ដោយ÷សុខុម
ភ្នំពេញ÷ មន្ទីរប្រឆាំងគ្រឿងញៀននៅថ្ងៃទី១៩មេសា២០២៤ បានបង្ហាញមុខជនសង្ស័យ ជនជាតិចិនម្នាក់ជាមួយគ្រឿងញៀនមួយចំនួន ក្រោយពីបង្ក្រាបបាន។
ផេកផ្លូវការមន្ទីរប្រឆាំងគ្រឿងញៀន បានសរសេរថា បន្ទាប់ពីបានទទួលព័ត៌មានពីនគរបាលកូរ៉េ ពីមុខសញ្ញាជួញដូរគ្រឿងញៀន ដែលមាននិវេទន៍ក្រហមនគរបាលអន្តរជាតិ។ មន្ទីរប្រឆាំងគ្រឿងញៀន បានចាត់កម្លាំងជំនាញអោយធ្វើការស៊ើបអង្កេតចាប់តាំងពីដើមខែមីនា អស់រយៈពេលជាងមួយខែ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ កម្លាំងជំនាញ (ក១) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរនិងលោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យរដ្ឋបាលសរុប ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈានទៅចាប់ខ្លួនជនសង្ស័យ (មាននិវេទន៍ក្រហមនគរបាលអន្តរជាតិ) នៅចំណុចតាមបណ្តោយ ផ្លូវ២៤២ សង្កាត់វាលវង់ ខណ្ឌ៧មករា និងឆែកឆេរទីតាំងស្នាក់នៅរបស់ជនល្មើស នៅចំណុចខុនដូ អិល បឹងកេងកង៣ ផ្លូវលេខ៣៩៦ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ LI MINGXUE ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៨៦ កាន់លិខិតឆ្លងដែនលេខ : E12725171។
វត្ថុតាងចាប់យកបានរួមមាន៖
១. គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៧០២,៧៩ក្រាម
២. គ្រឿងញៀនប្រភេទកេតាមីន ទម្ងន់ ៣,៥៨ ក្រាម
សរុបគ្រឿងញៀនចាប់យក ទម្ងន់ ៧០៦,៣៧ក្រាម។
ជនសង្ស័យខាងលើ ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕