សន្ដិសុខសង្គម

អ្នកភូមិជាង១០នាក់ពុលនំបញ្ចុក

ដោយ៖ សុខុម
ក្រចេះ ៖ ប្រជាពលរដ្ឋប្រុស-ស្រីចាស់ក្មេងជាង១០នាក់កើតអាការក្អួតចង្អោរ រាករូសអស់កម្លាំងល្ហិតល្ហៃដៃជើង ក្រោយពីទទួលទាននំបញ្ចុក ដែលហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។


អ្នកភូមិបាននិយាយថា៖ ប្រជាពលរដ្ឋទាំងនោះ ពួកគាត់បានទិញនំបញ្ចុកដែលលក់នៅតាមភូមិយកទៅទទួលទានកាលថ្ងៃទី១៨ មេសា ហើយក្រោយទទួលទាននំបញ្ចុកនោះរួចប៉ុន្មានម៉ោង ក៏ស្រាប់តែមានអាការក្អួតចង្អោរ រាក អស់កម្លាំង។

បន្ទាប់ពីមានអាការបែបនេះ អ្នកភូមិឈឺទាំងអស់ ត្រូវបានគេបញ្ជូនទៅមណ្ឌលសុខភាពនៅមូលដ្ឋាន នៅតែមិនប្រសើរឡើង ក៏បញ្ជូនបន្តទៅមណ្ឌលសុខភាពស្រុកសំបូរ ខេត្តក្រចេះ ។

លោកវេជ្ជបណ្ឌិត ផាត់ តុលា ប្រធានមណ្ឌលសុខភាពស្រុកសំបូរបានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ មេសានេះថា៖ ក្រោយពីមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ អាការពួកគាត់ប្រសើរឡើងវិញហើយ ។ មិនទាន់ដឹងថា ជាករណីពុល ឬយ៉ាងណាពិតប្រាកដនៅឡើយទេ។ រង់ចាំលទ្ធផលធ្វើតេស្តសំណាកពីក្រុមគ្រូពេទ្យជំនាញសិន។

លោកផាន់តុលាបាននិយាយបន្តថា ពួកគាត់មានអាការក្អួតចង្អោរ និងរាក ក៏អាចរួមផ្សំនឹងអាកាសធាតុក្តៅខ្លាំងផង ។ដូច្នេះយើងមិនទាន់អាចសន្និដ្ឋានបានថា មកពីករណីអ្វីពិតប្រាកដនៅឡើយទេ ។ អ្នកភូមិដែលឈឺនោះ ហាក់មានសភាពធូរស្រាលធម្មតាវិញហើយ៕