណ:សកលហើយបាននិយាយថាគ្មាននរណាម្នាក់នឹងត្រូវបានអនុញ្ញាតឲ្យគំរាមកំហែងដល់ប្រទេសរុស្ស៊ីឡើយយើងនឹងធ្វើការសងសឹកប្រសិនបើមានការគំរាមកំហែងនុយក្លេអ៊ែរណាមួយកើតឡើងរួមទាំងការប្រើប្រាស់អាវុធរបស់សហរដ្ឋអាមេរិកដោយយោធាអ៊ុយក្រែនវាយប្រហារមកលើទឹកដីរុស្ស៊ី៕