ដោយ÷សុខុម
កំពង់ស្ពឺ៖មនុស្សប្រុសស្រីចំនួន៥នាក់បានរងរបួសធ្ងន់ស្រាលបញ្ជូនទៅសង្គ្រោះភ្លាមៗក្នុងហេតុការណ៍រថយន្តដឹកស៊ីទែនប្រេងសាំងក្រុមហ៊ុនកម្ពុជាតេលា បើកបុកជាមួយម៉ូតូចំនួន៣គ្រឿងកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិឡ ឃុំកាហែង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។
នគរបាលចរាចរណ៍បាននិយាយឲ្យដឹងថា រថយន្ដម៉ាកSHACMAN ពណ៌សលាយបៃតង ពាក់ផ្លាកលេខភ្នំពេញ 3E-4447 មានសណ្ដោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខភ្នំពេញ 4A-4633 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានគេចខ្លួនក្រោយពេលកើតហេតុរួច។
រថយន្តខាងលើបានបើកបរពីទិសខាងកើតទៅទិសខាងលិចតាមបណ្តោយផ្លូវជាតិលេខ៤ លុះមកដល់ចំណុចកើតហេតុក៏បានប៉ះរថយន្ដមួយគ្រឿងមិនស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរ (បើកគេចក្រោយពេលកើតហេតុ) កំពុងបើកបរបញ្ច្រាសទិសគ្នា។ បន្ទាប់មករថយន្ដម៉ាកSHACMAN បានជ្រុលទៅប៉ះបុកម៉ូតូ ៣គ្រឿង៖ ម៉ូតូទី១-ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1N-1528 អ្នកបើកបរឈ្មោះសុត ចាន់ចាវ ភេទប្រុស អាយុ២៦ឆ្នាំ ឌុបមនុស្សម្នាក់ឈ្មោះសុត សុខណា ភេទស្រី អាយុ៣៣ឆ្នាំ អ្នកទាំងពីរនៅភូមិមាត់សាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ម៉ូតូទី២-ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1V-4842 អ្នកបើកបរឈ្មោះ កឹង លន់ ភេទស្រី អាយ២៤ឆ្នាំ នៅភូមិក្រាំងពន្លៃ ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (មានផ្ទៃពោះ)និងម៉ូតូទី៣-ម៉ាកHONDA BEAT ពណ៌ក្រហម-ស ពាក់ផ្លាកលេខកំពង់ស្ពឺ 1V-3645 អ្នកបើកបរឈ្មោះ សាវុធ សុថេន ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិអូររំចារ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឌុបឈ្មោះ យូ សារ៉េន ភេទស្រី អាយុ ២១ឆ្នាំ នៅភូមិគងរកា ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
នគរបាលចរាចរណ៍បាននិយាយបន្ថែមទៀតថា ម៉ូតូទាំងបីគ្រឿងខាងលើកំពុងបើកបរបញ្រ្ចាសទិសគ្នាពីលិចទៅកើត បណ្ដាលឲ្យគ្រោះថ្នាក់មនុស្សនិងខូចខាតសម្ភារ៖ របួសមនុស្ស ៥នាក់ ស្រី៣នាក់ ធ្ងន់២នាក់ស្រី(ឈ្មោះកឹង លន់និងឈ្មោះយូ សារ៉េន) ត្រូវបានមន្ត្រីជំនាញហៅរថយន្តសាមុយដឹកអ្នករងរបួសធ្ងន់យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
ចំពោះវត្ថុតាងរថយន្ដ និងម៉ូតូ រក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំកាហែង រង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕