សន្ដិសុខសង្គម

កុមារាអាយុ ០៣ឆ្នាំម្នាក់តោងលេងព្រះភូមិមុខផ្ទះ ត្រូវព្រះភូមិធ្លាក់សង្កត់បាក់កស្លាប់

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង៖ កុមារអាយុ ០៣ឆ្នាំម្នាក់ ខណ:តោងលេងព្រះភូមិនៅមុខផ្ទះត្រូវព្រះភូមិបាក់សង្កត់លើបណ្តាលឲ្យបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែង។

នគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថា: ករណីក្មេងប្រុសស្លាប់ដោយសារព្រះបាក់សង្កត់លើនេះ បានកើតឡើងនៅវេលាជិតថ្ងៃត្រង់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នៅក្រុមទី២០ ក្នុងភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពបានបន្តថា: កុមារាជនគ្រោះមានឈ្មោះសាវ វណ្ណ:ឧត្តម អាយុ ០៣ឆ្នាំ មានទីលំនៅភូមិផ្លូវដំរីក្រោម ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ខណ:មកលេងសាច់ញាតិនៅខេត្តបាត់ដំបង កន្លែងកើតហេតុ។ នៅពេលដែលឪពុកម្តាយមិននៅផ្ទះ ក្មេងជនរងគ្រោះ ព្រមទាំងបងប្អូន ២នាក់ផ្សេងទៀតបាននាំគ្នារត់លេងនៅមុខផ្ទះជុំវិញព្រះភូមិ ក្រោយមកទំនងបានតោងលេងព្រះភូមិចុះឡើងៗក៏ស្រាប់តែព្រះភូមិមួយកំណាត់លើបានបាក់សង្កត់លើបណ្តាលឲ្យបាក់ក និងបែកក្បាលមុខមាត់ច្រើនកន្លែងទៀតស្លាប់ភ្លាមៗតែម្តង។

ករណីនេះ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យនិងបានសន្ឋិដ្ឋានថា ក្មេងជនរងគ្រោះពិតជាស្លាប់ដោយសារព្រះភូមិធ្លាក់សង្កត់ពីលេីពិតប្រាកដមែន ហើយបានអំពាវនាវដល់អាណាព្យាបាលគ្រប់រូបឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវាងបញ្ហាកើតឡើងដូចករណីខាងលើនេះ៕