ព័ត៌មានជាតិ

កម្លាំងនគរបាល យោធានិងអាជ្ញាធរចុះជួយរុះរើនិងជួសជុលផ្ទះប្រជាពលរដ្ឋខូចខាតដោយខ្យល់កន្ត្រាក់

ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ ៖ កម្លាំងនគរបាលស្រុកថ្មពួកនិងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ កងពលតូចថ្មើរជើងលេខ៥១ បានចេញប្រតិបត្តិការចុះជួយរុះរើនិងជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ដែលបានកើតឡើងកាលពីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅឃុំថ្មពួក ឃុំគំរូនិងឃុំបន្ទាយឆ្មារស្រុកថ្មពួក ។

លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថ្ងៃទី០៧ខែឧសភាថា៖ ក្រោយពីមានឧប្បត្តិហេតុគ្រោះធម្មជាតិខ្យល់កន្ត្រាក់ដែលបង្កឲ្យលំនៅឋានប្រជាពលរដ្ឋចំនួន៣ឃុំ គឺបន្ទាយឆ្មារ ឃុំគំរូនិងឃុំថ្មពួក សរុបចំនួន៦៥ខ្នង រងនូវការខូចខាតធ្ងន់ ស្រាល ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឲ្យយលោកដឹកនាំកម្លាំងនគរបាលអធិការដ្ឋានស្រុកនិងប៉ុស្តិ៍រដ្ឋបាល សរុបចំនួន៦០នាក់ ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋដែលរងការខូចខាត តាំងពីល្ងាចថ្ងៃទី០៥និងព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នេះ ដោយក្នុងនោះក៏មានអាជ្ញាធរ ស្រុកថ្មពួក ឃុំ កម្លាំងផ្នែកយោធាសិករងស្រុកថ្មពួក នៃតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យកម្លាំងកងពលតូចថ្មើជើងលេខ៥១ ចំនួន១០០នាក់ កម្លាំងវរសេនាតូចលេខ២០នាក់ កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនដងរ៉ែក នៃវរសេនាតូចការពារព្រំដែនលេខ៨០៧ ចំនួន៤នាក់ ។

 

សូមរំលឹកថា កាលពីម៉ោង៣និង៣០នាទីដល់ម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានភ្លៀងធ្លាក់មួយមេធំ លាយឡំជាមួយខ្យល់កន្ត្រាក់ បណ្តាលអោយមានផលប៉ះពាល់របើកដំបូលផ្ទះប្រជាពលរដ្ឋ ចំនួន០៣ឃុំ ។សរុបការខូចខាតទាំង០៣ឃុំ របើកដំបូលផ្ទះ ចំនួន៦៥ខ្នង ដោយក្នុងនោះធ្ងន់ ១២ខ្នង ។

កម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ជួយរុះរើរៀបចំទុកដាក់ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់
ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ អនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ វរសេនីយ៍ត្រី ព្រឹក ហ៊ុយ មេបញ្ជាការវរសេនាតូចលេខ១ និងអនុសេនីយ៍ឯក ហឿង សុជាតិ មេបញ្ជាការផ្នែកសឹករងថ្មពួក បានចាត់តាំង កម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងចម្រុះ ចុះជួយរុះរើរៀបចំទុកដាក់ និងជួសជុលផ្ទះ ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ បានចំនួន១៨ ខ្នង ស្ថិតក្នុងភូមិសាស្រ្តស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ៕