សន្ដិសុខសង្គម

ស្លាប់បុរសម្នាក់ និងផ្ទះ ០៤ខ្នងរងការខូចខាតដោយសារខ្យល់កន្ត្រាក់ និងរន្ទះបាញ់

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង៖ បុរសម្នាក់ស្លាប់ និងលំនៅឋានប្រជាពលរដ្ឋ ០៤ខ្នងទៀតរងការខូចខាតក្នុងហេតុការណ៍គ្រោះធម្មជាតិមេឃធ្លាក់ភ្លៀងធំ និងផ្គររន្ទះក្នុងស្រុកបវេល។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា: ឧបទ្ទវហេតុបង្កឡើងដោយធម្មជាតិនេះបានកើតឡើងនៅអំឡុងម៉ោងជិត ៥ល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅភូមិសាស្ត្រស្រុកបវេល ខេត្តបាត់ដំបង។

ភ្លៀងធ្លាក់ជោកជាំមួយមេធំខាងលើបានប៉ះពាល់ដល់ឃុំចំនួន ០២ មានឃុំល្វា និងឃុំក្តុលតាហែន ក្នុងស្រុកបវេល ជាមួយគ្នាលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ៤ខ្នងក៏បានរងការខូចខាតធ្ងន់ និងស្រាលផងដែរ។

លើសពីនេះទៀតក្នុងហេតុការណ៍ដដែលក៏បង្កឲ្យមានរន្ទះបាញ់ បាញ់ត្រូវបុរសម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗដែរខណ:ជនរងគ្រោះកំពុងដើរក្បែរៗផ្ទះ។  សាកសពជនរងគ្រោះមានឈ្មោះផា ណារាំង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិតានី ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង៕