សន្ដិសុខសង្គម

ម្ចាស់សំណង់គ្មានច្បាប់នៅឆ្នេរអង្កោលស្ម័គ្ររុះរើតាមលិខិតជូនដំណឹងរបស់អាជ្ញាធរ

ដោយ៖​ កំចាយ

កែប÷ ផ្អែកតាមលិខិតជូនដំណឹងរបស់អាជ្ញាធរស្រុកដំណាក់ចង្អើរ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ម្ចាស់សំណង់គ្មានច្បាប់អនុញ្ញាតនៅឆ្នេរអង្កោល ស្ថិតក្នុងឃុំអង្កោល បានចាប់ផ្តើមរុះរើ និងជញ្ជូនសម្ភារចេញពីទីតាំងដោយស្ម័គ្រចិត្ត។

មន្ត្រីសាលាស្រុកដំណាក់ចង្អើរបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ម្ចាស់សំណង់នៅឆ្នេរអង្កោលដែលគ្មានច្បាប់អនុញ្ញាតបានរុះរើខ្ចូស និងវាយកម្ទេចខឿនថ្ម ស្របតាមលិខិតជូនដំណឹងរបស់អាជ្ញាធរហើយ។ រដ្ឋបាលស្រុកសូមកោតសរសើរដល់ម្ចាស់សំណង់ចំពោះកិច្ចសហការក្នុងស្មារតីចូលរួមរក្សាទ្រព្យសម្បត្តិសាធារណ: និងដើម្បីសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយនៅកន្លែងកម្សាន្តនេះ។

លោក ឡុង ខន តំណាងម្ចាស់សំណង់ខាងលើបានបញ្ជាក់ថា ការរៀបខឿនថ្មនោះគឺមិនមានបំណងយកទីតាំងធ្វើជាកម្មសិទ្ធិទេ។ រាល់រដូវវស្សា តំបន់នេះតែងមានខ្យល់បោកខ្លាំងធ្វើឲ្យហូរច្រោះខ្សាច់ប៉ះពាល់ដីទីតាំងប្រកបអាជីវកម្ម ពិសេសការនាំសំរាមមកជាមួយបណ្តាលឲ្យខូចសោភ័ណភាព និងអនាម័យផង។

សូមរំឭកថា នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលស្រុកដំណាក់ចង្អើរបានចេញលិខិតជូនដំណឹងលេខ០១០/២៤.សជណ មានខ្លឹមសារថា កាលពីថ្ងៃ១៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបានចុះដល់ឆ្នេរអង្កោលស្ថិតក្នុងភូមិអង្កោល ឃុំអង្កោលប្រទះឃើញសំណង់ខឿនថ្ម១ខ្សែប្រវែង៤៥ម៉ែត្រ និងខ្ទូសឈើ២ខ្នងសង់រំលោភលើដីឆ្នេរសមុទ្រ។ សំណង់ដែលធ្វើឡើងដោយអ្នកស្រី អុីវ ស្រុី នេះ បានបណ្តាលឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងអនាម័យបរិស្ថាននៅតាមតំបន់ឆ្នេរយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះ រដ្ឋបាលស្រុកជម្រាបដល់អ្នកស្រីត្រូវបញ្ឈប់ការសាងសង់ខឿនថ្ម និងសំណង់ផ្សេងៗដែលគ្មានច្បាប់អនុញ្ញាតនៅលើដីឆ្នេរចាប់ពីថ្ងៃជូនដំណឹងតទៅ។ បន្ថែមលើនេះ អ្នកស្រី អុីវ ស្រុី ត្រូវរុះរើសំណង់ខឿនថ្មដែលបានសង់រួច និងខ្ទូសឈើទាំង២ខ្នងដោយស្ម័គ្រចិត្ត ហើយប្រមូលសម្ភារសំណង់ទាំងនោះចេញឲ្យអស់ពីទីតាំងត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ជាកំហិត ដើម្បីរៀបចំឆ្នេរអង្គោលក្លាយជាទីសាធារណៈសម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្ត ក៏ដូចជារក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយល្អ។ ក្នុងករណីមិនអនុវត្តតាមការណែនាំ រដ្ឋបាលស្រុកនឹងចាត់វិធានការចុះរុះរើដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់សម្ភារឡើយ។ រីឯការចំណាយជាបន្ទុកខាងភាគីម្ចាស់សំណង់។

សូមបញ្ជាក់ថា ទីតាំងមួយចំនួនទៀតដែលមានករណីរំលោភបំពានដោយការរៀបលូចាក់ដីលុបឆ្នេរសមុទ្របម្រុងយកជាកម្មសិទ្ធិ ហើយអាជ្ញាធរស្រុកដំណាក់ចង្អើរធ្លាប់ចេញលិខិតតម្រូវឲ្យរុះរើ តែមកដល់បច្ចុប្បន្ន អ្នកបំពានមិនបានអនុវត្តឡើយ។ សាធារណជនរង់ចាំមើលថាតើភាពអន់ខ្សោយរបស់អាជ្ញាធរស្រុកសាមីនេះនឹងបន្តកើតមានដល់ពេលណា?៕