ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ ៖ គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ នាសាលប្រជុំ (ខ) សាលាខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី០៧ខែ ឧសភា ឆ្នាំ២០២៤ បានប្រជុំការងារគ្រប់គ្រងគ្រោះមហន្តរាយជាបន្ទាន់ ដោយផ្តោតលើការត្រួតពិនិត្យ ការត្រៀមបង្ការឆ្លើយតប គ្រប់គ្រងចំពោះមុខគ្រោះមហន្តរាយ ពិសេសគឺទ្រោលសភាពការណ៍គ្រប់គ្រងទឹកប្រើប្រាស់និងទឹកបរិភោគជូនប្រជាពលរដ្ឋចំពេលក្តៅហួតហែងខ្លាំងនេះ ។
លោកអភិបាល អភិបាលរងស្រុកក្រុងទាំង៩នៃខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ ដូចជាធនធានទឹកនិងឧតុនិយម , មន្ទីរអភិវឌ្ឍន៍ជនបទ ,មន្ទីរអប់រំ យុវជននិងកីឡា មន្ទីរសុខាភិបាល…បានលើកឡើងតាមជំនាញរបស់ខ្លួនទាក់ទិននឹងបរិមាណទឹកដែលនៅទ្រោលការប្រើប្រាស់និងទឹកបរិភោគបានក្នុងរយ:ពេលប៉ុន្មានខែខាងមុខ ហើយមានបញ្ហាប្រឈមការខ្វះខាត បើសិនមិនមានភ្លៀងធ្លាក់ដែលបង្កើតបានធារទឹកក្នុងអាងនៃអូរ ស្ទឹង បឹង ត្រពាំង ជាដើម ។ចាំបាច់និងបន្ទាន់ត្រូវរួមគ្នាក្នុងលក្ខណ:ប្រើកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុបក្នុងការដោះស្រាយចំពោះមុខកង្វះទឹកនេះនាពេលខាងមុខដ៏ខ្លី ។
លោកអ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ ដែលបានដឹកនាំកិច្ចប្រជុំការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានថ្លែងថា : កិច្ចប្រជុំនេះដើម្បីធ្វើការការត្រួតពិនិត្យ ការត្រៀមបង្ការឆ្លើយតប គ្រប់គ្រងចំពោះមុខការងារគ្រោះមហន្តរាយក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។
ក្នុងនោះលោកបានសួរ ឆ្លើយនូវសេចក្តីរាយការណ៍និងការអន្តរាគមន៍របស់មន្ត្រី សមត្ថកិច្ច កងកម្លាំងទាំង៣ប្រភេទលើ ទី១៖ គ្រោះថ្នាក់ គ្រោះអគ្គិភ័យ ទី២- គ្រោះធម្មជាតិ មានខ្យល់កន្ត្រាក់ គ្រោះភ័យក្នុងគ្រោះមហន្តរាយនៃបម្រែបម្រួលអាកាសធាតុនិងទី៣-បញ្ហាឡើងកម្ដៅនិងបញ្ហាប្រឈមនឹងកង្វះទឹកប្រើប្រាស់ ទឹកបរិភោគ ។
លោកប្រធានគណ:កម្មាធិការបានណែនាំមួយចំនួនដូចជា :ទី១-បង្កើតក្រុមការងារចុះត្រួតពិនិត្យការងារគ្រប់គ្រងទឹកនៅតាមស្រុកក្រុង។ទី២-មន្ទីរធនធានទឹកនិងឧតុនិយមនិងស្រុកក្រុងទាំង៩ ត្រូវចុះរុករក វាយតម្លៃ ត្រៀមបង្ការប្រភពទឹកសម្រាប់ដោះស្រាយជូនពលរដ្ឋដែលខ្វះទឹក។ទី៣-ផែនការគ្រប់គ្រងទឹកអោយបានច្បាស់លាស់ ។មិនអនុញ្ញាតអោយយកទឹកស្រោចស្រពដំណាំស្រូវទៀតទេ ។ទី៤- កែលម្អ ជួសជុលអណ្តូងទឹកប្រភពក្នុងដី។ទី៥-មន្ទីរអប់រំ ត្រូវតាមដាន ចុះពិនិត្យតាមសាលារៀន ពិសេសមត្តេយ្យសិក្សា បឋមសិក្សា ដើម្បីផ្គត់ផ្គង់ទឹក។ទី៦-ដើម្បីបង្ការគ្រោះថ្នាក់ ហានិភ័យនានា កម្លាំងនគរបាល កងរាជអាវុធហត្ថត្រូវបន្តសកម្មត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀននិងការអនុវត្តច្បាប់ចរាចរណ៍ ៕