កម្សាន្ដ

សមាជិកព្រឹទ្ធសភានិងប្រធានក្រុមប្រឹក្សាខេត្តចូលរួមពិធីរាំបេះ “ផ្កាកកោះ” ជាប្រពៃណីមួយរបស់អ្នកស្រុកស្វាយចេក

ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ ៖ លោកឈើយ ចាន់ណា សមាជិកព្រឹទ្ធសភានិងលោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យកាលពីល្ងាចថ្ងៃទី១៨ខែមេសាឆ្នាំ២០២៤ បានអញ្ជើញចូលរួមសប្បាយរីករាយនិងជូនពរជ័យដល់បងប្អូនមន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋក្នុងពិធីរាំបេះ “ផ្កាកកោះ” ដែលជាប្រពៃណីមួយរបស់អ្នកស្រុកភូមិមួយចំនួននៅស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។

ពិធីនោះបានធ្វើឡើងនៅកណ្តាលវាលស្រែជាប់អាងអន្លង់រូតនិងនៅវត្តវែងឡូវទន្តស្វាយចែក ឃុំស្វាយចេកស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ។
ពិធីរាំបោះផ្កាកកោះរៀបចំឡើងដោយលោកលឿង សុភក្តិ អភិបាលស្រុកស្វាយចេកនិងសហការី លោកងិន សុទ្ធី មេឃុំស្វាយចេកនិងសហគមន៍អ្នកស្រុក ។
រីឯនៅវត្ត បានរៀបចំឡើងដោយព្រះព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស- មេគណខេត្តគណៈមហានិកាយនិងជាព្រះគ្រូចៅអធិការវត្តវេឡុវ័ន្តស្វាយចេក ព្រះមន្ត្រីសង្ឃ ព្រះសង្ឃនិងអ្នកពាក់ព័ន្ធ ។

លោកលឿង សុភក្តិ អភិបាលស្រុកនិងលោកងិន សុទ្ធី មេឃុំបានអោយដឹងថា : ពិធីរាំបេះ “ផ្កាកកោះ” នេះត្រូវបានសហគមន៍នៅតាមភូមិមួយចំនួនក្នុងស្រុកស្វាយចេកតែងប្រាព្ធធ្វើឡើងរាល់ឆ្នាំនៅបន្ទាប់ពីបញ្ចប់ពីបុណ្យឆ្នាំខ្មែរនិងចំពេលដែលវត្តឬភូមិខ្លះត្រូវធ្វើពិធីត្រាសឬឆ្លងវត្ត ឬភូមិក្នុងឱកាសបុណ្យឆ្នាំខ្មែរ។

លោកឈើយ ចាន់ណា សមាជិកព្រឹទ្ធសភានិងលោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានចាប់អារម្មណ័ថា : ពិធីរាំបេះផ្កាកកោះនេះ ថ្វីត្បិតប្រារព្ធធ្វើឡើងនៅតាមភូមិឃុំខ្លះនៅស្រុកស្វាយចេកនេះ ក៏ប៉ុន្តែវាមានទិដ្ឋភាព(អត្ថរូប) ខ្លឹមសារ(អត្ថន័យ)និងតម្លៃ(អត្ថរស)សំខាន់ទាក់ទងជំនឿសាសនា ប្រពៃណីទំនៀមទម្លាប់និងជីវភាពរបស់អ្នកស្រុកដែលប្រកបរបរកសិកម្ម។
ហេតុនេះ ក្នុងនាមស្ថាប័នសាធារណ: ស្ថាប័នឯកជន ក៏អាជ្ញាធរមានសមត្ថកិច្ចច្ចមូលដ្ឋាន លោកសូមចូលរួមអបអរ លើកទឹកចិត្តនិងគាំទ្រអោយថែរក្សា អភិរក្សរបាំនេះបន្តទៀត ហើយអាជ្ញាធរមានសមត្ថកិច្ចតែងតែបង្កលក្ខណ:ងាយស្រួល. បង្កើតបរិយាកាសអោយប្រារព្ធពិធី ក៏ដូចជាជួយការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋអោយប្រាព្ធពិធីរាំបេះផ្កាកកោះនេះ ។

អំពីប្រវត្តិនៃពិធីរាំបេះផ្កាកកោះ គេតែងតែប្រារព្ធពិធីឡើងនៅថ្ងៃត្រាស់ឬឆ្លងភូមិឬតាមទីវត្តអារាមមួយចំនួននៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។គឺ ក្រោយចប់ពិធិបុណ្យចូលឆ្នាំខ្មែរ ។

តេីពិធីបេះ”ផ្កាកកោះ” មានអត្ថន័យយ៉ាងដូចម្តេច ?
លោកតា សុខ ឈួង ចាស់ព្រឹទ្ធចារ្យបនិងជាប្រធានគណកម្មាកាវត្ត កកោះ-កំណប់ ឃុំស្លក្រាមបានឲ្យដឹងថាពិធីបេះ “ផ្កាកកោះ ” គឺជាពិធីបុណ្យដោយឡែកមួយដែលប្រជាពលរដ្ឋនៅ ប៉ែកខាងជេីងនៃខេត្តបន្ទាយមានជ័យ ពិសេសនៅតាមភូមិ ឃុំខ្លះនៅស្រុកស្វាយចេក តែងតែប្រារព្ធធ្វេីនៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ ។
វាមានគោលបំណងសំខាន់២ ៖
១-កាច់បេះកកោះឬរុក្ខជាតិផ្សេងៗយកមកថ្វាយចំពោះព្រះ(សម្មាសម្ពុទ្ធឬព្រះពុទ្ធ)រួចស្រង់ព្រះ(លាងសម្អាត) ។
២-ហែផ្កាប្រាក់ ដែលមានលុយឬអង្គាសបច្ច័យលាយឡំផ្ការុក្ខជាតិព្រៃ ដង្ហែមកក្នុងទីវត្តអារាមដើម្បីកសាងសមិទ្ធផលនានា ។

លោកគ្រូធម្មាចារ្យ ឃុន ចាន់ណារ៉ា គង់នៅវត្ត កកោះ-កំណប់ បានមានសង្ឃដីកាថា:ពីឆ្នាំ២០១៦មក មន្ត្រីជំនាញវប្បធម៌និងសិល្បៈ និងអាជ្ញាធរដែនដីបានស្រាវជ្រាវនិងរៀបរៀង ចងក្រងជាផ្លូវការនូវរបាំ”បេះផ្កាកកោះ” អោយទៅជារបាំប្រពៃណីមួយ។
គឺរៀបចំជាទម្រង់របាំសម្រាប់រាំនិងមានខ្លឹមសារចម្រៀងសម្រាប់ច្រៀងសម្តែងផងដែរ ។

លោកគ្រូធម្មាចារ្យបន្តថា: ទំនៀមទម្លាប់បេះផ្កា កកោះ មានតំណាលថា ក្នុងសម័យថ្ងៃមួយក្នុងពុទ្ធកាល នារដូវប្រាំងម្តុំខែចែត្រនេះ ព្រះសម្មាសម្ពុទ្ធទ្រង់យាងដំណើរកាត់ព្រៃ ដាច់ចង្ហាន់និងទឹក ក៏ជួបមនុស្សនិងសត្វស្វា យកផ្លិតឃ្មុំនិងផ្កាកកោះមកថ្វាយ និងមួយទៀត ទាក់ទិនក្នុងប្រជុំរឿងព្រេងខ្មែរភាគ៣ គឺរឿង”នាងផ្កា ននោង” ដែលតំណាលមកថា : ក្នុងសម័យពុទ្ធកាល ពេលព្រះសមណគោតមទ្រង់បរិនិព្វានទៅព្រះបាទអជាត នៃព្រះចៅនគរមតធៈ បានយកព្រះបរមសរិកធាតុមួយចំណែកទៅបញ្ចុះក្នុងព្រះស្តូបលើទីទួលមួយ។

ក្នុងគ្រានោះកុលធីតា ដែលមានផ្ទះនៅជិតព្រះស្តូបនោះ បានភ្ញាក់ពីព្រលឹមទៅលុបមុខ ក៏បានក្រឡេកទៅឃើញផ្កាននោងររីកស្គុសស្គាយថ្មីៗ នាងមានសេចក្តីជ្រះថ្លា ក៏បានបេះផ្កាននោងនោះ កាន់យកទៅបូជាព្រះបរមសរីរឹកធាតុនៃសក្យមុនីចេតិយនោះ ៕