ដោយ÷សុខុម
មណ្ឌលគិរី÷មានសេចក្តីរាយការណ៍មកនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ថា សត្វដំរីញីដែលមានរបួសហើយជួយសង្រ្គោះចេញពីក្នុងភក់កាលពីកន្លងមកនោះបានបាត់បង់ជីវិតទៅហើយនៅម៉ោង៥ព្រឹកនេះ។
មន្ត្រីជំនាញ មានការសោកស្តាយចំពោះការបាត់បង់សត្វដំរីព្រៃញីមួយក្បាល។សេចក្តីរាយការណ៍បានឱ្យដឹងទៀតថា កាលពីថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២៤ ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី រួមសហការជាមួយអង្គការ WWF មន្ត្រីជំនាញ និងក្រុមការងារនៃក្រុមហ៊ុនលឹមរ៉ូយ៉ាល់ បានជួយសង្គ្រោះសត្វដំរីព្រៃញីមួយក្បាលជាប់ក្នុងល្បាប់ភក់និងមានរបួសជើងមុខខាងឆ្វេងនិងផ្នែកពោះដោយប្រើគ្រឿងចក្រនិងខ្សែទាញ។
នៅពេលនោះក្រុមការងារបានដឹកជញ្ជូនដំរីមកបន្តព្យាបាលនៅទីស្នាក់ការកណ្ដាលរយ៉លើ នៃដែនជម្រកសត្វព្រៃលំផាត់។គេសង្កេតឃើញសុខភាពដំរីញីមួយនេះកាន់តែមានសភាពខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្រោយមកក៏បានងាប់។
មន្ត្រីជំនាញបានបញ្ជាក់ថា ក្រុមការងារនឹងរៀបចំជីករណ្តៅកប់សពសត្វដំរី នៅទីស្នាក់ការរយ៉លើដែនជម្រកសត្វព្រៃលំផាត់ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕