ដោយ៖ កំចាយ
កំពត÷ មន្ត្រីសមត្ថកិច្ចនៃស្នងការដ្ឋានខេត្តកំពត នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះបាន និងកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យ៤នាក់ទៅសាលាដំបូង ក្រោមបទប្លន់ជនបរទេសបំណងប្លន់ទ្រពសម្បត្តិ។
មន្ត្រីនគរបាលផែនព្រហ្មទណ្ឌបានប្រាប់ឱ្យដឹងថា យុវជនសង្ស័យទាំង៤នាក់ រួមមាន ១.ឈ្មោះ កែវ សំណាង អាយុ ១៦ឆ្នាំ រស់នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ ២.ឈ្មោះ ង៉ូវ សម្បត្តិ អាយុ ១៦ឆ្នាំ រស់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។ ៣.ឈ្មោះ ញ៉ សុជាតិ អាយុ ១៧ឆ្នាំ មានទីលំនៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ៤.ឈ្មោះ នួន ទិចណយ អាយុ ១៦ឆ្នាំ រស់នៅភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។ ចំណែកជនរងគ្រោះជនរងគ្រោះឈ្មោះ JOACHIM WALTER អាយុ ៥៧ឆ្នាំ ជនជាតិអាល្លឺម៉ង់ ស្នាក់នៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
សមត្ថកិច្ចបានរម្លឹកថា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ មានករណីហិង្សាដោយក្រុមជនសង្ស័យជាច្រើននាក់បានប្រើកាំបិតកាប់ជនបរទេសម្នាក់ស្ថិតនៅភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពតបំណងប្លន់។ ទោះមិនមានការបាត់បង់ទ្រព្យសម្បត្តិក្តី តែជនរងគ្រោះបានរងរបួសដោយរយះម្រាមដៃកណ្តាល កូនដៃខាងស្តាំ និងរយះបាតដៃខាងឆ្វេង ត្រូវអ្នកភូមិជួយបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យស៊ុនយ៉ាឃៀល ក្រុងបូកគោ។ មន្ត្រីនគរបាលដដែលបានបន្តថា តាមរយ:ហេតុការណ៍នេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាដល់លោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌដឹកនាំកម្លាំងចុះតាមដានដើម្បីកំណត់មុខសញ្ញាក្រុមជនសង្ស័យ។
ក្រោយស៊ើបអង្កេតស្រាវជ្រាវយ៉ាងល្អិតល្អន់ នារំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមេសា សមត្ថកិច្ចក៏ឈានទៅឃាត់ខ្លួនក្រុមជនសង្ស័យបានទាំង៤នាក់តែម្តង។ ជាមួយនឹងការឃាត់ខ្លួនក្រុមនេះ សមត្ថកិច្ចបានរឹបអូសនូវវត្ថុតាងមួយចំនួន ដូចជា កាំបិតប៉័ងតោ១ដើម កាំបិតកាចែតដងឈើ១ដើម និងចម្ពាមកៅស៊ូ១។ ពេលនេះ កម្លាំងជំនាញកំពុងស្វែងរកបក្ខពួកមួយចំនួនទៀតដែលកំពុងគេចខ្លួន៕