ពន្ធដារ

ការជួលអចលនទ្រព្យតម្លៃក្រោម៥០០០០០រៀលត្រូវលើកលែងពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ

ដោយ៖ស-សម្បត្តិ

ភ្នំពេញ៖យោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ មានវិសាលភាពអនុវត្តលើកម្មសិទ្ធិករ ឬសិទ្ធិវន្ត មិនមែនជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលជួលអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជាតាមអត្រា១០%នៃថ្លៃឈ្នួលអចលនទ្រព្យសរុប។

(រូបឯកសារ)

កម្មសិទ្ធិករ ឬសិទ្ធិវន្ដ ឬអ្នកតំណាងដែលមានសិទ្ធិ ត្រូវដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យជូនរដ្ឋបាលសារពើពន្ធដែលអចលនទ្រព្យនោះស្ថិតនៅជារៀងរាល់ខែ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ ប្រសិនបើកិច្ចសន្យាតម្រូវឱ្យបង់ថ្លៃឈ្នួលប្រចាំខែឬយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០នៃខែបន្ទាប់(គិតពីខែដែលធ្វើការទូទាត់ថ្លៃឈ្នួលសរុប)ប្រសិនបើកិច្ចសន្យាតម្រូវឱ្យមានការបង់ថ្លៃឈ្នួលសម្រាប់រយៈពេលជាច្រើនខែ។

(រូបឯកសារ)

យ៉ាងណាមិញពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ក៏មានការលើកលែងផងដែរចំពោះថ្លៃឈ្នួលពីការជួលអចលនទ្រព្យចំពោះគ្រប់ករណីទាំងឡាយដែលសរុបប្រាក់ឈ្នួលប្រចាំខែក្រោម ៥០០,០០០ (ប្រាំសែន) រៀល។ ទន្ទឹមនឹងនេះ ពន្ធនេះក៏ត្រូវបានលើកលែងផងដែរចំពោះ៖

-ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់រាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័នរាជរដ្ឋាភិបាល

-ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់បេសកកមុ្មការទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រាជរដ្ឋាភិបាលដទៃទៀត

-ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់អង្គការ ឬសមាគមណាមួយដែលត្រូវបានរៀបចំឡើង និងដំណើរការសម្រាប់គោលដៅសុទ្ធសាធខាងសាសនា សប្បុរសធម៌ វិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬអប់រំ ហើយគ្មានចំណែកណាមួយនៃថ្លៃឈ្នួលត្រូវបានប្រើប្រាស់ជាប្រយោជន៍ឯកជន

-ប្រាក់ដែលអ្នកជួលបានតម្កល់ទុកជាប្រាក់ធានា ដែលកម្មសិទ្ធិករ ឬសិទ្ធិវន្ដ ត្រូវប្រគល់គ្រប់ចំនួនឱ្យអ្នកជួលវិញនៅពេលចប់កិច្ចសន្យា

-ថ្លៃឈ្នួលដែលបានកាត់ទុកប្រាក់ពន្ធរួចហើយ ដោយសហគ្រាសជាអ្នកជាប់ពន្ធតាមរបបស័្វយប្រកាស ស្របតាមមាត្រា ២៥ និងមាត្រា២៦ នៃច្បាប់ស្ដីពីសារពើពន្ធ

-ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់សហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលបានគិតបញ្ចូលក្នុងប្រាក់ចំណូលជាប់ពន្ធរបស់សហគ្រាសរួចហើយ៕