សន្ដិសុខសង្គម

បុរសដែលស្លា.ប់ដោយយកគ្រាប់ដេកា៧៥ ច្រែះចាប់ដំផ្ទុះ ព្រោះចង់យកលោហធាតុធ្វើកណ្តឹងគោ

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ ព្រោះតែចង់បានបំណែកលោហធាតុម្យ៉ាងដើម្បីធ្វើជាកណ្តឹងគោ បុរសម្នាក់បានឆ្លងកាត់សម័យសង្គ្រាមឬកើតទាន់សម័យគ្រាប់ផ្លោង បានរើសយកគ្រាប់កាំភ្លើងត្បាល់ដេកា (DK75 )ចាស់ពីក្នុងដីមកដំឯផ្ទះ បណ្តាលឲ្យផ្ទុះស្លាប់ស្ទើរខ្ទេចសាកសព។

នេះបើតាមអ្នកភូមិនិងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភ្នំដី ស្រុកភ្នំស្រុក ឲ្យសារព័ត៌មានដឹងកាលពីថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២៤ ។

ទីតាំងកើតហេតុនៅនឹងបរិវេណផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិ ត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

មន្ត្រីនគរបាលខាងលើបន្តថា: ជនរងគ្រោះ ឈ្មោះ  ប្រង ប៊ិស ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

មុនគ្រោះថ្នាក់ ១ឆ្នាំមុន ជនរងគ្រោះបានបានយកត្រាក់ទ័រទៅភ្ជួរដីចម្ការ ក៏ប្រទះឃើញគ្រាប់កាំភ្លើងដេកាចាស់ ច្រែះចាប់១គ្រាប់ ហើយរើសមកទុកត្រង់ជង្រុកមួយ ហើយមិនបានរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចឡើយ ។

លុះដល់រសៀលថ្ងៃខាងលើ វាដូចជាមានហេតុភេទមួយចេះតែជំរុញឲ្យជនរងគ្រោះទៅយកគ្រាប់យុទ្ធភណ្ឌនោះមកដំដើម្បីបំបែកជា២កំណាត់ ក្នុងគោលបំណងកែច្នៃធ្វើជាកណ្ដឹងគោ ។គ្រាប់ក៏ផ្ទុះ កក្រើកឡើងបណ្តាលបុរសនោះស្លាប់ ។ប៉ុន្តែក្នុងគ្រោះនោះ ក៏នៅមានសំណាង១ក្នុង១ពាន់គ្រោះដែរ ដោយប្រពន្ធជនរងគ្រោះរវល់ដាំដុះទៅឯចម្ការ ។ចំណែកកូនទី១ដេកលើផ្ទះ កូនទី២ អង្គុយមើលឪពុកដំគ្រាប់ មិនបានរងគ្រោះថ្នាក់ទេ ៕