សេដ្ឋកិច្ច

ព្រែកជីកហ្វូណនជាមធ្យោបាយដឹកជញ្ជូនសេដ្ឋកិច្ចដ៏មានសក្ដានុពលរបស់កម្ពុជា

ដោយ៖  ប្រសិទ្ធ

ភ្នំពេញ៖គម្រោងដឹកជញ្ជូនផ្លូវទឹកថ្មីរបស់កម្ពុជាមានការគាំទ្រយ៉ាងខ្លាំងពីថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជាទូទាំងប្រទេស។ វាជាគម្រោងដែលផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់ការដឹកជញ្ជូនទំនិញ ចេញ-ចូលប្រក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យថ្លៃដើមមានតម្លៃទាប ចំណេញពេលវេលា និងធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើនឆាប់រហ័ស។

គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តចំនួនបួនរួមមាន ៖ ខេត្តកណ្តាល តាកែវ កំពត និងកែប។ ព្រែកជីកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ មានជម្រៅទឹក ៥,៤ម៉ែត្រ។ គម្រោងព្រែកជីកនេះគ្រោងប្រើប្រាស់ទុនប្រមាណ ១៧០០ លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាយ៉ាងល្អិតល្អន់រួចហើយ ដោយប្រើរយៈពេលប្រមាណ២៦ខែ។

ថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាលើកឡើងថា ព្រែកជីកហ្វូណននឹងចាប់ផ្តើមស្ថាបនៅចុងឆ្នាំ២០២៤តទៅ។  គម្រោងព្រែកជីកដ៏មានសក្តានុពលនេះ មានសារសំខាន់ធំៗមួយចំនួនទៀត ដែលជាការមើលឃើញរបស់ថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជារួមមាន ១-បង្កើតប្រភពទឹកសម្រាប់ការស្រោចស្រពផលដំណាំគ្រប់ប្រភេទដល់ប្រជាជនរស់នៅទិសនិរតីនៃប្រទេសកម្ពុជា។ បង្កើនលទ្ធភាពបង្កបង្កើនផលច្រើនដង និងដោះស្រាយបញ្ហាគ្រោះរាំងស្ងួត។ ២-បង្កើតបណ្តាញដឹកជញ្ជូនតាមផ្លូវទឹកប្រទាក់ក្រឡាគ្នាពីទន្លេទៅសមុទ្របានច្រើន និងងាយស្រួលជាងមុន ដោយមិនចាំបាច់ឆ្លងកាត់វៀតណាម និងមិនបាច់បង់ថ្លៃបន្ថែម ឬមិនខកដំណើរពេលភាគីប្រទេសវៀតណាមមិនសហការ។ ៣-បង្កើតប្រភពត្រីក្នុងព្រែក និងបម្រើដល់វារីវប្បកម្ម (ការចិញ្ចឹមសត្វក្នុងទឹកដូចជាចិញ្ចឹមត្រីជាដើម)។ ៤-ជួយរំដោះទឹកជំនន់នៅតាមខេត្តទិសនិរតីនៃប្រទេសកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានលើកយកនូវគុណប្រយោជន៍នៃព្រែកជីកនេះ មកបង្ហាញជូនឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត ក៏ដូចជាមន្ត្រីតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា រួមមានវៀតណាមផងដែរ ពន្យល់ និងបង្ហាញព័ត៌មាននានា ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន-តេជោ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា គម្រោងនេះទទួលបានការគាំទ្រយ៉ាងធំធេងពីប្រជាពលរដ្ឋខ្មែរ ពីព្រោះគម្រោងនេះមានគុណប្រយោជន៍មហាសាលពាក់ព័ន្ធការធ្វើពាណិជ្ជកម្មរបស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ក៏ធ្លាប់បានផ្តល់កិច្ចសម្ភាសន៍ដល់ទូរទស្សន៍អន្តរជាតិ ទាក់ទងទៅនឹងព្រែកជីកហ្វូណននេះផងដែរ។ លោកបានមានប្រសាសន៍ដោយបើកចំហថា នៅពេលដែលព្រែកជីកនេះស្ថាបនារួចរាល់ ក្រុមហ៊ុនវិនិយោគក្នុងស្រុក និងក្រៅប្រទេស នឹងទទួលបានផលចំណេញកាន់តែច្រើនបន្ថែមទៀតទៅលើថ្លៃដឹកជញ្ជូន ជាពិសេសការដឹកជញ្ជូនតាមផ្លូវទឹកផ្ទាល់តែម្តង។ លោកក៏បានស្នើដល់វិនិយោគិនទាំងអស់ដែលធ្លាប់គិតថា វិនិយោគនៅប្រទេសកម្ពុជាពិបាកក្នុងការដឹកជញ្ជូននោះ អាចមកវិនិយោគនៅកម្ពុជាបាន ពីព្រោះកម្ពុជានាពេលបច្ចុប្បន្ន មានមធ្យោបាយក្នុងការដឹកជញ្ជូនងាយស្រួលជាងមុន មានថ្លៃដឹកជញ្ជូនទាប និងមានការអនុគ្រោះច្រើនចំពោះអ្នកវិនិយោគ ដោយផ្អែកលើច្បាប់វិនិយោគថ្មីរបស់កម្ពុជា៕