សន្ដិសុខសង្គម

ម៉ូតូ១៣គ្រឿងបំពាក់ស៊ីម៉ាំងប្រែនៗដែលឃាត់ទុកកាលបុណ្យចូលឆ្នាំថ្មី នគរបាលស្រុកស្វាយចេកកោះហៅយុវជនជាម្ចាស់មកអប់រំនិងយកត្រឡប់

ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ :លោកវរសេនីយ៍ឯក ជា ស្លូញអធិការនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានធ្វើការកោះហៅនិងអប់រំដល់យុវជនជាម្ចាស់ម៉ូតូចំនួន១៣គ្រឿង ដែលបានបំពាក់ខុសលក្ខណៈបច្ចេកទេសនូវស៊ីម៉ាំងបំពងសំឡេងឮប្រែនៗ ។

នគរបាលផ្នែកចរាចរណ៍ផ្លួវគោកនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេកបានឲ្យដឹងថា : ម៉ូតូទាំង១៣គ្រឿងនេះ មានបំពាក់ស៊ីម៉ាំងឮខ្លាំងឬសូរប្រែនៗចំនួន០៨គ្រឿង និងម៉ូតូអត់ហ្រ្វាំងចំនួន០៥ គ្រឿង ។


ម៉ូតូទាំងនេះបានឃាត់ទុកកាលពីក្នុងអំឡុងពេលពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង (ថ្ងៃទី១៣- ១៦ខែមេសាឆ្នាំ២០២៤កន្លងមក) ឱ្យម្ចាស់មកដោះស្រាយ និងយកសម្ភារត្រឹមត្រូវគ្រប់គ្រាន់តាមលក្ខណ: បច្ចេកទេសមកប្តូរវិញ។ក្រោយធ្វើការអប់រំណែនាំរួច បានប្រគល់ជូនទៅម្ចាស់ដើមវិញ ។

នេះជាការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលនគរបាលទាំងអស់ត្រូវបង្ការ បង្ក្រាប រាល់បទល្មើស ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់សង្គមជូនពលរដ្ឋទូទាំងខេត្ត។

លោកអធិការនគរបាលបានព្រមានថា : ទោះយ៉ាងណា បើក្នុងករណីម្ចាស់ម៉ូតូមិនរាងចាល ហើយនៅមានបន្តសកម្មភាពប្រើប្រាស់ ឬបើកបរម៉ូតូ មានបំពាក់គ្រឿងបំពងសំឡេងឮខ្លាំងរំខានគេឯងទៀត នោះសមត្ថកិច្ចមានអង្គហេតុ វត្ថុតាងនិងនីតិវិធីមានចំណាត់ការច្បាប់៕