សន្ដិសុខសង្គម

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ៤នាក់បន្ទាប់ពីកាប់បំផ្លាញម៉ូតូអ្នកដទៃ

ដោយ៖ កំចាយ

កំពត÷ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានស្រុកឈូក បានស្រាវជ្រាវ រួចឃាត់ខ្លួនជនសង្ស័យ៤នាក់ក្រោយកាប់បំផ្លាញម៉ូតូ២គ្រឿងរបស់អ្នកដទៃដោយគ្រាន់តែធ្លាប់មានទំនាស់ជាមួយគ្នាកន្លងមក។

លោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង៩យប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ មានយុវជនមួយក្រុមបានប្រើកាំបិតកាប់ម៉ូតូអ្នកដទៃព្រោះតែធ្លាប់ទំនាស់នឹងគ្នាកន្លងមក។ ករណីនេះបានកើតឡើងនៅភូមិក្រសាំង ឃុំឈូក ស្រុកឈូកបង្កដោយជនសង្ស័យចំនួន៦នាក់។

លោកស្នងការរងបានបន្តថា ក្រោយទទួលព័ត៌មាននេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកឈូកបានចុះអន្តរាគមន៍ និងដេញតាមរហូតដល់ភូមិនារាយណ៍ ឃុំនារាយណ៍ និងភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ក៏ឃាត់ខ្លួនក្រុមជនសង្ស័យបាន៤នាក់ជាបន្តបន្ទាប់។ ក្នុងនោះ រួមមាន ១. ឈ្មោះ អ៊ុង វាសនា អាយុ ១៩ឆ្នាំ។ ២.ឈ្មោះ ថន សុភ័ក្រ អាយុ ២៣ឆ្នាំ។ ៣. ឈ្មោះ ង៉ែត លាភ អាយុ ១៨ឆ្នាំ។ ទាំង៣នាក់រស់នៅភូមិពស់ពង ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត។ ៤. ឈ្មោះ ឆាន់ ទីន អាយុ ១៩ឆ្នាំ រស់នៅភូមិពស់ពង ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូ រួមមាន ១. ឈ្មោះ ឯក ចាន់ដារ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិតាមុំ ឃុំបានៀវ ស្រុកឈូក ខូចខាតម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥។ ២. ឈ្មោះ យ៉ាត់ ពន្លឺ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិអង្គរពាក់ ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត ខូចខាតម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវ។

លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់ថា ក្រោយឃាត់ខ្លួន កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកឈូកបានបញ្ជូនជនសង្ស័យទាំង៤នាក់មកកាន់ស្នងការដ្ឋានខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្ត។ ចំណែកជនសង្ស័យ២នាក់ដែលកំពុងគេចខ្លួន សមត្ថកិច្ចកំពុងតាមដានស្រាវជ្រាវ និងតាមឃាត់ខ្លួននាំមកចាត់ការតាមនីតិវិធី។ ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ សមត្ថកិច្ចបានដកហូតម៉ូតូចំនួន៤គ្រឿងដែលពួកគេជិះធ្វើសកម្មភាពផងដែរ៕