សន្ដិសុខសង្គម

អាវុធហត្ថក្រុងប៉ោយប៉ែត បង្ក្រាបក្មេងទំនើងជិត៣០នាក់  ប្រមូលផ្តុំគ្នាយ៉ាងអណាធិបតេយ្យនៅលើដងផ្លូវសាធារណៈ

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង០៤ និង៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានប្រទះឃើញក្រុមក្មេងទំនើងមួយក្រុមមានគ្នាច្រើននាក់  កំពុងប្រមូលផ្តុំគ្នានៅលើដងផ្លូវសាធារណៈ  នៅក្រោយកាស៊ីណូ ពូលី ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ក្រុងប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានឃាត់ខ្លួនយកមកសួរនាំ។

លោកអនុសេនីយ៍ឯក ម៉ែន ស៊ីដែន មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង  បានដឹកនាំកម្លាំងចំនួន២០នាក់ រថយន្ត០៣គ្រឿង ម៉ូតូ០៤គ្រឿង ក្នុងប្រតិបត្តិការនោះ ។

កម្លាំងបានចុះធ្វើការត្រួតពិនិត្យ និងនាំក្មេងទំនើងទាំងអស់សរុបចំនួន២៩នាក់  ម៉ូតូ០៥គ្រឿង  បញ្ជូនមកកាន់មូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត  ដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី  នួន  នីណារ៉ូ  មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត  បានឱ្យដឹងថា  : ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី  បោន  ប៊ិន  មេបញ្ជាការកងរាជអាវុធហត្ថខេត្ត  កម្លាំងតែងតែធ្វើរចុះល្បាតជាប្រចាំក្នុងភូមិសាស្រ្តក្រុង  ក្នុងការបង្ក្រាបរាល់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន។

ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង  ចុះធ្វើការឃាត់ខ្លួនក្មេងទំនើងដែលប្រមូលផ្តុំគ្នាយ៉ាងអណាធិបតេយ្យ  ព្រមទាំងបាននាំខ្លួនមកដល់មូលដ្ឋានកងរាជអាវុធហត្ថក្រុង  សួរនាំ  និងបានធ្វើតេស្តរកសារធាតុញៀន  ជាលទ្ធផលពុំមានសារធាតុញៀននោះទេ ។

កម្លាំងបានធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យា  និងបានឱ្យអាណាព្យបាលមកធានាត្រឡប់ទៅលំនៅដ្ឋានវិញនៅរសៀលថ្ងៃទី៣០  ខែមេសា  ដល់ទី០១ខែឧសភា ឆ្នាំ២០២៤។

ករណីនេះ លោកឧត្តមសេនីយ៍ត្រី  បោន  ប៊ិន  មមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានអំពាវនាវបងប្អូនប្រជាពលរដ្ឋ  សូមចូលរួមអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំងអស់គ្នា។

សូមរាយការណ៍ជាសម្ងាត់រាល់បទល្មើសផ្សេងៗដែលកើតមាននៅមូលដ្ឋានដើម្បីបង្ក្រាបឱ្យបាន់ទាន់ពេលវេលា  ដូចជាក្មេងទំនើង  ល្បែងស៊ីសង  ជាពិសេសករណីគ្រឿងញៀន ទាំងអស់គ្នាត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន៕