ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់ កម្មករ កម្មការិនី នៅតាមបណ្តារោងចក្រ សហគ្រាស សរុប ៥១៤ កន្លែង ដែលមានកម្មករ និយោជិតសរុប ៤១.៥០៩ នាក់ កំពុងបំពេញសកម្មភាពការងារ ប្រសិនបើមានវិវាទអ្វីមួយ សូមដាក់ពាក្យបណ្តឹង មកកាន់ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬអាជ្ញាធរស្រុក ក្រុងដោះស្រាយជាបន្ទាន់ គឺដើម្បីជៀសវាងកុំឲ្យបាត់បង់ផលប្រយោជន៍បងប្អូនកម្មករ។
ឯកឧត្តមបានអំពាវនាវ យ៉ាងដូច្នេះ នៅក្នុងពេលដែលឯកឧត្តមបានអញ្ជើញចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ« សហគ្រាសមួយជា សហគមន៍សុខសាន្តមួយ» ដែលបានរៀបចំឡើងនៅសាលាខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ២៧ ខែមេសា។
ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ការយកចិត្តទុកដាក់ពីសុខទុក្ខ លើកម្មករ កម្មរិនី របស់រាជរដ្ឋាភិបាល គឺកំពុងតែបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននិងយកចិត្តទុកដាក់ខ្លាំងបំផុតនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះក៏មានខេត្តកំពង់ចាមដែរ គឺសិទ្ធិការពាររបស់កម្មករ កម្មការិនី ដែលកំពុងធ្វើការងារ នៅតាមរោងចក្រ សហគ្រាស គឺជាបញ្ហាអាទិភាព។កន្លងមករាល់បញ្ហាដែលបានកើតឡើងរវាងកម្មករនិយោជិតនិងថៅកែរោងចក្រនិយោជកដែលបានកើតឡើងអាជ្ញាធរយើងតែងតែបានចូលរួមដោះស្រាយដើម្បីផ្តល់នូវយុត្តិធម៌និងទទួលបាននូវផលប្រយោជន៍ស្របច្បាប់ទាំងអស់គ្នា។
ឯកឧត្តមបានលើកឡើងថា ប៉ុន្តែពាក់ព័ន្ធនឹងវិវាទការងារ ខ្លះដែលមានចរិតញុះញង់ពីជនអគតិមានលក្ខណៈស្មុគ្រស្មាញ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បង្កឱ្យប៉ះពាល់បាត់បង់ផលប្រយោជន៍ កម្មករកម្មការិនីយើងភាគច្រើននោះ អាជ្ញាធរនឹងមិនលើកទឹកចិត្តទេ។ ព្រោះការធ្វើកូដកម្ម បាតុកម្មខ្លះ មិនមានហេតុផលសមស្របដែលទង្វើទាំងនេះវាគឺមិនខុសអ្វី ពីការវាយបំបែបឆ្នាំងបាយខ្លួនឯងនោះឡើយ។ ដូច្នេះទេ នៅពេលខាងមុខ សំណូមពរដល់បងប្អូន កម្មករ កម្មការិនីយើង ទាំងអស់ បើសិនជាមានបញ្ហាវិវាទការងារ កើតឡើងនៅក្នុងរោងចក្រ សហគ្រាសតូចក្តីធំក្តី សូមមេត្តាដាក់ពាក្យបណ្តឹងមកកាន់មន្ទីរការងារ ឬអាជ្ញាធរស្រុក ក្រុង នៃទីកន្លែងរោងចក្រ សហគ្រាសនោះ ឬដាក់មករដ្ឋបាលខេត្តកំពង់ចាមជាបន្ទាន់ ដើម្បីឱ្យមន្រ្តីទទួលយកសំណូមពរ ឬសំណើ រាល់បញ្ហាដែលកើតមានឡើង យកមកធ្វើការដោះស្រាយជូនបងប្អូនកម្មករ។ ម៉្យាងវិញទៀតរាជរដ្ឋាភិបាលក៏ដូច អភិបាលខេត្ត មានវិធានការ នៃការដោះស្រាយជូនបងប្អូនប្រកបដោយប្រសិទ្ធភាព។
បច្ចុប្បន្ននៅទូទាំងខេត្តកំពង់ចាម មានរោងចក្រ សហគ្រាស គ្រឹះស្ថានសរុប ៥១៤ សហគ្រាស កម្មករ និយោជិតសរុប ៤១.៥០៩នាក់ ស្រី ២៩.៤៧៧នាក់។ ក្នុងនោះឧស្សាហកម្មវាយនភណ្ឌកាត់ដេរ និង ផលិតស្បែកជើងមានចំនួន២១កន្លែង កម្មករ និយោជិតចំនួន ២៥.៨៨៨នាក់ ស្រី ២៣.០៣៣នាក់។ កម្មករនិយោជិតវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ម្នាក់ៗ ទទួលបានប្រាក់ចំណូលជាមធ្យម ២៥០ដុល្លារអាមេរិក និងវិស័យផ្សេងៗ ទទួលបានប្រាក់ចំណូល ជាមធ្យម ២៣០ ដុល្លារអាមេរិក។ បើគិតពីប្រាក់ឈ្នួលរបស់កម្មករនិយោជិតជាមធ្យមប្រចាំឆ្នាំវិស័យ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗ មានប្រមាណជា ១២០លានដុល្លារអាមេរិក បានរួមចំណែកបង្កើនប្រាក់ចំណូលរបស់ប្រជាជនខេត្តកំពង់ចាមប្រចាំឆ្នាំ (GDP) ក្នុងម្នាក់ៗ ចំនួន ១.៦៩៣ ដុល្លារអាមេរិក៕