យោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍របស់អគ្គនាយកដា្ឋនពន្ធដារ បានបញ្ជាក់ថា ១៣ចំណុច ដែលអ្នកជាប់ពន្ធមិនត្រូវធ្វើ ដើម្បីចៀសផុតពីការពិន័យទោសទណ្ឌពីរដ្ឋបាលសារពើពន្ធ។
តាមមាត្រា ២៣៥ នៃច្បាប់ស្ដីសារពើពន្ធ បុគ្គលដែលបានប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្ដីពីពន្ធដារ នឹងត្រូវទទួលការផាកពិន័យជាប្រាក់ ៥លានរៀល ដល់ ១០លានរៀលដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀត។
១៣ ចំណុច ដែលត្រូវបានចាត់ជាអំពើរាំងស្ទះទាំងនោះគឺរួមមាន៖
- ការមិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ស្របតាមការកំណត់របស់ច្បាប់ស្ដីពីសារពើពន្ធ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត
- ការមិនបានជូនដំណឹងទៅរដ្ឋបាលសារពើពន្ធអំពីការផ្លាស់ប្ដូរព័ត៌មាននៃការចុះបញ្ជី
- ការមិនបានដាក់លិខិតប្រកាសសារពើពន្ធ
- ការមិនបានប្រើប្រាស់ប្រព័ន្ធកត់ត្រាដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ
- ការមិនបានចេញវិក្កយបត្រ
- ការមិនផ្ដល់ព័ត៌មាន ឬមិនបានបញ្ជូនរបាយការណ៍តាមការស្នើសុំ
- ការមិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធ ធ្វើការពិនិត្យបញ្ជិកាគណនេយ្យ ឬឯកសារផ្សេងៗ
- ការមិនបានរក្សាបញ្ជិកាគណនេយ្យ និងឯកសារផ្សេងៗទៀត
- ការព្យាយាមរារាំងការកំណត់ និងការប្រមូលពន្ធ
- ការកសាង ឬផ្ដល់នូវកំណត់ត្រា ឯកសារ របាយការណ៍ ឬព័ត៌មានក្លែងបន្លំ
- ការលាក់ទុកឬបំផ្លាញចោលដោយចេតនានូវបញ្ជិកាគណនេយ្យ កំណត់ត្រា ឯកសារ របាយការណ៍ ឬព័ត៌មានផ្សេងៗ
- ការចេញវិក្កយបត្រក្លែងបន្លំ
- ការមិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធចូលគ្រឹះស្ថានអាជីវកម្មដើម្បីកំណត់និងប្រមូលពន្ធ ។
ចំពោះបុគ្គលដែលបានប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញតិ្ត ស្ដីពីពន្ធដារនឹងត្រូវទទួលការផាកពិន័យជាប្រាក់ ៥ ០០០ ០០០ (ប្រាំលាន) រៀល ដល់ ១០ ០០០ ០០០ (ដប់លាន) រៀល តាមមាត្រា ២៣៥ នៃច្បាប់ស្ដីពីសារពើពន្ធ ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀត ៕