កម្សាន្ដ

រដ្ឋបាលស្រុកទឹកឈូមានមោទកភាពខ្ពស់ចំពោះជោគជ័យនៃសង្ក្រាន្តនៅឆ្នេរកោះស្មៅ

ដោយ៖ កំចាយ

កំពត÷ ក្រោយបញ្ចប់ពិធីចូលឆ្នាំប្រកបដោយភាពជោគជ័យ ថ្នាក់ដឹកនាំនៃរដ្ឋបាលស្រុកទឹកឈូបានសម្តែងនូវក្តីមោទក:ចំពោះការរៀបចំសង្ក្រាន្តនៅឆ្នេរកោះស្មៅដែលទទួលភ្ញៀវជិតឆ្ងាយបានយ៉ាងច្រើនកុះករ។ កិច្ចសហការល្អលើការងាររក្សាអនាម័យបរិស្ថាន សណ្តាប់ធ្នាប់ របៀបរៀបរយពីគ្រប់ផ្នែកពាក់ព័ន្ធជាចលករដ៏សំខាន់ដែលនឹងជំរុញដល់អាជ្ញាធរបង្កើតព្រឹត្តិការណ៍សប្បាយៗនៅឆ្នេរកោះស្មៅបន្តទៀត។

លោក អុឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូបានមានប្រសាសន៍ថា រដ្ឋបាលស្រុកពិតជាមានមោទកភាពចំពោះការរៀបចំសង្ក្រាន្តទឹកឈូនៅឆ្នេរខ្សាច់កោះស្មៅដែលភ្ញៀវជិតឆ្ងាយបានមកចូលរួមសប្បាយជាមួយគ្នាអំឡុងពេល៤ថ្ងៃកន្លងទៅនេះ។ សង្ក្រាន្តលើឆ្នេរកោះស្មៅកើតឡើងជាការបង្ហាញនូវក្តីដឹងគុណពីរបស់អាជ្ញាធរស្រុកទឹកឈូចំពោះស្ថាបនិកឆ្នេរខ្សាច់កម្សាន្តគឺលោក ម៉ៅ ធនិន ដែលពោរពេញដោយគំនិតឈ្លាសវៃក្នុងការកែប្រែទីតាំងមិនធ្លាប់មានចំណាប់អារម្មណ៍ឲ្យក្លាយជាតំបន់ដ៏ទាក់ទាញសម្រាប់ទេសចរមកលម្ហែកម្សាន្តរៀងរាល់ថ្ងៃ។ លោកអភិបាលស្រុកបានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរស្រុក លោកសូមអំពាវនាវដល់គ្រប់ផ្នែកពាក់ព័ន្ធចូលរួមរក្សាអនាម័យបរិស្ថាន សណ្តាប់ធ្នាប់ របៀបរៀបរយដើម្បីមានលទ្ធភាពបង្កើតព្រឹត្តិការណ៍សំខាន់ៗនៅឆ្នេរកោះស្មៅនាពេលខាងមុខបន្តបន្ទាប់ទៀត។ បច្ចុប្បន្ន រដ្ឋបាលស្រុកទឹកឈូមានកិច្ចសហការល្អជាមួយក្រុមហ៊ុនកំពតហ្គ្រីនក្នុងការសម្អាតអនាម័យជាប្រចាំ។

លោក សួន សុភ័ក្ត នាយកក្រុមហ៊ុនកំពតហ្គ្រីនបានប្រាប់ឱ្យដឹងថា បញ្ហាអនាម័យបរិស្ថានជាការយកចិត្តទុកដាក់ដ៏ចម្បងរបស់ក្រុមហ៊ុនកំពតហ្គ្រីនស្របតាមការណែនាំពីលោកអភិបាលខេត្តកំពត។ អំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីដែលមានភ្ញៀវមកលេងយ៉ាងច្រើននោះ លោកបានបង្កើនទាំងរថយន្ត ឧបករណ៍សម្ភារ ព្រមទាំងកម្លាំងកម្មកររហូតដល់ជាង៨០នាក់ដើម្បីសម្អាត ប្រមូល ក៏ដូចជាដឹកសំរាមក្នុងក្រុងកំពត និងស្រុកទឹកឈូកុំឲ្យកកស្ទះ។ លោកនាយកក្រុមហ៊ុនបានបញ្ជាក់ថា រាល់ពេលបុណ្យទានម្តងៗ កម្លាំងកម្មកររបស់លោកបានចាប់ផ្តើមសម្អាតតាំងពីម៉ោង៣រំលងអធ្រាត្រដោយមិនបណ្តែតឲ្យមានសំរាមបន្សល់ទុកដល់ភ្លឺឡើយ៕