សន្ដិសុខសង្គម

ភាគីរថយន្តមិនស្គាល់និងមិនទទួលខុសត្រូវ បន្ទាប់ពីម៉ូតូបុកពីក្រោយពេលភ្លៀងធ្លាក់ បង្កស្លាប់អ្នកបើកបរម៉ូតូនៅស្រុកមង្គលបូរី

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ ៖ គ្រោះថ្នាក់បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងទីប្រជុំជន ស្ថិតនៅភូមិពោធិ៍រៀង ឃុំអូរប្រាសាទ  ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២៤ វេលាម៉ោង១៨និង២០នាទី ព្រលប់។គ្រោះថ្នាក់ចរាចរគឺម៉ូតូបុករថយន្តពីក្រោយ បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូនោះ ។

លោកវរសេនីយ៍ទោ តឹក ប៊ុនថង អធិការងនគរបាលស្រុកមង្គលបូរី បានឲ្យដឹងនៅថ្ងៃទី១៤ខែឧសភាថា: ម៉ូតូម៉ាកហុងដាវេវ សេ១០០ ផលិតឆ្នាំ២០១៧ ពាក់ផ្លាលេខបន្ទាយមានជ័យ1N-6263 ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿនចំពេលអាកាសធាតុកំពុងភ្លៀងកក់ខែ ។លុះមកដល់ចំណុចខាងលើបានឡើងវ៉ាជែងនឹងរថយន្តប្រភេទបែន(យោងតាមកាមេរ៉ាសុវត្ថិភាព)១គ្រឿង  ។ដោយធ្វើដំណើរពីជើងទៅត្បូង ស្របទិសគ្នា បណ្តាលឲ្យម៉ូតូបុកចំពីក្រោយរថយន្តគ្រោះថ្នាក់តែម្តង។

នគរបាលជំនាញនៃអធិការដ្ឋានស្រុកថា ភ្លាមៗមិនស្គាល់អត្តសញ្ញាណអ្នកបើកបរម៉ូតូដែលស្លាប់នោះទេ ហើយបានស្រាវជ្រាវរកសាច់ញាតិ។

ប៉ុន្តែ អ្នកភូមិខ្លះបានឲ្យដឹងថា:  ជនរងគ្រោះដែលបង្កខ្លួនឯងនោះមានឈ្មោះថុន ធៀង ភេទប្រុស អាយុខ្ទង់៤០ឆ្នាំ ទីលំនៅភូមិរ៉ាចម្ការចេក ក្បែរកន្លែងកើតហេតុ ។

គ្រោះថ្នាក់នេះបង្កឲ្យម៉ូតូខូចខាតធ្ងន់០១គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី។

ឯមូលហេតុបណ្ដាលឲ្យគ្រោះថ្នាក់ មកពីអ្នកបើកបរម៉ូតូឡើងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ហើយក្នុងអាកាសធាតុកំពុងភ្លៀងធ្លាក់។

ចំណែកអ្នកបើកបររថយន្តដែលមិនស្គាល់អត្តសញ្ញាណខាងលើបានបើកគេចពីកន្លែងកើតហេតុគេចវេះមិនទទួលខុសត្រូវ រហូតមកទល់ពេលនេះ៕