ពន្ធដារ

កម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration) ទទួលបានការគាំទ្រយ៉ាងខ្លាំង

ភ្នំពេញ៖ តាមរយៈអនុសាសន៍គន្លឹះលើចក្ខុវិស័យផ្នែកពន្ធដារ សម្រាប់ឆ្នាំ២០២៤ នៃកម្មវិធីសិក្ខាសាលារបស់ វិទ្យាស្ថានខេមអេដ (CamEd Business School) នាថ្ងៃទី៨ ខែឧសភាឆ្នាំ២០២៤ ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងពីសារប្រយោជន៍នៃកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration) ព្រមទាំងអំពាវនាវឱ្យសាធារណជននិងអ្នកជាប់ពន្ធ ចូលរួមប្រើប្រាស់កម្មវិធីនេះឱ្យបានផុសផុល ដើម្បីសម្រួលដល់ការធ្វើធុរកិច្ចរបស់ខ្លួនឱ្យកាន់តែមានភាពងាយស្រួល មានប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័សក្នុងការទំនាក់ទំនងជាមួយរដ្ឋបាលសារពើពន្ធ។

បន្ទាប់ពីបានឈ្វេងយល់ដោយផ្ទាល់ពី ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ គណៈគ្រប់គ្រងនិងសិស្សនិស្សិតនៃវិទ្យាស្ថានខេមអេដ មានការសាទរ និងគាំទ្រយ៉ាងខ្លាំងលើការធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យាព័ត៌មាន ពិសេសចំពោះសមិទ្ធផលថ្មី ប្រកបដោយសារប្រយោជន៍នៃកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration) ដែលអនុញ្ញាតឱ្យ សាធារណជននិងអ្នកជាប់ពន្ធប្រើប្រាស់ សម្រាប់ដាក់លិខិតរដ្ឋបាលនានា មករដ្ឋបាលសារពើពន្ធដោយមិនចាំបាច់ខាតពេលវេលាធ្វើដំណើរទៅផ្ទាល់ និងមានសាមញ្ញភាពលើការប្រើប្រាស់ ព្រមទាំងមានសុវត្ថិភាពក្នុងការ រក្សាទុកឯកសារ ឬលិខិតរដ្ឋបាលនានាដែលបានដាក់បញ្ជូនមករដ្ឋបាលសារពើពន្ធ។

អគ្គនាយកដ្ឋានពន្ធដារ បានកំណត់យកការបន្តធ្វើបរិវត្តកម្មឌីជីថលរដ្ឋបាលសារពើពន្ធ ជាគោលបំណងចម្បងមួយ នៃផែនការយុទ្ធសាស្រ្តរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងនោះការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានគឺជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងអភិបាលកិច្ច តាមរយៈការបង្កើតនិងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធ កម្មវិធីបច្ចេកវិទ្យាព័ត៌មាននានា សំដៅធានាបានការគ្រប់គ្រងប្រមូលចំណូលពន្ធ និងការផ្តល់សេវា អ្នកជាប់ពន្ធប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់៕