ដោយ៖ បន្ទាយ
បន្ទាយមានជ័យ ៖កម្លាំងចម្រុះនៅខេត្តបន្ទាយមានជ័យនិងស្រុកម៉ាឡៃ បានឆ្មក់ឃាត់ទប់ស្កាត់ ពលរដ្ឋខ្មែរបម្រុងឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃបានចំនួន៣០០នាក់ ដែលប្រតិបត្តិការនោះធ្វើនៅក្នុងភូមិសាស្ត្រព្រំដែននៃស្រុកម៉ាឡៃ កាលពីវេលាម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ។
កម្លាំងនគរបាលអះអាងថា ក្រោយស្ទាក់ឃាត់ខ្លួន សមត្ថកិច្ចបានយកពលករទាំងនោះមកអប់រំ ណែនាំ ធ្វើកិច្ចសន្យានិងឲ្យវិលត្រឡប់ទៅលំនៅឋានវិញ ហើយបើចង់ទៅរកការងារធ្វើនៅប្រទេសថៃ ឬប្រទេសណាក៏ដោយ សូមទៅដោយស្របច្បាប់តាមរយ:ទីភ្នាក់ងាររដ្ឋនិងក្រុមហ៊ុននាំពលករដែលក្រសួងអនុញ្ញាត ឬមានអាជ្ញាប័ណ្ណ ។
មន្ត្រីនគរបាលឲ្យដឹងនាថ្ងៃទី១៩ខែមេសាថា: អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងចម្រុះមានដូចជា៖ ជំនាញការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានសហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ បានឆ្មក់ឃាត់ទប់ស្កាត់ពលរដ្ឋខ្មែរត្រៀមឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ បានចំនួន៣០០នាក់ យកមកអប់រំ។
ប្រតិបត្តិការនេះ ដឹកនាំបង្ការទប់ស្កាត់ ដោយលោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ កម្លាំងអធិការនគរបាលស្រុកម៉ាឡៃ កម្លាំងយោធាផ្នែកសឹករង។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ពលករចំនួន៣០០នាក់ ក្នុងនោះស្រី១៥៤នាក់ កុមារ២៦នាក់។
យោងការធ្វើសម្ភាសន៍ ពលរដ្ឋឬពលករទាំងនោះ មកពីបណ្ដាខេត្តនានាមានដូចជា៖ ខេត្តកំពង់ចាម កំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ ព្រៃវែង កំពង់ធំ ឧត្តរមានជ័យ សៀមរាបនិងខេត្តបន្ទាយមានជ័យផងដែរ។
មន្ត្រី កងកម្លាំងនិងអាជ្ញាធរដែនដីបានការអប់រំណែនាំ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចបានឲ្យពួកគាត់ត្រឡប់ទៅគេហដ្ឋានវិញ ហើយបើចង់ទៅរកការងារធ្វើនៅប្រទេសថៃ ឬប្រទេសណាក៏ដោយ សូមទៅដោយស្របច្បាប់តាមរយ:ទីភ្នាក់ងាររដ្ឋនិងក្រុមហ៊ុននាំពលករដែលក្រសួងអនុញ្ញាតឬមានអាជ្ញាប័ណ្ណ ៕