អន្តរជាតិ

ជនជាតិអាមេរិកម្នាក់ដុតសម្លាប់ខ្លួនឯងនៅខាងក្រៅតុលាការក្នុងពេលសវនាការអតីតប្រធានាធិបតី Donald Trump

ប្រែសម្រួល៖រតនា
យោងតាមរបាយការណ៍ប៉ូលិសទទួលបានដោយទីភ្នាក់ងារ The Post បានឲ្យដឹងថា Max Azzarello ដែលបានដុតខ្លួនឯងនៅខាងក្រៅតុលាការ Manhattan ក្នុងអំឡុងពេលសវនាការ “ស្ងាត់ៗ” របស់អតីតប្រធានាធិបតី Donald Trump កាលពីថ្ងៃសុក្រធ្លាប់មានប្រវត្តិចាប់ខ្លួនពីរដងរួចមកហើយនៅក្នុងរដ្ឋ Florida កាលពីឆ្នាំមុន។

Max Azzarello ត្រូវបានចាប់ខ្លួននៅសង្កាត់ St. Augustine និងបានឃុំខ្លួននៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ ក្រោមបទចោទថាបានរំខានដល់សុខសន្តិភាពរបស់អាមេរិក។ គាត់ត្រូវបានដោះលែងនៅថ្ងៃបន្ទាប់ហើយក្រោយមកក៏ត្រូវបានចាប់ខ្លួនម្តងទៀតនៅថ្ងៃទី ២៤ ខែសីហា ក្រោមបទចោទថាបានបង្កឲ្យខូចខាតទ្រព្យសម្បត្តិសាធារណដែលជាបទល្មើសព្រហ្មទណ្ឌ។

គាត់ត្រូវបានគេចុះបញ្ជីថាជាអ្នកអត់ការងារធ្វើ Azzarello ហើយត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ St. Johns County រហូតដល់ថ្ងៃទី ៣ ខែតុលា នៅពេលដែលគាត់ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារអស់រយៈពេល ១៨០ ថ្ងៃ ហើយក្រោយមកត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ។

កាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៣ គាត់បានបង្ហោះសារលើបណ្តាញសង្គមថា “អស់បីថ្ងៃហើយដែលខ្ញុំខិតខំគ្រប់គ្រងសម្ពាធផ្លូវចិត្តដោយសារតែការទាមទារសិទ្ធិទទួលបានលំនៅឋានមិនត្រូវបានគេអើពើ។

Azzarello ក៏បានបង្ហោះកាលពីបួនខែមុននៅលើ Instagram របស់គាត់ផងដែរថាគាត់បាន “តវ៉ាលើករណីនេះហើយត្រូវគេចោទថាបំពានច្បាប់ដោយសារតែគាត់មិនបានស្នើសុំទៅមេប៉ូលិស St. Augustine ហើយគាត់បានជេរប៉ូលិសថាមិនអើពើនិងអ្នកគ្មានផ្ទះសម្បែងហើយរីករាយនិងការបណ្តេញអ្នកគ្មានផ្ទះសម្បែងចេញដែលគ្មាននរណាម្នាក់អាចចូលរួមជួយខ្ញុំនៅក្នុងរឿងនេះនោះទេតើខ្ញុំត្រូវរំដោះជីវិតរស់នៅចេញពីស្ថានភាពបែបនេះដល់ពេលណា”។

Azzarello ក្នុងអាយុ ៣៧ ឆ្នាំបានរៀបរាប់ពីប្រវត្តិរូបរបស់គាត់តាមអ៊ីនធឺណិតថា “គាត់ជាអ្នកស្រាវជ្រាវស៊ើបអង្កេត” ប៉ុន្តែបើយោងតាមការបង្ហោះសារដ៏ញ៉េរញ៉ៃរបស់គាត់រកយល់មិនឃើញបានបង្ហាញថាគាត់ជាអ្នកពូកែបំប្លែងទ្រឹស្តីដែលខុសពីការពិត។

ប៉ូលិសទីក្រុងញូវយ៉កបាននិយាយថា បន្ទាប់ពីគាត់ត្រូវបានដោះលែងចេញពីមន្ទីរឃុំឃាំងគាត់ក៏បានធ្វើដំណើរមកកាន់ទីក្រុងញូវយ៉កកាលពីសប្តាហ៍មុនតែគ្រួសាររបស់គាត់និយាយថាពួកគេមិនបានដឹងថាគាត់បានធ្វើដំណើរចេញពីរដ្ឋផ្លរីដានោះទេ។

នៅមុនពេលដែលគាត់ដុតខ្លួនឯង Azzarello បានបោះក្រដាសមួយសន្លឹកទៅលើអាកាស ដែលជាព្រឹត្តិបត្រ Substack ហើយគាត់បានហៅវាថា “The Ponzi Papers” ។


ខ្លឹមសារនៅក្នុងអត្ថបទមួយចុងក្រោយរបស់គាត់មានចំណងជើងថា “ខ្ញុំបានដុតខ្លួនឯងនៅខាងក្រៅតុលាការកាត់ក្តីលោក Trump” ។

គាត់បានលើកឡើងអំពីករណីអតីតប្រធានាធិបតី Bill Clinton ដែលគាត់បានព្យាយាមប្តឹងកាលពីឆ្នាំមុននៅក្នុងសំណុំរឿងដ៏ធំមួយតែគាត់មិនបានបញ្ជាក់អំពីប្រធានបទក្នុងសំណុំរៀងនោះទេគាត់ថា Clintonបានសមគំនិតជាមួយមនុស្សជំនិតជាង ១០០ នាក់ផ្សេងទៀតករណីនេះត្រូវបានគេបំភ្លេចចោលយ៉ាងឆាប់រហ័ស។

គាត់សរសេរថា “ការដុតខ្លួនឯងនេះគឺជាការតវ៉ាដ៏ធ្ងន់ធ្ងរមួយដើម្បីទាក់ទាញនូវការយកចិត្តទុកដាក់ឲ្យមានការរកឃើញជាបន្ទាន់លើករណីដ៏សំខាន់មួយ៖ ថាយើងជាជនរងគ្រោះនៃរបបផ្តាច់ការ ហើយរដ្ឋាភិបាលរបស់យើងផ្ទាល់រួមជាមួយសម្ព័ន្ធមិត្តជាច្រើនរបស់ពួកគេនឹងធ្វើរដ្ឋប្រហារដើម្បីត្រួតត្រាពិភពលោកដ៏ហ្វាស៊ីសនិយមមួយ”។

នៅក្នុងកំណត់ត្រាចាប់ខ្លួន Azzarello ត្រូវបានគេចុះបញ្ជីថាជាអ្នកស្រុករស់នៅក្នុងសង្កាត់ St. Augustine រដ្ឋ Floridaសហរដ្ឋអាមេរិក។

ក្រុមមន្ត្រីប៉ូលីសបានអះអាងថាការដុតខ្លួនឯងរបស់ Azzarelloគឺជាករណីធ្វើអត្តឃាត៕
ប្រភព៖ NEW YORK POST