ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង០៤ និង៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានប្រទះឃើញក្រុមក្មេងទំនើងមួយក្រុមមានគ្នាច្រើននាក់ កំពុងប្រមូលផ្តុំគ្នានៅលើដងផ្លូវសាធារណៈ នៅក្រោយកាស៊ីណូ ពូលី ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ក្រុងប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានឃាត់ខ្លួនយកមកសួរនាំ។
លោកអនុសេនីយ៍ឯក ម៉ែន ស៊ីដែន មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំងចំនួន២០នាក់ រថយន្ត០៣គ្រឿង ម៉ូតូ០៤គ្រឿង ក្នុងប្រតិបត្តិការនោះ ។
កម្លាំងបានចុះធ្វើការត្រួតពិនិត្យ និងនាំក្មេងទំនើងទាំងអស់សរុបចំនួន២៩នាក់ ម៉ូតូ០៥គ្រឿង បញ្ជូនមកកាន់មូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា : ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងតែងតែធ្វើរចុះល្បាតជាប្រចាំក្នុងភូមិសាស្រ្តក្រុង ក្នុងការបង្ក្រាបរាល់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន។
ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះធ្វើការឃាត់ខ្លួនក្មេងទំនើងដែលប្រមូលផ្តុំគ្នាយ៉ាងអណាធិបតេយ្យ ព្រមទាំងបាននាំខ្លួនមកដល់មូលដ្ឋានកងរាជអាវុធហត្ថក្រុង សួរនាំ និងបានធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផលពុំមានសារធាតុញៀននោះទេ ។
កម្លាំងបានធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យា និងបានឱ្យអាណាព្យបាលមកធានាត្រឡប់ទៅលំនៅដ្ឋានវិញនៅរសៀលថ្ងៃទី៣០ ខែមេសា ដល់ទី០១ខែឧសភា ឆ្នាំ២០២៤។
ករណីនេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានអំពាវនាវបងប្អូនប្រជាពលរដ្ឋ សូមចូលរួមអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំងអស់គ្នា។
សូមរាយការណ៍ជាសម្ងាត់រាល់បទល្មើសផ្សេងៗដែលកើតមាននៅមូលដ្ឋានដើម្បីបង្ក្រាបឱ្យបាន់ទាន់ពេលវេលា ដូចជាក្មេងទំនើង ល្បែងស៊ីសង ជាពិសេសករណីគ្រឿងញៀន ទាំងអស់គ្នាត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន៕