សន្ដិសុខសង្គម

រន្ទះបាញ់របួសក្មេងស្រីម្នាក់ ងាប់គោ ២ក្បាលក្នុងស្រុកថ្មគោល

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ រន្ទះបាញ់បានបាញ់ស្រោចលើក្រោលគោ បណ្តាលឲ្យក្មេងស្រីម្នាក់រងរបួស និងងាប់គោអស់ ២ក្បាលក្នុងស្រុកថ្មគោល។

ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងថា÷ ករណីរន្ទះបាញ់នេះបានកើតឡើងនៅអំឡុងវេលាម៉ោង ៧យប់ ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤ នៅភូមិស្លាស្លាក់ ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង។

មុនពេលមេឃកំពុងផ្គររន្ទះ និងធ្លាក់ភ្លៀងបណ្តើរៗ ក្មេងស្រីជនរងគ្រោះត្រូវជាកូនម្ចាស់គោ ដែលនៅឈរលេងនៅនឹងសំយាបផ្ទះ បានបន្តដើរទៅក្បែររោងគោ ភ្លាមៗក៏ត្រូវរន្ទះបានបាញ់ស្រោចមកលើក្រោលគោ បណ្តាលឲ្យក្មេងស្រីខាងលើរងរបួសស្រាល ក្រៅពីនេះក៏បណ្តាលឲ្យងាប់សត្វគោចំនួន ២ក្បាលផងដែរដែលកំពុងដេកក្នុងក្រោល។

ប្រភពដដែលបន្តថា÷ ម្ចាស់សត្វគោមានឈ្មោះ ខែ សាយថង ភេទប្រុស អាយុ ៤៦ឆ្នាំ ក្នុងហេតុការណ៍ខាងលើមិនមានគ្រោះអ្វីទេ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះថង សាវ៉ាន់ដា អាយុ ១២ឆ្នាំ រស់នៅក្នុងបន្ទុកជាមួយឪពុកម្តាយនៅក្នុងភូមិ ឃុំកើតហេតុខាងលើ៕