ដោយ៖ សុខុម
មណ្ឌលគិរី៖ អ្នកភូមិជនជាតិព្នងចំនួន ៤នាក់ បានស្លាប់និង ២នាក់រងរបួស នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ស្ត្រីម្នាក់បានឃើញហេតុការណ៍នោះផ្ទាល់ បានឱ្យដឹងថា កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៤ ពួកគាត់បានចេញដំណើរពីភូមិ ដើម្បីទៅរកផលអនុផលព្រៃឈើ (ជ័រចុង) មកលក់ដែលមានចម្ងាយប្រហែល១០គីឡូម៉ែត្រ។ អ្នកភូមិ២គ្រួសារមានគ្នាចំនួន ៦នាក់ ក្នុងនោះមានប្រុសស្រីចាស់ក្មេង។នៅពេលដើរក្នុងព្រៃ ពួកគាត់បានឈប់សម្រាកនៅក្រោមដើមឈើ ហើយក្មេងប្រុសមានអាយុ ១០ឆ្នាំ បានឃើញគ្រាប់មួយនិងបានលើកយកមកបង្ហាញ នៅពេលនោះជីតាបានប្រាប់ថាកុំលេងប្រយ័ត្នផ្ទុះ។ នៅពេលនោះ ស្ត្រីរងរបួស បាននាំកូនតូច អាយុ ៦ឆ្នាំ ចេញពីចំណុចនោះ មិនបានប៉ុន្មានផង គ្រាប់នោះបានរបូតពីដៃក្មេងប្រុសធ្លាក់មកបុកនឹងដីផ្ទុះតែម្តង។
ឃើញបែបនោះស្ត្រី និងក្មេងស្រីរងរបួស បានធ្វើដំណើរមកភូមិរកគេជួយ និងរាយការណ៍មកមន្ទីរពេទ្យបង្អែកក្រុងសែនមនោរម្យ ដើម្បីជួយសង្គ្រោះ ។ ក្រោយទទួលបានដំណឹង កម្លាំងស្នងការនគរបាលខេត្តមណ្ឌលគិរី បានសហការជាមួយកម្លាំងអធិការក្រុងសែនមនោរម្យ ចុះទៅកន្លែងកើតហេតុ ឃើញសពជនរងគ្រោះប្រុសស្រីទាំង ៤នាក់ស្លាប់យ៉ាងអាណោចអាធ័ម និងពិនិត្យអំបែងគ្រាប់ បានសន្និដ្ឋានថា គ្រាប់ដែលផ្ទុះគឺគ្រាប់បេ៤១ ។
ដោយឡែកសពប្រុសស្រីចំនួន ៤នាក់ ត្រូវបានសមត្ថកិច្ច និបងប្អូនប្រជាពលរដ្ឋធ្វើការបញ្ចុះ នៅទីតាំងម្ដុំកើតហេតុនោះ ដោយសារជនជាតិដើមភាគតិចព្នង មានជំនឿថាចង្រៃ មិនឱ្យយកសពមកតម្កល់ធ្វើបុណ្យនៅក្នុងភូមិបានឡើយ ។
ជនរងគ្រោះដែលស្លាប់ទាំង៤នាក់ឈ្មោះ ជើម ក្លឹប ភេទប្រុស អាយុ ៥៨ឆ្នាំ,ឈ្មោះ ក្លេវ ដា ភេទប្រុស អាយុ ៣៧ ឆ្នាំ ,ឈ្មោះ ដា ហាត់ ភេទស្រី អាយុ ១៣ ឆ្នាំ និង ឈ្មោះ ដា សា ភេទប្រុស អាយុ ១០ឆ្នាំ ។
អ្នករងរបួសទី១ ឈ្មោះ តែក ខ្លូង ភេទស្រី អាយុ ៣៦ ឆ្នាំ និងទី២ ឈ្មោះ ដា វាសនា ភេទស្រី អាយុ ៦ឆ្នាំ ៕