ព័ត៌មានជាតិ

ប្រកាសតែងតាំងមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម

ដោយ ៖ គង់ហេង
កំពង់ចាម៖ លោកវរសេនីយ៍ឯក ថេង ឆេងលីម ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំត្រូវបានដំឡើងឋានន្តរសក្តិជាឧត្តមសេនីយ៍ត្រី និងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ជំនួសលោកឧត្តមសេនីយ៍ត្រី សោ សាវឿន ដែលនឹងត្រូវប្តូរទៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី។

ពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិនេះបានរៀបចំឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហ្ថ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី ២៣ មេសានេះ ដោយមានការអញ្ជើញចូលរួមពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស,លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ,ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ សរុបប្រមាណ ១០០ នាក់។

បន្ទាប់ពីមតិផ្តាំផ្ញើរបស់លោក អ៊ុន ចាន់ដា និងលោកនាយឧត្តមសេនីយ៍ សៅ សុខាជាមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ចាមដែលទើបបានប្រកាសចូលកាន់តំណែងបានធ្វើការប្តេជ្ញាចិត្តថា៖ ស្មោះត្រង់អស់មួយជីវិតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល គឺហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារសន្តិភាពឱ្យនៅគង់វង្សជារៀងរហូត និង លើកកម្ពស់ចំណេះដឹងរៀនសូត្រ អំពីច្បាប់ លក្ខខណ្ឌន្តិកៈ បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ដើម្បីតម្រង់ទិសក្នុងប្រតិបត្តិការ បង្ការបង្រ្កាប សង្រ្គោះ ដោយអនុវត្តតាមគោលការណ៍ច្បាប់ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាមថ្មីបានប្តេជ្ញាចិត្តបន្តថា៖ សហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នច្បាប់ អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងខេត្តកំពង់ចាមទាំងមូល ដើម្បីរួមគ្នាការពារ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ឱ្យបានល្អប្រសើរ ។

ជាមួយនោះនឹងខិតខំយកចិត្តទុកដាក់ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថដូចជា ហូបចុក ស្លៀកពាក់ ជំរំជម្រកស្នាក់នៅ សុខភាព អប់រំរៀនសូត្រ រក្សាគ្រប់មធ្យោបាយ គ្រឿងបំពាក់ ការកសាងសប្បាយ និងដោះស្រាយដល់យោធិន នៃកងរាជអាវុធហត្ថ ក្រោមឱវាទ ដោយរស់នៅក្នុងផែនឯកភាព សាមគ្គីភាព ជាធ្លុងមួយ រួមជាមួយស្នាមញញឹម ដោយក្តីស្រឡាញ់ ក្នុងមនោសញ្ចេតនា ជាបងប្អូនក្នុងការរស់នៅក៏ដូចជាក្នុងការបំពេញការងារ៕

លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាមទទួលត្រាពីលោកនាយឧត្តមសេនីយ៍សៅ សុខា