សន្ដិសុខសង្គម

អាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តពីបទពាក់ព័ន្ធគ្រឿងញៀន

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ ៖ កម្លាំងកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បានចុះល្បាតការពារសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត រហូតដល់ចំណុចផ្លូវកែងវិហារឥស្លាម ស្ថិតក្នុងភូមិបាលិលេយ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានប្រទះឃើញជនសង្ស័យជាមុខសញ្ញាចាស់ ដែលធ្លាប់ចែកចាយគ្រឿងញៀនហើយបានឃាត់ខ្លួនដើម្បីត្រួតពិនិត្យ ប៉ុន្តែរកមិនឃើញគ្រឿងញៀននោះទេ បន្ទាប់មកកម្លាំងបាននាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីធ្វើតេស្តទឹកនោមរកសារធាតុញៀន ឃើញថាវិជ្ជមាន(+)។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ៖ ជនសង្ស័យមានឈ្មោះ ស្រី ហៃ ហៅស្រីហុង ភេទស្រី ឣាយុ៥៩ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្រោយពីសមត្ថកិច្ចសួរនាំរួច ឃើញថាមានតម្រុយខ្លះគួរឱ្យសង្ស័យ។ ក្រោយមកលោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្តបន្ទាយមានជ័យ ទើបកម្លាំងកងរាជឣាវុធហត្ថក្រុងចុះធ្វើការឆែកឆេរបន្ទប់ស្នាក់នៅរបស់ឈ្មោះ ស្រី ហៃ រកឃើញគ្រាប់ថ្នាំពណ៌ក្រហមក្បឿង(WY)ចំនួន៣ថង់កិប ស្មើនឹង៨៤៨គ្រាប់ និងកូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនទៀត ហើយកម្លាំងរបស់យើងបានឃាត់ខ្លួនជនសង្ស័យដែលត្រូវជាប្តីឈ្មោះ ឈឹម សុម៉េត ហៅម៉េត ហើយនាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តតែម្ដង។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជឣាវុធហត្ថខេត្ត ទទួលការងារបទល្មើសគ្រឿងញៀនបានប្រាប់ឱ្យដឹងថា : ចម្លើយសារភាព និងវត្ថុតាងដែលចាប់បានគឺមានភាពស៊ីសង្វាក់គ្នាបង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ ជនទាំងពីរពិតជាបានប្រព្រឹត្តបទល្មើស រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ពិតប្រាកដមែន។

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្ត បានបញ្ជូនទៅសាលាដំបូងខេត្តកាលពីល្ងាចថ្ងៃទី០១ ឧសភា ឆ្នាំ២០២៤ ៕