ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ

ដោយ៖  បន្ទាយ

បន្ទាយមានជ័យ÷ រដ្ឋបាលខេត្តបន្ទាយមានជ័យ  បានប្រារព្ធពិធីព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៧១យាងចូល ៧២ព្រះវស្សា  ។

មន្ត្រីសាលាខេត្តបានឲ្យដឹងកាលពីរសៀលថ្ងៃទី១៤ខែឧសភា  ឆ្នាំ២០២៤ថា ព្រះរាជពិធីប្រព្រឹត្តទៅក្រោមអធិបតីភាព  ឯកឧត្តម  អ៊ុំ  រាត្រី  អភិបាល  នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ  ឯកឧត្តម  ប្លែក  វ៉ារី  ប្រធានក្រុមប្រឹក្សាខេត្ត  ព្រមទាំងមានការចូលរួមពីអភិបាលរងខេត្ត  សមាជិកាក្រុមប្រឹក្សាខេត្ត  មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ  មន្ត្រីរាជការ  សិស្សនិស្សិត  តាជី យាយជី បានចូលរួមផងដែរ  ប្រារព្ធធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ។

លោកអភិបាលបានថ្លែងក្នុងន័យក្រាបទូលថា : នៅក្នុងឱកាសដ៏មហាជ័យមង្គលាភិរម្យថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត បញ្ញវន្ត ព្រះសង្ឃ ប្រជាពលរដ្ឋទូទាំងខេត្ត ក៏បានថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់យ៉ាង ចំពោះព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

សូមព្រះអង្គទ្រង់ប្រកបដោយព្រះកាយពលមាំមួន ខ្លាំងក្លាព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរដើម្បីព្រះអង្គទ្រង់គង់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ បន្តព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជាប្រវត្តិសាស្ត្រពីព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដីនិងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ដើម្បីភាពចម្រុងចម្រើន ថ្កុំថ្កើង រុងរឿង និងសម្បូរសប្បាយប្រកបដោយសុខដុមរមនា របស់មាតុភូមិ អង្គរជាទីស្នេហា និងប្រជារាស្ត្រគ្រប់រូបជាយូរអង្វែងតរៀងទៅ។

សូមរំលឹកថា ថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០០៤ ក្រុមប្រឹក្សារាជសម្បត្តិ បានបោះឆ្នោតជាឯកច្ឆន្ទ ថ្វាយព្រះបរមនាថ នរោត្តម សីហមុនី ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕