អន្តរជាតិ

ប្រមុខFBIព្រមានក្រុម Hackerចិនវាយលុកអ៊ីនធឺណិតសំដៅលើការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អាមេរិក

ប្រែសម្រួល៖​ស-សម្បត្តិ

លោក Christopher Wray នាយក FBI បានព្រមានថាក្រុម Hackerដែលជាបណ្តាញរបស់ចិនបានវាយលុកចូលក្នុងប្រព័ន្ធអ៊ីនធឺណិតផ្នែកបច្ចេកវិទ្យាលើគ្រប់វិស័យនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់សហរដ្ឋអាមេរិក ហើយបានកំណត់គោលដៅលើទីតាំងនីមួយៗដើម្បីវាលុកចូលក្នុងប្រព័ន្ធ “ប្រកបដោយប្រសិទ្ធភាព” ។

លោក Wrayបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូល Vanderbilt ឆ្នាំ ២០២៤ ស្តីពីជម្លោះក្នុងសម័យទំនើបកម្មផ្នែកបច្ចេកវិទ្យាបង្កឲ្យមានការគំរាមកំហែងកើតឡើងដ៏គួឲ្យព្រួយបារម្ភបំផុត។ លោកបានគូសបញ្ជាក់ថា ការិយាល័យអាជ្ញាធរសហព័ន្ធបាននិងកំពុងខឹតខំបំពេញតួនាទីផ្តល់កិច្ចគាំពានៅពីក្រោយឆុតឆាកនេះដើម្បីទប់ទល់នឹងការគំរាមកំហែងដែលនឹកស្មានមិនដល់ “មកលើយើងនៅក្នុងកាល:ទេស:បែបនេះ” ។

ប្រមុខFBIបានអះអាងថា “សាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនប្រកាន់ខ្ជាប់នូវគោលជំហរប្រកួតប្រជែងជាមួយអាមេរិកលើគ្រប់វិស័យដើម្បីផ្លាស់ផ្តូរសណ្តាប់ធ្នាប់ពិភពលោក” ។

“ផែនការរបស់ ចិន គឺបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អាមេរិក ដើម្បីបង្កឲ្យមានហានិភ័យ និងបំបែកឆន្ទៈពលរដ្ឋអាមេរិកឲ្យចុះខ្សោយក្នុងការទប់ទល់នឹងសង្គ្រាមបច្ចេកវិទ្យាក្នុងសម័យទំនើប”។

លោក Wray ប្រមុខFBIបានសង្កត់ធ្ងន់ថា ប្រទេសចិនចាប់អារម្មណ៍លើវិធានការវាយបកសម្រាប់ “ជម្លោះរវាងចិន និងតៃវ៉ាន់ដែលទំនងនឹងកើតឡើងនៅក្នុងឆ្នាំ ២០២៧”។

ក៏ដូចគ្នានិងក្រុមមន្ត្រីអាមេរិកកំពូលៗជាច្រើនផងដែរ លោក Wray បានក្រើនរំលឹកថា ប្រទេសចិនបានធ្វើការយ៉ាងសកម្មដោយស្ងៀមស្ងាត់ដើម្បីលួចចម្លង “កម្មសិទ្ធិបញ្ញា បច្ចេកវិទ្យា និងការស្រាវជ្រាវ” ពីយើងស្ទើរតែគ្រប់វិស័យឧស្សាហកម្មធំៗរបស់អាមេរិក រួមទាំងប្រតិបត្តិករបំពង់បង្ហូរប្រេងចំនួន ២៣ ផងដែរ។

លោកបានថ្លែងថា “ជាការពិតគឺថា ការកំណត់គោលដៅរបស់ សាធារណរដ្ឋប្រជាមានិតចិន លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់យើង គឺមានវិសាលភាពទូលំទូលាយដែលយើងមិនបានចាប់អារម្មណ៍។ចិន “កំពុងប្រើប្រាស់របាំងមុខវាយលុកពេញសមត្ថភាពធ្វើឲ្យខូចទ្រង់ទ្រាយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់យើង” ។

ប្រមុខFBIបានលើកយកឧទាហរណ៍មួយរបស់Hacker ដែលជាបណ្តាញរបស់ចិន បានវាយលុកតាមអ៊ីនធឺណិតសំដៅលើការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ជាជាងលួចយកទិន្នន័យហិរញ្ញវត្ថុ។

នាយកFBIបានគូសបញ្ជាក់ថា “ពួកគេចំណាយពេលត្រឹមតែ ១៥ នាទីដើម្បីលួចយកទិន្នន័យទាក់ទងនឹងប្រព័ន្ធគ្រប់គ្រង និងប្រព័ន្ធត្រួតពិនិត្យដោយមិនអើពើនឹងលើព័ត៌មានទាក់ទងនឹងទិន្នន័យហិរញ្ញវត្ថុ ឬអាជីវកម្ម សកម្មភាពនេះគឺធ្ងន់ធ្ងរជាងការលួចទិន្នន័យសេដ្ឋកិច្ច”។

ដើម្បីប្រយុទ្ធប្រឆាំងនឹងគម្រោងការជ្រៀតចូលតាមប្រព័ន្ធអ៊ីនធឺណិតរបស់ចិន ស្ថាប័នអនុវត្តច្បាប់កំពូលរបស់យោធា និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កំពុងសហការគ្នាដើម្បីស្វែងរកគោលដៅទាំងនេះ និងរារាំងពីការវាយប្រហារប្រកបដោយសក្តានុពល”។

“យើងទទួលបានបទពិសោធជាលទ្ធផលឃើញថាល្អបំផុតចំពោះក្រុមហ៊ុនមួយដែលបានបង្កើតខ្សែចង្វាក់ទាក់ទងមកកាន់ការិយាល័យ FBI នៅតាមទីតាំងរបស់ពួកគេ សូម្បីតែនៅមុនពេលមានការរាយការណ៏អំពីបញ្ហាណាមួយដែលនឹងកើតឡើងក៏ដោយ ពីព្រោះវាជួយអ្នករាល់គ្នាគ្រប់គ្រងនៅលើគោលដៅវាយប្រហារលើប្រព័្ធអ៊ីនធឺណិតនេះគឺជាការរួមចំណែកមួយរបស់ក្រុមហ៊ុន” ។

លោកប្រធានាធិបតី Biden បានខិតខំស្វែងរកទំនាក់ទំនងប្រកបដោយភាពកក់ក្តៅជាមួយប្រទេសចិន ហើយបានជំរុញឲ្យមាន “ការប្រកួតប្រជែងដែលមានការគ្រប់គ្រងប្រកបដោយសុចរិតភាព” ទៅវិញទៅមករវាងប្រទេសមាហាអំណាចទាំងពីរ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីដើមឆ្នាំនេះបានរាយការណ៏មកថា លោក Wray បានចេញការព្រមានស្រដៀងគ្នានេះដល់សមាជិកសភាអាមេរិកនៅក្នុងអំឡុងពេលធ្វើសវនាការជាមួយនិងគណៈកម្មាធិការសភាទទួលបន្ទុកកិច្ចការប្រទេសចិន។

លោក Wray បានរំលឹកថា ពួក Hacker របស់ចិន បានវាយលុកលើប្រព័ន្ធអគ្គិសនី បណ្តាញបំពង់បង្ហូរប្រេង និងឧស្ម័នធម្មជាតិ ប្រព័ន្ធដឹកជញ្ជូន រោងចក្រប្រព្រឹត្តកម្មទឹកស្អាតរបស់អាមេរិក និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់សហរដ្ឋអាមេរិកជាច្រើនទៀត៕