ព័ត៌មានជាតិ

តម្រង់ទិសថ្នាក់ខេត្ត ស្ដីពីការអនុវត្តក្របខ័ណ្ឌ អនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមគឺចង់ឲ្យប្រជាជនមានសុខភាពល្អ សប្បាយរីករាយនិងអាយុវែង

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ  ៖ អង្គសិក្ខាសាលាតម្រង់ទិសថ្នាក់ខេត្តស្ដីពីការអនុវត្តក្របខ័ណ្ឌ អនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា(PHC-BIF) បានធ្វើឡើងកាលពីថ្ងៃទី០២ ខែឧសភាឆ្នាំ ២០២៤ នៅសាលប្រជុំធំនៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោកអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ និងចូលរួមដោយលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត អនុប្រធានមន្ទីរសុខាភិបាលខេត្តនិងអនុប្រធាន,ប្រធានមន្ទីរ អង្គភាព អភិបាល អភិបាលរងស្រុក ក្រុង ប្រធាន អនុប្រធានការិយាល័យសុខាភិបាលស្រុកក្រុងប្រតិបត្តិ មន្ត្រីសុខាភិបាល  និងអ្នកពាក់ព័ន្ធផ្សេងទៀត ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តនៃរដ្ឋបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា : សិក្ខាសាលាមានគោលដៅចង់ឲ្យប្រជាជនមានសុខភាពល្អ សប្បាយរីករាយ និងអាយុវែង ។រីឯគោលបំណងធ្វើអោយបុគ្គលនិងក្រុមគ្រួសារទទួលបានសេវាសុខភាពដែលមានលក្ខណ:សមាហរណកម្មដោយយកប្រជាជនជាមជ្ឈមណ្ឌល(ការបង្ការ ការលើកកម្ពស់សុខភាព ការថែទាំអ្នកជំងឺ ប្រកបដោយគុណភាព  នវានុវត្តន៍ សមធម៌ និងអាចប្រើប្រាស់សេវាបានដោយគ្មានរបាំងហិរញ្ញវត្ថុ)។

លោកបន្តថា: កន្លងមក  មន្ទីរសម្រេចបាននូវសមិទ្ធផលនិងធ្វើអោយរីចម្រើនយ៉ាងខ្លាំងលើការពង្រឹងប្រព័ន្ធសុខាភិបាលដោយវិនិយោគលើការថែទាំសុខភាពបឋមតាមរយ:ការកសាងបណ្តាញមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត ក្រុង/ស្រុក នៅតាមមូលដ្ឋានដើម្បីងាយស្រួលដល់ប្រជាជនមកទទួលសេវារួមមាន ៖ សុខភាពមាតា ទារកនិងកុមារ ការបង្ការដែលរួមចំណែកដល់ការកាត់បន្ថយអត្រាមរណភាពរបស់ម្តាយនិងទារកនិងកុមារ បង្កើនការព្យាបាលនិងការបង្ការមេរោគ/ជំងឺអេសដ៍ របេង គ្រុនចាញ់និងជំងឺផ្សេងៗទៀតដែលមានហានិភ័យដល់សុខភាពនិងការធ្វើអោយប្រសើរឡើងដើម្បីឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ។

ក្នុងសិក្ខាសាលានោះ លោក អ៊ុំ  រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានធ្វើការវាយតម្លៃ និងកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលទាំងអស់ដែលជាសេនាធិការឲ្យក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត ក្នុងការអនុវត្ត ការងាររយៈពេលកន្លងមក ដើម្បីបម្រើការងារជូនប្រជាពលរដ្ឋ។

លោកអ៊ុំ  រាត្រី សង្ឃឹមជឿជាក់ថា  លោក អ្នកដែលជាតួអង្គសិក្ខាកាមដែលបានចូលរួមសិក្ខាសាលានាពេលនេះត្រូវយកចិត្តទុកដាក់ស្ដាប់គ្រូឧទេ្ទស និងចូលរួមពិនិត្យរួមគ្នានូវការងារដែលបានអនុវត្តកន្លងមកលើការងារថែទាំសុខភាពបឋម។ ពិសេសការផ្ដល់នូវមតិយោបល់ទស្សនទាន ក្នុងការចូលរួមរៀបចំផែនការអនុវត្ត និងការគាំទ្រនូវកិច្ចការដ៏មានសារសំខាន់តាមដានសមត្ថកិច្ចនៃការទទួលខុសត្រូវរៀងៗខ្លួនដើម្បីចូលរួមចំណែកធ្វើឲ្យប្រសើរឡើងនូវសុខភាពរបស់ប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋាន៕