ព័ត៌មានជាតិ

ស្ថានភាពទឹកនិងទីតាំងសម្រាប់ផលិតទឹកស្អាតក្នុងភូមិសាស្ត្រស្រុកមង្គលបូរី អាចផ្គត់ផ្គង់បានតែជាង១ខែទៀតប៉ុណ្ណោះ

ដោយ៖  បន្ទាយ

បន្ទាយមានជ័យ ៖មន្ត្រីចម្រុះរួមមានមន្ត្រីជំនាញធនធានទឹកនិងឧតុនិយម  ជំនាញឧស្សាហកម្ម អាជ្ញាធរដែនដី សហគមន៍កសិករប្រើប្រាស់ទឹក កាលពីថ្ងៃទី០២ខែឧសភាឆ្នាំ២០២៤ បានសហការចុះពិនិត្យមើលស្ថានភាពទឹកនិងទីតាំងសម្រាប់ផលិតទឹកស្អាតក្នុងភូមិសាស្ត្រស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ស្ថានភាពទឹកអាចផ្គត់ផ្គង់បានតែជាង១ខែទៀតប៉ុណ្ណោះ បើគ្មានភ្លៀងធ្លាក់ទេនោះ។

ការចុះពិនិត្យនោះដឹកនាំដោយលោក ឃ្លោក នួយ អភិបាលនៃគណៈអភិបាលរងខេត្ត អមដំណើរដោយលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត និងក្រុមការងារបច្ចេកទេសមន្ទីរ លោក ញិល ប៊ុនធឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី និងសហគមន៍កសិករប្រើប្រាស់ទឹក ។

សមាសភាពចម្រុះចំនួន២៥នាក់នោះបានចុះពិនិត្យមើលស្ថានភាពទឹក និងទីតាំងសម្រាប់ផលិតទឹកស្អាតផ្គត់ផ្គង់ជូនពលរដ្ឋក្នុងស្រុកមង្គលបូរីចំនួន២ទីតាំងរួមមាន៖

លោកយឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ បានឲ្យ Cambodia Flash News (CFN) ដឹងថា៖ ទីតាំងទី១ ក្រុមហ៊ុនគ្រីនសូន្យ ស្ថិតនៅភូមិពោធិ៍ពីរដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី ដែលយកទឹកពីប្រភពទឹកស្ទឹងមង្គលបូរី អណ្តូងនិងស្រះ ។

គោលដៅនេះ មកទល់បច្ចុប្បន្នពុំទាន់មានបញ្ហាប្រឈមនៅឡើយទេ ព្រោះមានទឹកអាចប្រើប្រាស់បានពី១ទៅ ១ខែកន្លះខាងមុខទៀតដែរ។ ក្នុងករណីមិនមានភ្លៀងធ្លាក់ក្នុងរយៈពេល១ខែកន្លះខាងមុខទៀត អាចនាំឱ្យការផ្គត់ទឹកស្អាតមានការខ្វះខាត និងទីតាំងទី២ ក្រុមហ៊ុនផលិតទឹកស្អាតស្រុកមង្គលបូរី ស្ថិតនៅភូមិគោកស្វាយ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី  ដែលយកទឹកពីប្រភពទឹកស្ទឹងមង្គលបូរី និងទឹកស្រះ ។

គោលដៅនេះ មកទល់ពេលនេះក៏ពុំទាន់មានបញ្ហប្រឈមនៅឡើយទេ ព្រោះទឹកអាចប្រើប្រាស់បានពី២ទៅ៣ខែ ខាងមុខទៀតឯណោះ ។

ចំណែកលោករ័ត្ន ដាស៊ីណង់  អភិបាលស្រុកមង្គលបូរីបានឲ្យ Cambodia Flash News (CFN)  ដឹងនារសៀលថ្ងៃដដែលថា៖ កន្លងមកនិងពេលនេះ  មន្ត្រីអាជ្ញាធរនិងផ្នែកពាក់ព័ន្ធបានតាមដាន ត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើបញ្ហាស្ថានភាពទឹកស្រោចស្រពដំណាំកសិកម្ម និងជាពិសេសពេលនេះទឹកលើតម្រូវការផ្គត់ផ្គង់ទឹកស្អាតចំនួន០៤កន្លែងនៃស្រុកមង្គលបូរី ។

ក្រោយការចុះពិនិត្យ វាយតម្លៃដោយមន្ត្រីចម្រុះលើ២ទីតាំងលើ៤ទីតាំងឃើញថា បរិមាណទឹកប្រើប្រាស់និងបរិភោគអាចផ្គត់ផ្គង់ជូនពលរដ្ឋរហូតចុងខែឧសភា ឆ្នាំ២០២៤ ដែរ។

ប៉ុន្តែបើក្នុងករណីនៅតែក្តៅហួតហែងនិងមិនមានភ្លៀងកក់ខែបែបនេះបន្តទៀត ភូមិសាស្ត្រនឹងប្រឈមខ្វះខាតទឹកនៅដើមខែមិថុនា ខាងមុខនេះ ។

លោករ័ត្ន ដាស៊ីណង់ បានអំពាវនាវថា: សូមបងប្អូនប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធទាំងឡាយ មេត្តាប្រើប្រាស់ទឹកដោយការសន្សំសំចៃខ្ពស់…៕