ដោយ៖ ស-សម្បត្តិ
ភ្នំពេញ៖ មន្រ្តីអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់នៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ចេញផ្សាយនៅថ្ងៃទី១៦ ខសភាឆ្នាំ២០២៤ថា ការលើកលែងទណ្ឌកម្មរដ្ឋបាលចំពោះការស្នើសុំកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្តនឹងផុតកំណត់នៅដំណាច់ខែមិថុនាឆ្នាំ២០២៤នេះហើយ។
អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលស្ម័គ្រចិត្ត ចូលខ្លូនស្នើសុំកែតម្រូវបញ្ជីគណនេយ្យ និងលិខិតប្រកាសពន្ធឡើងវិញ ដោយផ្អែកលើមូលដ្ឋាននៃការភាន់ច្រឡំ ឬការភ្លាំងភ្លាត់ នៅមានពេលវេលារហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៤ ដើម្បីទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាល រួមមាន ពន្ធបន្ថែម ការប្រាក់ និងការផាកពិន័យជាប្រាក់ទាំងស្រុងលើការស្នើសុំកែតម្រូវនេះ។
ការលើកលែងទណ្ឌកម្មរដ្ឋបាលនេះគឺអនុវត្តចំពោះតែ៖
១.ការស្នើសុំកែតម្រូវបញ្ជីគណនេយ្យ និងលិខិតប្រកាសពន្ធឡើងវិញ លើប្រតិបត្តិការដែលកើតឡើងមុនការិយបរិច្ឆេទ ខែមករា ឆ្នាំ២០២៤ តែប៉ុណ្ណោះ។ ដោយឡែកការស្នើសុំកែតម្រូវលិខិតប្រកាសពន្ធលើប្រតិបត្តិការដែលកើតឡើង ចាប់ពីខែមករា ឆ្នាំ២០២៤ តទៅ មិនត្រូវទទួលបានការលើកលែង ទណ្ឌកម្មរដ្ឋបាលនេះឡើយ។
២.ការស្នើសុំកែតម្រូវបញ្ជីគណនេយ្យ និងលិខិតប្រកាសពន្ធឡើងវិញក្នុងអំឡុងពេលរងសវនកម្មពន្ធដារ ដែលការកែតម្រូវនោះបានធ្វើឡើងមុនពេលសវនករពន្ធដារ រកឃើញកំហុសរបស់អ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុកតែប៉ុណ្ណោះ។ មានន័យថា អ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុកអាចស្នើសុំកែតម្រូវ ករណីដែលសវនករមិនទាន់បានបង្ហាញ និងគ្មានកំណត់ហេតុបញ្ជាក់ពីលទ្ធផលសវនកម្ម។
គួរបញ្ជាក់ផងដែរថា ប្រសិនបើការកែតម្រូវលិខិតប្រកាសពន្ធលើលទ្ធផលសវនកម្ម ដែលសវនករបានរកឃើញ ក្នុងអំឡុងពេលរងសវនកម្មពន្ធដារ អ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុក ត្រូវទទួលរងពន្ធបន្ថែម ១០% និងការប្រាក់យឺតយ៉ាវ ១,៥% ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ករណីនេះអ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុក នឹងត្រូវទទួលរងពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវ តាមនីតិវិធីនិងលទ្ធផលនៃការធ្វើសវនកម្មពន្ធដារ ដោយពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវដែលបានបង់រួច តាមរយៈការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត ត្រូវអនុញ្ញាតឱ្យកាត់កងជាមួយនឹងពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវដែលជាលទ្ធផលនៃការធ្វើសវនកម្ម៕