ព័ត៌មានជាតិ

ក្រសួងនិងខេត្តនឹងជំរុញសហគមន៍សម្បូរមានជ័យស្រុកស្ទឹងត្រង់ឲ្យទៅជាសហគមន៍ទំនើប

ដោយ៖គង់ហេង
ក្រសួកសិកម្មនិងខេត្តកំពង់ចាមបានរួមគ្នាជំរុញសហគមន៍កសិកម្មសម្បូរមានជ័យ ឃុំសូភាស ស្រុកស្ទឹងត្រង់ ដែលមានទុនសរុបជាង៣ពាន់លានរៀល មានសមាជិកប្រមាណជាង ២.០០០នាក់ឲ្យប្រែក្លាយទៅជាសហគមន៍ទំនើបមានលក្ខណៈស្តង់ដារដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

នេះជាការបញ្ជាក់នៅក្នុងពិធីជួបជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍សម្បូរមានជ័យ ក្នុងឃុំសូភាស ស្រុកស្ទឹងត្រង់ កាលពីរសៀលថ្ងៃទី ១០ ឧសភា ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្រ្តីអមដំណើរជាច្រើនរូបផ្សេងទៀត។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា៖ រដ្ឋបាលខេត្តបាននិងកំពុងរៀបចំសហគមន៍មួយនេះធ្វើយ៉ាងណាឲ្យប្រែក្លាយទៅជាសហគមន៍ទំនើប។ ប៉ុន្តែមុននឹងក្លាយជាសហគមន៍ទំនើប លុះត្រាតែសហគមន៍មានលក្ខណៈស្តង់ដារច្បាស់លាស់សិន។ នេះជាកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតជាសំខាន់ទៅលើសុខភាព លើជីវភាពរបស់ប្រជាពលរដ្ឋ គឺគ្រប់ផ្នែក គ្រប់វិស័យទាំងអស់ដែលសំខាន់ៗ ត្រូវរៀបចំកម្មវិធីនយោបាយរបស់ខ្លួននីមួយៗ ដើម្បីឆ្ពោះទៅលើប្រជាពលរដ្ឋ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានបន្តថា៖ សហគមន៍នេះមានទុនជាង បីពាន់លានរៀល ប្រហែលជាង ៧០ម៉ឺន ដុល្លាររួចមកហើយក្នុងរយៈពេលជាង១០ឆ្នាំនេះ ពោលគឺមានលទ្ធភាពអាចទៅរួចហើយ បូករួមទាំងសមាជិកមានជាង ២.000 នាក់ទៀត ដែលយើងអាចពង្រឹងនិងពង្រីកខ្លួនឯងបាន ក្រោមការជួយគាំទ្រ បន្ថែមទៀតទៅលើ ក្របខណ្ឌបច្ចេកទេស នីតិវិធីមួយចំនួនទៀតមានលក្ខណៈជាប្រព័ន្ធ ដើម្បីឱ្យដើរទៅរកផ្លូវមួយ មានភាពរឹងមាំ ភាពធន់ទៅនឹងវិបត្តិសេដ្ឋកិច្ច ភាពធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ។

ឯកឧត្តមជឿថា៖ នៅពេលប្រែក្លាយជាសហគមន៍ទំនើប គឺមិនមែនជាលក្ខណៈគ្រួសារទៀតទេ នឹងទៅជាក្រុមហ៊ុនដ៏ធំមួយ ទៅជាឧស្សាហកម្ម មិនមែនជាកសិកម្មសាមញ្ញទេ គឺជាកសិឧស្សាហកម្ម ឬហៅថាកសិកម្មគ្មានផ្សែង។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា៖ ក្រសួងនឹងត្រៀមគម្រោងមួយចំនួនដើម្បីជួយដល់សហគមន៍នេះ ដូចជាផ្ទះសំណាញ់សម្រាប់ដាំបន្លែ និងស្វែងរកទុនបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា៖ ក្រោយពីចុះពិនិត្យជាក់ស្តែងឃើញថា ដីនៅតំបន់យើងនេះនៅមានសក្តានុពលជាច្រើនទៀត។ ដោយឡែកនៅខេត្តកំពង់ធំ ក៏កំពុងតែរៀបចំសហគមន៍ទំនើបពីដំណាំស្វាយចន្ទី គឺរបៀបរៀបចំសហគមន៍ទំនើបដូចជាសហគមន៍សម្បូរមានជ័យ ដែលមានអាយុកាលជាង១០ ឆ្នាំ ឱ្យក្លែយជាសហគមន៍ទំនើបពិតប្រាកដ គឺចូលរួមផលិតរួមគ្នា ជាផលិកម្មរួមគ្នានៅក្នុងតំបន់របស់យើង។ ដោយរៀបទៅជា កៅស៊ូ ស្រូវ ចន្ទី។ បើតាមលោក ឆេង ថុង ប្រធានសហគមន៍សព្វថ្ងៃសហគមន៍នេះមានដីត្រឹមតែ ៣៥ ហិកតាទេ។ដូច្នេះចំពោះមុខត្រូវរួមគ្នាស្វែងរកថវិកាដើម្បីយកទៅទិញដីនៅជុំវិញតំបន់នេះបន្ថែមទៀត។

ឯកឧត្តមបានបន្តថា៖ ដើម្បីប្រែក្លាយជាសហគមន៍ទំនើប ហើយធំ គឺត្រូវការដីទំហំធំ ថ្ងៃក្រោយសហគមន៍នេះនឹងក្លាយជា សហគមន៍ជួយទិញ-លក់ ផលិតផលមួយចំនួន ប៉ុន្តែសហគមន៍ទំនើបបន្តដាំដំណាំចន្ទី និងដំណាំផ្សេងៗទៀត ក្នុងឃុំសូភាសនេះ។ ដូច្នះឱ្យក្រុមការងារត្រូវរួមគ្នាជួយពិនិត្យមើលអ្វីដែលជាបញ្ហារបស់សហគមន៍ ដើម្បីធ្វើឲ្យសហគមន៍នេះប្រែក្លាយទៅជាសហគម្មន៍ទំនើបសម្រាប់ធ្វើជាគំរូនៅខេត្តកំពង់ចាម៕