សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ២នាក់ ជាមួយថ្នាំញៀនជិត៣គីឡូក្រាមទៅតុលាការ

ដោយ÷សុខុម
ភ្នំពេញ៖សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងនៅថ្ងៃទី១៣ឧសភា២០២៤ថា បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងគ្រឿងញៀនក្រោយបង្រ្កាបទម្ងន់ជិត៣គីឡូក្រាមទៅសាលាដំបូងក្រុងភ្នំពេញ។

សមត្ថកិច្ចបាននិយាយបន្ថែមទៀតថា ករណីបង្ក្រាបគ្រឿងញៀនខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៧) ដឹកនាំដោយលោក វរសេនីយ៍ឯក វ័រ វុទ្ធា នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក យេង ប៊ុនណា នាយការិយាល័យ សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ។មានការសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។សមត្ថកិច្ច បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅតាមបណ្តោយផ្លូវលេខ ១០៨០ ភូមិស្រែអំបិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ២នាក់៖ ឈ្មោះ ច័ន្ទ វីរ: (ឡុង ឆេកូ) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ សោម វិវឌ្ឍន៍ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ។ ចំណែកវត្ថុតាងចាប់យករួមមាន៖ ១.គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ២៩៨៨ក្រាម (ជិត៣គីឡូក្រាម)៕