ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវឱ្យមានការបន្តចូលរួមចំណែកបរិច្ចាគឈាមឱ្យក្លាយជាទម្លាប់ដ៏ប្រពៃយ៉ាងផុលផុស

ដោយៈសិរីមតី
ភ្នំពេញ៖លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា៖ ក្រសួងសុខាភិបាល មានគោលដៅបង្កើន និងលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋមានការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គឺឱ្យបានគ្រប់គ្រាន់ក្នុងស្តុក ដើម្បីបំពេញតាមតម្រូវការឈាមជាប្រចាំថ្ងៃ ក្នុងការជួយសង្គ្រោះអ្នកជំងឺ នៅទូទាំងប្រទេសកម្ពុជា ខណៈបច្ចុប្បន្ន ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត មានត្រឹម២០ភាគរយប៉ុណ្ណោះ ក្រៅពីនោះ គឺជាការបរិច្ចាគឈាមជំនួស មានន័យថា អ្នកជំងឺត្រូវការឈាម ក្រុមគ្រួសារជាអ្នកជំងឺបរិច្ចាគជំនួស។


ថ្លែងក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅមន្ទីរពេទ្យកាល់ម៉ែតនាព្រឹកថ្ងៃទី២៥ខែមេសា, លោកសាស្ត្រាចារ្យ ឈាង រ៉ា បានបន្ថែមថា ចំនួន២០ភាគរយ នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ គឺនៅមានកម្រិតទាបនៅឡើយ បើធៀបនឹងប្រទេសជឿនលឿន មានរហូតដល់៩៩ភាគរយឯណោះ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីសម្រេចបាននូវគោលដៅខាងលើ ក្រសួងត្រូវបង្កើនការអប់រំសុខភាព ដល់ប្រជាពលរដ្ឋ ឱ្យបានទូលំទូលាយ អំពីការផ្តល់ឈាម ដោយក្នុងនោះ បុរសអាចផ្តល់ឈាមរហូតដល់៤ដងក្នុងមួយឆ្នាំ គឺអាចបរិច្ចាគរៀងរាល់៣ខែម្តង និងស្ត្រីអាចបរិច្ចាគ៣ដងក្នុងមួយឆ្នាំ ដោយគ្មានបញ្ហាអ្វីនោះទេ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាល ជាបឋមលើកទឹកចិត្ត ឱ្យគ្រប់បណ្តាអង្គភាពក្នុងវិស័យសុខាភិបាល រៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ហើយគ្រប់ក្រសួង-ស្ថាប័នទាំងអស់ នៅទូទាំងប្រទេស ក៏ត្រូវចូលរួមផងដែរ។

លោករដ្ឋមន្ត្រីបានអំពាវនាវបណ្តាស្ថាប័ន អង្គភាពនានាយល់ច្បាស់អំពីអត្ថន័យនៃការបរិច្ចាគឈាមនិង សូមបន្តចូលរួមចំណែកក្នុងការបរិច្ចាគឈាមឱ្យក្លាយជាទម្លាប់ដ៏ប្រពៃយ៉ាងផុលផុសបន្ថែមទៀត។

លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា នេះគឺជាលើកទី១០ហើយ ដែលមន្ទីរពេទ្យកាល់ម៉ែត តែងបានរៀបចំកម្មវិធីបរិច្ចាគឈាម ជារៀងរាល់ឆ្នាំរហូតមក ដោយមានការចូលរួមបរិច្ចាគឈាមពី ថ្នាក់ដឹកនាំ និងបុគ្គលិក-មន្ត្រីរាជការនៃមន្ទីរពេទ្យកាល់ម៉ែត រួមទាំងបងប្អូន សប្បុរសជននានា ជាក្រុមគ្រួសារ និងសាច់ញាតិរបស់អ្នកជំងឺ កំពុងសម្រាកក្នុង មន្ទីរពេទ្យផងដែរ ដើម្បីបង្ហាញពីក្តីសេចក្តីស្រឡាញ់ និងទឹកចិត្តលះបង់ ក្នុងបុព្វហេតុជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺ បន្ថែមពីលើភារកិច្ចពិនិត្យព្យាបាល និង ថែទាំអ្នកជំងឺ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បង្ហាញពីស្ថានភាពតម្រូវការឈាម ក្នុងឆ្នាំ២០២៣នាកន្លងមកថា កម្ពុជាត្រូវការឈាមមួយប្លោក ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ រៀងរាល់៥នាទីម្តង។ តម្រូវការឈាមប្រចាំថ្ងៃ សរុបមានសរុបមាន៣០០ ទៅ ៣៥០ប្លោក នៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេស មានប្រមាណជាង១៤៣,១៥៣ប្លោក ដែលកើនលើសពីឆ្នាំ មុនៗ៣០% ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានគ្របដណ្តប់ជាង៧៥% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។

ក្នុងនាមវិស័យឯកជនដែលជាដៃគូរបស់រាជរដ្ឋាភិបាលមូលនិធិ២៥រៀល របស់វីតាល់ បានសហការរៀបចំ ឧបត្ថម្ភគាំទ្រដល់ដំណើរការរៀបចំកម្មវិធីបរិច្ចាគឈាម នៅមន្ទីរពេទ្យកាលម៉ែត បានចំនួន ១០ឆ្នាំរួចមកហើយ។មូលនិធិ២៥រៀល វីតាល់ ប្តេជ្ញាបន្តចូលរួមគាំទ្រជានិច្ចនូវយុទ្ធនាការចុះប្រមូលអំណោយឈាម របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីរួមគ្នារក្សាសន្ធិធីឈាមសុវត្ថិភាពសម្រាប់អ្នកជំងឺប្រើប្រាស់ ។ ជាមួយគ្នានេះ វីតាល់ ក្នុងនាមជាវិស័យឯកជន នឹងបន្តចូលរួមឧបត្ថម្ភគាំទ្រជានិច្ចដល់ការបង្កើតគម្រោងថ្មីៗ ដែលជាគំនិតផ្តួចផ្តើមក្នុងការចូលរួមដោះស្រាយ និងឆ្លើយតប ជាមួយតម្រូវការជាក់ស្តែង នៃបេសកម្មរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដោយរក្សានូវការគាំទ្រជាមូលធន ក្រោមបូរេប្រទានរបស់មូលនិធិ២៥រៀល វីតាល់ ដែលជាមូលនិធិ កើតចេញពីទឹកចិត្តនិងការបរិច្ចាគរបស់អ្នកប្រើប្រាស់វីតាល់ ដោយគ្រប់ដបៗនៃទឹកពិសាវីតាល់ លោកអ្នកបានបរិច្ចាគប្រាក់ចំនួន២៥រៀល ចូលក្នុងមូលនិធិ ដោយថវិកាទាំងអស់នោះត្រូវបានយកមកប្រើប្រាស់សម្រាប់ការរៀបចំសកម្មភាព សង្គមនានារួមទាំងសកម្មភាពថ្ងៃនេះផងដែរ ដោយឈរលើមូលដ្ឋាននៃការឧបត្ថម្ភគាំទ្រលើវិស័យអតិភាពចំនួនបួនរួមមាន៖ការអប់រំ, បរិស្ថាន,សុខមាលភាពសង្គម និងវប្បធម៌។

លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វីតាល់៖ បានប្រសាសន៍ថា “មូលនិធិ២៥រៀល វីតាល់ នឹងបន្តបេសកម្មចូលរួមឧបត្ថម្ភគាំទ្រជានិច្ចនូវយុទ្ធនាការចុះប្រមូលអំណោយឈាម របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងគ្រប់រូបភាព ដើម្បីរួមគ្នារក្សាសន្ធិធីឈាមសុវត្ថិភាពសម្រាប់អ្នកជំងឺប្រើប្រាស់។ ជាមួយគ្នានេះយើងខ្ញុំ សូមអំពាវដល់ស្ថាប័ន អង្គភាពរដ្ឋ និងឯកជន សូមបន្តចូលរួមយ៉ាងសកម្មក្នុងការរៀបចំកម្មវិធីបរិច្ចាគឈាមឱ្យបានផុលផុសដើម្បីជាចលករជម្រុញដល់វប្បធម៍នៃការរួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះមនុស្សជាតិ៕”