ដោយ៖ គង់ហេង
កំពង់ចាម៖ ខេត្តកំពង់ចាមមានមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត ដែលបានចំណាយទឹកប្រាក់ក្នុងការសាងសង់អស់ប្រមាណ ១៦០.០០០ ដុល្លារអាមេរិក នៅជាប់មន្ទីរពេទ្យបង្អែកខេត្ត ក្នុងក្រុងកំពង់ចាម ហើយបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី ៦ ឧសភាម្សិលមិញ។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមសាស្រ្តាចារ្យ ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល,លោក កុសល អភិបាលរងខេត្តកំពង់ចាម និងលោក ANDRE SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រ។
ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាមបានមានមតិស្វាគមន៍ថា៖ ក្រោយពីមានកិច្ចព្រមព្រៀងរវាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងមន្ទីរសុខាភិបាលខេត្តកំពងចាម អគារមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត ខេត្តកំពង់ចាម នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានចាប់ផ្តើមសាងសង់ឡើងនៅថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ ២០២៣ មានកម្ពស់ ១ ជាន់ បណ្តោយ ១៥ ម៉ែត្រ និង ទទឹង ១២ ម៉ែត្រ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ហើយបញ្ចប់ការសាងសង់នៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២ ០២៤ ចំណាយថវិកាអស់ចំនួន ១៦០ ០០០ ដុល្លារ។
ឯកឧត្តមវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាលបានបន្តថា៖ តាងនាមថ្នាក់ដឹកនាំមន្ទីរសុខាភិបាល មន្រ្តីសុខាភិបាល និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូលសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមរដ្ឋមន្រ្តី ក្រសួងសុខាភិបាលដែលបានបង្កើតឱ្យមានមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត នៅខេត្តកំពង់ចាម ក្រោមកិច្ចសម្របសម្រួលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ពិតជាមានសារៈសំខាន់យ៉ាងជ្រាលជ្រៅ និងសំដែងឱ្យឃើញច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំលើសុខុមាលភាពរបស់ប្រជាជន ដែលជួបការលំបាក ស្របតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕