ព័ត៌មានជាតិ

ប្រជុំផ្សព្វផ្សាយស្ដីពីការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ 

ដោយ ៖បន្ទាយ
បន្ទាយមានជ័យ : នៅមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ខែមេសាឆ្នាំ២០២៤ បានបើកកិច្ចប្រជុំស្ដីពីការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យនៃអាណត្តិទី៣ លើកទី១ ។

បន្ទាប់ពីជាប់គាំងដំណើរការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងអាណត្តិទី៣ លើកទី១ តាំងពីខែកុម្ភ: ឆ្នាំ២០២៣ កន្លងមកម្ល៉េះ
ដែលកាលណោះ មានបញ្ឈប់សមាជិកសភានិងការរារាំងបេក្ខជនឈរឈ្មោះបោះឆ្នោតជាដើម ។

កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាពលោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក កែសួន សុភាព អភិបាលរងខេត្តបន្ទាយមានជ័យនិងមានការចូលរួមដោយប្រធាន អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ប្រធាន អនុប្រធាននិងសមាជិកសមាជិកាសភា ពាណិជ្ជករ អាជីវករ សិប្បករ ។

លោកឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មអាណត្តិចាស់បានឲ្យដឹងថា : រយៈកាលកន្លងមក សភាពាណិជ្ជកម្មខេត្តបានបំពេញតួនាទីរបស់ខ្លួនបានល្អបង្គួរ ។សង្ឃឹមថាសភាពាណិជ្ជកម្មថ្មី នៃអាណត្តិទី៣នឹងបន្តការងារនេះបានល្អប្រសើរជាងអាណត្តិមុន ។

លោកកែសួន សុភាព អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ប្រធានសភាពាណិជ្ជកម្មនឹងត្រូវជ្រើសតាំងពីបុគ្គលដែលមានសារសំខាន់ ត្រូវមានចំណេះដឹងមានទំនាក់ទំនងល្អរវាងវិនិយោគិនផ្សេងៗដើម្បីជាប្រយោជន៍កំណើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល។

លោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា: ខេត្តបន្ទាយមានជ័យជាខេត្តជាប់ព្រំដែនថៃ មានសក្ដានុពលសេដ្ឋកិច្ចជាច្រើនដូចជាច្រកទ្វារព្រំដែនផ្លាស់ប្តូរទំនិញចេញ ចូលនិងមានតំបន់សេដ្ឋកិច្ចពិសេស រួមមានរោងចក្រ សហគ្រាសតូចធំជាច្រើនកន្លែង។
ដូច្នេះហើយសភាពាណិជ្ជកម្មគឺមានតួនាទីសំខាន់ ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីកំណើនសេដ្ឋកិច្ច។

ឯកឧត្តម ម៉ៅ ថូរ៉ា បានបន្តថា៖ ហេតុនេះ ក្រសួងពាណិជ្ជកម្ម ក៏ដូចរដ្ឋបាលខេត្តបន្ទាយមានជ័យបានផ្តល់នូវសេចក្ដីជូនដំណឹងផងដែរ ដល់លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ដែលជាពាណិជ្ជករ ឧស្សាហករ អាជីវករ សេវាករ អ្នកធ្វើអាជីវកម្ម កសិកម្មសហគ្រាស និងក្រុមហ៊ុននានាឲ្យបានជ្រាបនៃការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាប្រចាំខេត្តបន្ទាយមានជ័យ អាណត្តិទី៣ លើកទី១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង៨ និង០០នាទីព្រឹក រហូតដល់ម៉ោង១៥និង០០នាទីរសៀល។

ឯការចុះឈ្មោះបោះឆ្នោតនិងចុះឈ្មោះបេក្ខជនឈរឈ្មោះជាសមាជិកសភាពាណិជ្ជកម្មនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ រៀងរាល់ម៉ោងធ្វើការនៅមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យដែលមានអាសយដ្ឋាននៅភូមិបី សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕