ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ ៖ យុវជនជាកម្មករផ្នែកដឹកជញ្ជូនម្នាក់ បានស្លាប់នៅនឹងកន្លែងក្នុងគ្រោះថ្នាក់ចរាចររថយន្តបុកពេញទំហឹងជាមួយនឹងម៉ូតូក្នុងល្បឿនលឿន ស្ថិតនៅចំណុចខាងក្រោយផ្លូវលំផ្សារអូរអំបិល ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។
តាមអ្នកស្រុកនិងសមត្ថកិច្ចបានឲ្យដឹងថា៖ យុវជនរងគ្រោះមានឈ្មោះ រិទ្ធ រាជ អាយុ១៦ឆ្នាំ ជាកម្មករ ផ្នែកដឹកជញ្ជូន មានស្រុកកំណើតនៅខេត្តព្រះវិហារ ហើយមកស្នាក់នៅភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
មុនកើតហេតុ មានយុវជនម្នាក់បានបើកបរម៉ូតូហុងដាឌ្រីម ពាក់ផ្លាកលេខបន្ទាយមានជ័យ 1AB.9011 បើកបរតាមផ្លូវពីត្បូងមកជើងបម្រុងឆ្លងផ្លូវបំបែកជាបួនទៅជើង។
ជួនជាពេលនោះមានរថយន្តម៉ាកហាយឡិនឌ័រពាក់ផ្លាកលេខបន្ទាយមានជ័យ2B.0567 បានបើកបរក្នុងល្បឿននៅតាមដងផ្លូវបេតុងពីលិចមកកើត។លុះដល់ចំណុចផ្លូវបំបែកជាបួនអ្នកជិះម៉ូតូឆ្លងផ្លូវប៉ះពេញទំហឹងប៉ើងជាង១០ម៉ែត្របណ្តាលបែកក្បាលហូរឈាមស្លាប់ភ្លាមៗនៅនឹងកន្លែង។
ក្រោយគ្រោះថ្នាក់ គេឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានទៅដល់ភ្លាមៗឃាត់អ្នកបើកបររថយន្តយកទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហើយកម្លាំងជំនាញបានធ្វើការវាស់វែងបានប្រាប់ថា មូលហេតុគ្រោះចរាចរកើតឡើងបង្កដោយរថយន្តហាយឡិនឌ័របើកបរលឿនបានប៉ះអ្នកបើកបរម៉ូតូឆ្លងផ្លូវបំបែកជាបួនបណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែងជាអ្នកបើកបរម៉ូតូ ៕